​ភ្នំពេញៈ អង្គការ FAO ប្រចាំ​កម្ពុជា បានប្រកាសនឹង​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​ថ្មី​ជាច្រើន​ជាមួយ​កញ្ចប់​ថវិកា​សរុប​ជាង ៦៥ ​លាន​ដុល្លារ​អាមេរិក ដើម្បី​សហការ​លើ​វិស័យ​អាទិភាព​ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ដៃគូ​ដទៃទៀត​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គការ FAO ថ្ងៃទី ​២០ ខែមីនា ឆ្នាំ ​២០២៣​។​

​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បានឱ្យដឹងថា​៖ «​កត្តា​នេះ​នឹង​បង្កើន​ថវិកា​ប្រតិបត្តិ​ការសរុប របស់​អង្គការ FAO ប្រចាំ​កម្ពុជា​កើនឡើង ដល់​ ១២០ លាន​ដុល្លារ​ដែលមាន​កំណើន​ជាង ១២០ ​ភាគរយ​បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំមុន​»​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ អ្នកស្រី Rebekah Bell តំណាង អង្គការ FAO ប្រចាំ​កម្ពុជា បាន​ថ្លែងថា​៖ «​អង្គការ FAO ប្រចាំ​ប្រទេស​កម្ពុជា ទន្ទឹងរង់ចាំ​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការឱ្យ​កាន់តែ​ទូលំ​​ទូលាយ និង​រឹងមាំ​ថែមទៀត​​ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ដៃគូ​​អភិវឌ្ឍន៍​ផ្សេងទៀត​។ ក្រោម​ការគាំទ្រ​ដ៏​រឹងមាំ​ពី​កា​រិ​យា​ល័យ​អង្គការ FAO ប្រចាំ​តំបន់​នៅ​ទីក្រុង​បាងកក និង​ទី​ស្នាក់​ការ​កណ្តាល​របស់​យើង​នៅ​ទីក្រុង​រ៉ូម ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​នឹង​អាច​សម្រេចបាន​នូវ​កិច្ចការ​ទាំងនេះ​ប្រកប​ដោយ​ផ្លែផ្កា​»​។​

​លោកស្រី Bell ថ្លែងថា​៖ «​អង្គការ FAO នៅ​កម្ពុជា ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បន្ត​គាំទ្រ​ដល់​កម្ពុជា ដើម្បី​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​សម្រេចបាន​នូវ​អាទិភាព​របស់ខ្លួន តាមរយៈ​ការកសាង​ប្រព័ន្ធ​កសិកម្ម​ដែលមាន​ប្រសិទ្ធ​ភាព ប្រកបដោយ​បរិ​យា​ប័ន្ន មាន​ភាព​ធន់ និង​មាន​និរន្តរភាព សម្រាប់​ផលិតកម្ម​ល្អ អាហារូបត្ថម្ភ​ល្អ បរិស្ថាន​ល្អ និង​ជីវិត​កាន់តែ​ប្រសើរឡើង​សម្រាប់​ទាំងអស់គ្នា​»​។​

​កញ្ចប់​ថវិកា​នេះ​នឹង​ផ្តោតលើ​ការលើកកម្ពស់​ការ​បន្ស៊ាំ និង​ពង្រឹង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​របស់​សហគម​ន៍​មូលដ្ឋាន សម្រាប់​គម្រោង​ពង្រឹង​ផលិតកម្ម សត្វ និង​សកម្មភាព​ស្តារ​ធនធាន​ដី​នៅ​តំបន់ការពារធម្មជាតិ និង​លើ​គម្រោងការ​គ្រប់គ្រង​ព្រៃឈើ​។​

​លោក ជុង ជីន គីម តំណាង​អង្គការ FAO ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ថ្លែងថា អង្គការ​ FAO​ កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​លើកកម្ពស់​លើ​វិស័យ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ ក៏ដូចជា​ធ្វើការ​គាំទ្រ និង​ផ្លាស់​ប្តូរ​ទៅដល់​ប្រព័ន្ធ​ស្បៀង​នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ធ្វើការ​បន្ថែមទៀត​ក្នុង​គំនិត​ផ្តួច​ផ្តើម Hand in Hand (​ការ​ពួតដៃគ្នា​) ដើម្បី​នាំមក​នូវ​ការ​អភិវឌ្ឍ​ដល់​ប្រទេស​កម្ពុជា​បន្ថែមទៀត​។

​លោក​ជុង ជីន គីម បាន​ថ្លែង​បែបនេះ​បន្ទាប់ពី​បើកសម្ពោធ​ជា​ផ្លូវការ ការិយាល័យ​របស់​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ​ ២០២៣​។

​លោក ជុង ជីន គីម ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​នូវ​ការផលិត លើ​ផលិត​​ផល​កសិកម្ម​មាន​ស្ថិរភាព​ដូច​ជា​ស្រូវ និង​ដំណាំ​សំខាន់ៗ​មួយចំនួន អាច​នាំ​ចេញទៅ​ក្រៅប្រទេស ទោះបី​ក្នុង​រយៈ​​ពេល​មាន​វិបត្តិ​ទាំង​វិបត្តិ​កូ​វីដ​ ១៩ វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ក៏ដូចជា​វិបត្តិ​លើ​ការប្រែប្រួល​អាកាសធាតុ​។​

​លោក​ថ្លែងថា កម្ពុជា​បាន​ចូលរួមចំណែក​តាមរយៈ​ការ​នាំចេញ​ក្នុងការ​កាត់បន្ថយ​នូវ​ភាពខ្វះ​ស្បៀង ក៏ដូចជា ជួយ​កែ​លម្អ​លើ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រទេស​ក្នុង​តំបន់​ក៏ដូចជា​ក្នុង​ពិភពលោក​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាង​​លឿន​ទាំង​វិស័យសេដ្ឋកិច្ច​ក៏ដូចជា វិស័យ​កសិកម្ម​ក្នុងប្រទេស ហើយ​ខ្ញុំ​ជឿជាក់ថា​កម្ពុជា​នឹង​បន្ត​ការអភិវឌ្ឍ​ទៅលើ​វិស័យ​កសិកម្ម​និយាយ​ដោយឡែក ក៏ដូចជា វិស័យសេដ្ឋកិច្ច​ជារួម​ក្នុងប្រទេស​កម្ពុជា ក្នុង​ថ្ងៃ​អនាគត​»​។

​លោក​បាន​បញ្ចាក់ ដោយបាន​ថ្លែងអំណរគុណ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បានផ្តល់​ទីតាំង​ដើម្បី​កសាង​អគារ និង​ការិយាល័យ​ធ្វើការ​របស់​អង្គការ FAO នៅក្នុង​ប្រទេស​កម្ពុជា​។ កិច្ចការ​បន្ទាប់​ទៀត​គឺ​អង្គការ FAO ជួយ​រៀបចំ​ឯក​សារ​យុទ្ធសាស្ត្រ​ស្តីពី​សន្តិសុខ​ស្បៀងអាហារ​ឆ្នាំ​ ២០២៤ ដល់​ឆ្នាំ ​២០២៨ ដែល​នេះ​ជា​ចំណុច​ ១ ​ក្នុង​ការជួយ​លើក​កម្ពស់​ដើម្បី​ឈានដល់​ដំណាក់​កាល​មួយទៀត​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​។

ទន្ទឹមនឹងនេះ​អង្គការ FAO ក៏​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​ដែល​នេះ​ជា​ឱកាស​ត្រូវ​សហការ​ជាមួយគ្នា ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រុមប្រឹក្សា​ស្តារ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ដែល​ត្រូវ​ធ្វើការ​ជាមួយគ្នា ដើម្បី​លើក​កម្ពស់​លើ​វិស័យ សន្តិសុខ​ស្បៀង​អាហារូបត្ថម្ភ​ក៏ដូចជា​ធ្វើការ​គាំទ្រ​និង​ផ្លាស់ប្តូរ​ទៅដល់​ប្រព័ន្ធ​ស្បៀង​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ការិយាល័យ​ FAO ដោយបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ FAO ដែល​បាន​ចូលរួមចំណែក និង​គាំទ្រ​ការអភិវឌ្ឍ ដល់​ក្រសួងកសិកម្ម​ក៏ដូចជា​ប្រទេស​កម្ពុជា​។ នាឱកាស​នេះដែរ លោក​ក៏បាន​រំឭក​អំពី​ប្រវត្តិ​នៃ​ការផ្តើម​ទំនាក់​​ទំនង និង​សហប្រតិបត្តិ​ការល្អ​រវាង​កម្ពុជា និង​អង្គការ FAO រហូតដល់​ពេលបច្ចុប្បន្ន​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​។

​លោក​បាន​លើកឡើងថា ក្នុងនោះ​ជំនួយ​បច្ចេកទេស​បាន​គ្របដណ្តប់​ធំធេង​ដូចជា​ផលិតភាព​និង​ពិពិធ​កម្ម​កសិកម្ម ធារាសាស្ត្រ សុខភាព និង ផលិតកម្ម​សត្វ ការគ្រប់គ្រង​ធនធាន​ជលផល និង​ព្រៃឈើ សន្តិសុខ និង​សុវត្ថិភាព​ស្បៀង និង​ការអភិវឌ្ឍ​ក​សិ​ឧស្សា​ហ​កម្ម​ខ្នាតតូច ព្រមទាំង​សហ​ប្រតិបត្តិការ​ជាច្រើន​ទៀត​។

​លោក​បញ្ជាក់ថា​៖ «​វា​គឺ​រឿង​សំខាន់​ដែល​សហប្រតិបត្តិការ​ភាពជា​ដៃគូ​នេះ មាន​ភាពស៊ីចង្វាក់​គ្នា​ទៅនឹង អាទិភាព​ថ្មី របស់ ក្រសួងកសិកម្ម​»​។

​លោក​ថា ការពង្រឹង​សហ​ប្រតិ​ប​ត្តិ​ការ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតភាព​និង​គុណភាព​សម្រាប់​ការប្រកួតប្រជែង ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងខ្សែចង្វាក់​ផលិតកម្ម​ដើម្បី​ទទួលបាន​នូវ​តម្លៃបន្ថែម​និង​គុណភាព​សម្រាប់​ការនាំចេញ លើកកម្ពស់​ការប្រើប្រាស់​ដី ព្រៃឈើ​និង​ជល​ផល​ប្រកបដោយ​និរន្តរភាព ការ​​អភិវឌ្ឍ​ធនធានមនុស្ស​៕