
សកម្មជនធនធានធម្មជាតិ ជិះល្បាតព្រៃឡង់ក្នុងខេត្តព្រះវិហារ កាលពីចុងឆ្នាំ២០២១។ រូបថត USAID
ភ្នំពេញៈ គម្រោងឥណទានកាបូនរួមគ្នា រេដបូក (JCM REDD+) នឹងធ្វើឱ្យកម្ពុជាអាចបន្តអភិរក្សតំបន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់ ខណៈដែលគម្រោងនេះត្រូវបានផ្សព្វផ្សាយជាង ៥០ ភូមិ នៅតំបន់គោលដៅនៅជុំវិញដែនជម្រកសត្វព្រៃ-ព្រៃឡង់ និងជួយជីវភាពសហគមន៍បានចំនួន ៦ ភូមិ ក្នុងខេត្តកំពង់ធំ។
នេះបើយោងតាមលទ្ធផល នៃសិក្ខាសាលា បូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០២៣ នៃគម្រោងអភិរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង់នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
លោក អ៊ុំ សូនី នាយកប្រចាំប្រទេស និងជាតំណាងអង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងឥណទានកាបូនរួមគ្នា រេដបូកនេះ គឺប្រទេសកម្ពុជាបានអនុវត្តនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់ទាំងមូលគិតមកដល់ឆ្នាំ២០២៣នេះ ខណៈដែលមានការចូលរួមអនុវត្តយ៉ាងពេញលេញពីបណ្ដាខេត្តទាំង៤ ដែលមានតំបន់ព្រៃឡង់។
បើទោះបីជាដំណាក់កាលទី១ មិនទាន់បញ្ចប់ក៏ដោយ ប៉ុន្តែលោកសូនី សង្ឃឹមថា វាអាចនឹងបានលក់នូវឥណទានកាបូន ដើម្បីរកចំណូលបន្ថែមសម្រាប់គាំទ្រការងារក្នុងការអភិរក្ស ធនធានធម្មជាតិ និងជីវចម្រុះ ជាពិសេស បានលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានដែលរស់នៅក្នុងខេត្តទាំង៤នេះរួមមានខេត្តក្រចះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ។
គោលបំណងសំខាន់នៃគម្រោងឥណទានកាបូនរួមគ្នា រេដបូក (JCM REDD+) នៅតំបន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់ គឺកាត់បន្ថយការបាត់បង់នូវព្រៃឈើ ហើយដើម្បីកាត់បន្ថយការបាត់បង់នេះបានគឺត្រូវបញ្ឈប់សកម្មភាពការកាប់ទន្ទានរានយកដី ដោយការកាប់បំផ្លាញព្រៃឈើ ហើយដើម្បីសម្រេចគោលដៅនេះបាន គឺទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ។
លោក អ៊ុំ សូនី បានថ្លែងថា៖ «កម្មវិធីឥណទានកាបូនរួមគ្នា រេដបូក បាននិងកំពុងអនុវត្តទាន់ពេលវេលាដើម្បីអភិរក្សដែនជម្រកសត្វព្រៃព្រៃ-ព្រៃឡង់ ដែលជាប្រព័ន្ធអេកូឡូស៊ីព្រៃឈើ តំបន់ទំនាបដ៏ល្អមួយនៅតំបន់អាស៊ីអាគ្នេយ៍»។
ខណៈដែលបទល្មើសនៃការកាប់បំផ្លាញព្រៃឈើបច្ចុប្បន្ននេះ នៅតែបន្តកើតមាន ហេតុដូច្នេះ ត្រូវការការប្តេជ្ញាចិត្ត និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអាចការពារតំបន់ព្រៃឡង់។ នេះជាការបញ្ជាក់របស់លោក សូនី។ លោកបន្តថា ប្រសិនបើបាត់បង់នូវតំបន់ព្រៃឡង់ទាំងនេះ ប្រទេសកម្ពុជានឹងមានបញ្ហាច្រើន នៅតាមបណ្ដាសហគមន៍មូលដ្ឋានខាងក្រោមជាច្រើនត្រូវរងគ្រោះ ជាពិសេសហគមន៍ដែលរស់នៅតំបន់បឹងទន្លេសាប។
ជាមួយគ្នានេះ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា តំបន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់នេះ គឺជាតំបន់ទំនាបដែលមានទំហំធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះកម្ពុជាគឺមានកាតព្វកិច្ចមួយ ក្នុងការអភិរក្សតំបន់ដែនជម្រកនេះឱ្យបានគង់វង្ស ដើម្បីធានាផ្ដល់នូវប្រព័ន្ធអេកូឡូស៊ី ជួយក្នុងការទប់ស្កាត់បញ្ហាទឹកជំនន់ផ្សេងៗ និងគ្រោះថ្នាក់រាំងស្ងួតផងដែរ។
មួយវិញទៀត តំបន់ដែនជម្រកសត្វព្រៃឡង់-ព្រៃឡង់ ក៏ជាអាងស្ដុកទុកឥណទានកាបូនមួយយ៉ាងធំ នៅពេលអាចរក្សាព្រៃឈើទាំងនោះបាន គឺវានឹងផ្ដល់ឥណទានកាបូនយ៉ាងច្រើន ដែលអាចយកទៅលក់ ដើម្បីបានថវិកាយកមកអភិរក្សធនធានធម្មជាតិ និងជួយដល់ជីវភាពសហគមន៍មូលដ្ឋាន។
លោកបន្តថា បន្ទាប់ពីបានអនុវត្តគម្រោងដំណាក់កាលទី១មក គឺមើលឃើញតំបន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់ មានបញ្ហាប្រឈមច្រើនទាក់ទងនឹងការបាត់បង់ព្រៃឈើ និងគម្របព្រៃឈើ ហេតុនេះក្នុងដំណាក់កាលទី២នេះ គឺត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅក្នុងការងារអភិរក្ស ដើម្បីធានាក្នុងការអនុវត្តគម្រោង និងទទួលបានឥណទានកាបូនច្រើន។
លោក សៅ សុភាព មានប្រសាសន៍ថា៖«យើងត្រូវធ្វើយ៉ាងណាជំរុញការងារការពារ និងអភិរក្សតាមរយៈការដើរល្បាត ការបង្ក្រាប ក៏ដូចជាទប់ស្កាត់នូវបទល្មើសធនធានធម្មជាតិទាំងអស់នៅក្នុងតំបន់ព្រៃឡង់ ហើយទន្ទឹមនឹងនោះ ក៏យើងជួយជំរុញការងារកសាងជីវភាពសហគមន៍ ដើម្បីឱ្យពួកគាត់ទទួលបានផលហើយ អាចកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិក្នុងដែនជម្រកព្រៃឡង់របស់យើង»។
បន្ថែមពីនេះទៀត លោកថា ចំណុចដែលភាគីពាក់ព័ន្ធត្រូវធ្វើបន្តទៀត គឺការកំណត់បែងចែកតំបន់ដែលជាការគ្រប់គ្រងក្នុងការអភិរក្ស ហើយការបែងចែកតំបន់នេះ នឹងត្រូវអនុលោមទៅតាមច្បាប់ស្ដីពីតំបន់ការពារធនធានធម្មជាតិឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមសិក្ខាសាលាស្តីអំពី «បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នៃគម្រោងអភិរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង់» បានឱ្យដឹងថា គម្រោងអភិរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង់ ត្រូវបានអង្គការអភិរក្សអន្តរជាតិ សម្របសម្រួល និងកៀរគរដៃគូអភិវឌ្ឍន៍ក្នុងនោះមាន ក្រុមហ៊ុនមីតស៊ុយ (Mitsui & Co., Ltd) ប្រទេសជប៉ុន ចូលវិនិយោគផ្នែកហិរញ្ញវត្ថុរយៈវែងសម្រាប់គាំទ្រដល់ការការពារដែនជម្រកសត្វព្រៃ-ព្រៃឡង់។
សម្រាប់ដំណាក់កាលទី១អនុវត្តគម្រោងអភិរក្សព្រៃឈើ តំបន់ព្រៃឡង់ រយៈពេល៣ឆ្នាំ (២០១៨-២០២១) ហើយសម្រាប់ដំណាក់កាលទី២ មានរយៈពេល៦ឆ្នាំ គឺចាប់ពីឆ្នាំ២០២១ ដល់២០២៦ ដែលបានចុះកិច្ចព្រមព្រៀងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រវាងក្រសួងបរិស្ថាន ក្រុមហ៊ុនមីតស៊ុយ(Mitsui & Co., Ltd)និងអង្គការអភិរក្សអន្តរជាតិប្រចាំប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ផ្ទៃដីដែនជម្រកសត្វព្រៃ-ព្រៃឡង់ មានចំនួនសរុប ៤៣១ ៦៨៣ហិកតា ក្រោយពីការកាត់ឆ្វៀលផ្ទៃដីទៅគម្រោងរេដបូកនៅសល់ផ្ទៃដីតែ ៣១៣ ៤០៦,៣៥ហិកតា សម្រាប់ការអនុវត្តគម្រោងឥណទានកាបូនរួមគ្នា រេដបូកព្រៃឡង់ ក្នុងរយៈពេល១៣ឆ្នាំ (២០១៨-២០៣១) ដែលមានកិច្ចព្រមព្រៀងទ្វេភាគីរវាងរាជរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០១៥ (ភូមិសាស្រ្តខេត្តកំពង់ធំ ៩០ ៤២២,៨៦ហិកតា ខេត្តព្រះវិហារ ៤៦៦៣៧,២២ហិកតា ខេត្តក្រចេះ ៧៨ ២៣៩,៦៩ហិកតា និងខេត្តស្ទឹងត្រែង៩៨ ១០៦,៥៨ហិកតា) ដោយមានភូមិគោលដៅសរុប ៤៩ភូមិ ក្នុងនោះខេត្តកំពង់ធំ ចំនួន១៥ភូមិ ខេត្តព្រះវិហារ ចំនួន១៥ភូមិ ខេត្តក្រចេះ ចំនួន៥ភូមិ និងខេត្តស្ទឹងត្រែង ចំនួន១៤ភូមិ៕