​ភ្នំពេញៈ លោក​ ព្រុំ សុខា រដ្ឋមន្ត្រី​ក្រ​សួង​មុខងារសាធារណៈ បាន​ជំរុញឱ្យមាន​យុទ្ធសាស្ត្រ​កែទម្រង់រដ្ឋបាល​សា​​ធា​រណៈ​ដើម្បី​បន្ត​កសាង​អភិវឌ្ឍន៍​សមត្ថ​ភាព​ធនធានមនុស្ស និង​ស្ថាប័ន​សំដៅ​ឆ្លើយតប​នឹង​ការវិវឌ្ឍ​រីកចម្រើន​ក្នុង​យុគសម័យ​ឌីជីថល ខណៈ​ក្រសួង​បានបង្ហាញ​សមិទ្ធផល​ការងារ​មួយចំនួន​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កន្លងមកនេះ​។​

​នៅ​ថ្ងៃទី ​២១ ខែមីនា ឆ្នាំ ​២០២៣ ក្រសួង​មុខងារសាធារណៈ បានរៀបចំ​ពិធី​បើក​សន្និបាត​បូកសរុប​សមិទ្ធផល​ការងារ​រយៈពេល ​៥ ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០១៨ ​ដល់​ឆ្នាំ​ ២០២២ និង​លើក​ទិសដៅ​បន្ត​។ កម្មវិធី​នេះ មានការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលបំណង​បង្ហាញ​បេសកកម្ម និង​ភារកិច្ច ដែល​ក្រសួង​សម្រេចបាន​ក្នុង​ការងារ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ​របស់ខ្លួន​។​

​ក្រសួង​មុខងារសាធារណៈ​បានប្រកាសថា ក្រសួង​បាន​ខិតខំ​ពុះពារ​សម្រេចបាន​សមិទ្ធ​ផល​សំខាន់ៗ​ជាច្រើន ដូចជា ការគ្រប់គ្រង​វិស័យ​មុខ​ងារ​សាធារណៈ​ត្រូវបាន​កែលម្អ​ជា​លំដាប់​តាមរយៈ​ការត្រួតពិនិត្យ​ចំណុច​ឆកល្វែង ចន្លោះប្រហោង​ដែល​នៅ​សេសសល់​ក្នុង​នីតិវិធី​នៃ​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​នានា​កន្លងមក ដោយបាន​សិក្សា​លើ​ការធ្វើ​វិសោធន​កម្ម​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល និង​បាន​កែសម្រួល កែលម្អ​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន និង​រៀបចំតាក់តែង​លិ​ខិ​តូ​បក​រណ៍​ថ្មី​។​

​ជាមួយគ្នា​នោះ​ក្រសួង​បានរៀបចំ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្តីពី​ការ​ប្រ​ឡង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល ដែល​កំពុង​ត្រូវបាន​ជំរុញ​បញ្ចប់​ដំណើរការ​ពិគ្រោះ​យោបល់ ដើម្បី​ដាក់​ឆ្លង​ការ​ពិនិត្យ​សម្រេច​របស់​គណៈរដ្ឋមន្ត្រី ខណៈ​ក្រសួង​ក៏បាន​បញ្ចប់​ការសិក្សា​គម្រោង​មូលនិធិ​គាំពារ​សុខុមាលភាព​មន្ត្រីរាជកា​រ​ដើម្បី​ស្នើសុំ​គោលការណ៍​សម្រេច​ពី​រាជរដ្ឋាភិបាល​ផងដែរ​។​

​ទន្ទឹមនឹងនោះ ក្រសួង​មុខងារ​សា​ធា​រណៈ​បាន​ប្រមូលផ្តុំ​បង្កើន​សមត្ថ​ភាព​អភិវឌ្ឍន៍​ផ្នែក​រឹង និង​ផ្នែក​ទន់​នៃ​ប្រព័ន្ធគ្រប់គ្រង​មន្ត្រីរាជការ​តាម​ព័​ត៌​មាន​វិទ្យា ​(HRMIS)​ និង​បាន​យកចិត្ត​ទុកដាក់​ពង្រឹង​អធិការកិច្ច​មុខងារសាធារណៈ និង​បាន​ពង្រីក​ទំនាក់​ទំនង​អន្តរជាតិ​លើ​វិស័យ​មុខងារ​សា​ធា​រណៈ​ទៀតផង​។​

​ក្រសួង​បាន​បញ្ជាក់ថា​៖ «​ការកែសម្រួល​រចនាសម្ព័ន្ធ និង​ការកំណត់​ឡើងវិញ​មុខងារ​របស់​អង្គភាព និង​ស្ថាប័ន​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដើម្បី​សម្រួល​សង្គតិភាព​សកម្ម​ភាព និង​ប្រសិទ្ធភាព​ការងារ​។ គណៈ​​ក​ម្មា​ធិ​ការកែទម្រង់រដ្ឋបាល​សាធារណៈ និង​រចនាសម្ព័ន្ធ​ជា​យន្តការ​គាំទ្រ​ត្រូវ​បានរៀបចំ​កែសម្រួល​បំពេញបន្ថែម​ឱ្យស្រប​តាម​គោលនយោបាយ​កែទម្រង់​របស់​រាជរដ្ឋាភិបាល​»​។​

​ក្រៅពីនេះ នៅ​ទីស្តីការក្រសួង​មុខងារ​សាធារណៈ ក៏បាន​រៀបចំ​កែសម្រួល​រចនាសម្ព័ន្ធ និង​តួនាទី​ភារកិច្ច​របស់​អង្គភាព​ចំណុះ​ក្រសួង​ដោយបាន​បង្កើត​ថ្មី​នូវ​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ ​(​នាយកដ្ឋាន​នីតិកម្ម នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​..) ខណៈ​អគ្គនាយកដ្ឋាន IT ក៏បាន​សម្រួល ​(​នាយកដ្ឋាន​ផែនការ និង​ស្ថិតិ​មន្ត្រីរាជការ នាយកដ្ឋាន​គ្រប់គ្រង​បៀវត្សរ៍​មន្ត្រីរាជការ មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​មន្ត្រីរាជការ និង​បណ្តុះបណ្តាល​IT...)​។

​ថ្លែង​ក្នុងឱកាស​នោះ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ អះអាងថា ក្រៅពី​សមិទ្ធផល​ការងារ​ទាំង​នេះ ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ឌីជីថល​តាមរយៈ​ម៉ាស៊ីន​ហាតវែរ​ថ្មី​សម្រាប់​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​មន្ត្រី​រាជការ​តាម​ព័ត៌មានវិទ្យា​(HRMIS) បាន​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ទិន្នន័យ​មន្ត្រីរាជការ ការបើកប្រាក់​បៀវត្សរ៍ ការរៀបចំ​ឡើងវិញ​នូវ​ប្រព័ន្ធគ្រប់គ្រង​សលាក​ប​ត្រ​ព័ត៌មាន ការចូលនិវត្តន៍​រប​ស់​មន្ត្រីរាជការ ការ​គ្រប់គ្រង​មន្ត្រី​ជាប់កិច្ចសន្យា គ្រូបង្រៀន​ជាប់កិច្ចសន្យា និង​ប្រភេទ​បុគ្គលិក​អណ្តែត​ដទៃទៀត​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​ក៏បាន​អភិវឌ្ឍ​ប្រព័ន្ធ​នេះ​សម្រាប់​គោលដៅ​ផ្សេងទៀត​រួមមាន​៖ ការរៀបចំ​អត្ត​សញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការ​ប្រភេទ​ថ្មី​ជា​ទម្រង់​ស្មា​ត​កាត ​(Smart Card)​ ដែល​អាច​ប្រើ​បានជា​អត្តសញ្ញាណប័ណ្ណ​មន្ត្រីរាជការ​ផង និង​ជា​បណ្ណ​អេ​ធី​អឹម​សម្រាប់​បើកប្រាក់​បៀវត្សរ៍​ផង​។ បន្ទាប់​មក យើង​បាន​ដាក់ឱ្យ​ដំណើរការ​កម្ម​​វិធី​ផ្សេងទៀត​ដែល​អាចឱ្យ​មន្ត្រីរាជការ​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ផ្ទាល់ខ្លួន ដូចជា កម្មវិធី Mobile App (MCS Mobile) ជាដើម​»​។​

​លោក​បាន​បន្ថែមថា​៖ «​យើង​បាន​បង្កើត​ថ្មី​នូវ​នាយកដ្ឋាន​គាំពារ​សុ​ខុ​មាល​ភាព​មន្ត្រីរាជការ​ចំណុះ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​មុខងារសាធារណៈ និង​បង្កើត​នាយកដ្ឋាន​មួយចំនួន​ទទួលបន្ទុក​អធិការកិច្ច​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​មុខងារសាធារណៈ​ចំណុះ​អគ្គាធិការដ្ឋាន​។​ល​»​។​

​ជាមួយនឹង​សមិទ្ធផល និង​ស្នាដៃ​ទាំងនេះ លោក ព្រុំ សុខា ក៏​ជំ​រុញឱ្យ​មន្ត្រី​ពាក់ព័ន្ធ មិនត្រូវ​បំភ្លេច​មេរៀន​ពិសោធន៍​រយៈពេល​កន្លង​ទៅ និង​បញ្ហា​ប្រឈម​យ៉ាង​ស្រួចស្រាល់​ចំពោះមុខ ក៏ដូចជា​យូរអង្វែង ដើម្បី​ជា​ទិសដៅ​បន្ត​ក្នុងការ​ប្រមូលផ្តុំ​ខិតខំ​សម្រេច​ភារកិច្ច​ការងារ​សំខាន់ៗ​បន្តទៀត​នោះដែរ​។ លោក​បាន​ជំរុញឱ្យមាន​យុទ្ធ​សាស្ត្រ​កែទម្រង់រដ្ឋបាល​សាធារណៈ​ដើម្បី​បន្ត​កសាង​អភិវឌ្ឍន៍​សមត្ថភាព​ធ​ន​ធាន​មនុស្ស និង​ស្ថាប័ន សំដៅ​ឆ្លើយតបបាន​ទាន់ពេល​ការវិវឌ្ឍ​ក្នុង​យុគសម័យ​ឌីជីថល​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សកម្ម​ជំរុញ​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​កំណែទម្រង់​សាធារណៈ និង​គ្រប់គ្រង​មុខងារសាធារណៈ ផ្តោត​សំខាន់​លើ​មុខសញ្ញា​អាទិភាព​រួមជាមួយ​ការបន្ត​យកចិត្តទុកដាក់​កិច្ចការ​លើកកម្ពស់​ជីវ​ភាព និង​សុខុមាលភាព​មន្ត្រីរាជកា​រ ដើម្បី​រួមចំណែក​ដល់​ជោគជ័យ​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​»​។​

​ក្រសួង​បានប្រកាសថា គណៈ​ក​ម្មា​ធិ​ការកែទម្រង់រដ្ឋបាល​សាធារណៈ នឹង​រៀបចំ​វេទិកា​ជាតិ​មួយ​នៅមុន​ដំណាច់​អាណត្តិ​ទី៦ ស្តីពី​បូកសរុប​សមិទ្ធផល​កែទម្រង់រដ្ឋបាល​សាធារណៈ​រយៈពេល​ ៣០​ ឆ្នាំ​កន្លងមកនេះ ដើម្បី​ត្រៀម​លក្ខណសម្បត្តិ​ល្អ គាំទ្រ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​សម្រាប់​អាណត្តិ​ខាងមុខ​៕