ឧ​ត្ត​រ​មាន​ជ័​យៈ ពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នឹងមាន​អគ្គិសនី​ប្រើប្រាស់​ទាំងអស់​ក្នុងអំឡុង​ខែមិថុនា​ខាងមុខ ខណៈ​បច្ចុប្បន្ន​អាជ្ញាធរខេត្ត​ប្តេជ្ញា​ថា នឹង​ជំរុញ​ឱ្យ​ពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់ៗ​គ្នា ដើម្បី​រួមចំណែក​កាត់​​បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​លោក ប៉ែន កុស​ល្យ អភិ​បាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ភាពជោគជ័យ​ក្នុង​រយៈពេល​ ៥ ឆ្នាំកន្លងមក​»​ របស់​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​នា​ថ្ងៃទី ​២១ ខែមីនា ឆ្នាំ​ ២០២៣ ថា គិត​មកទល់ពេលនេះ​ប្រជា​ពលរដ្ឋ​រស់នៅ​ទូទាំង​ខេត្ត​ចំនួន​ជាង​ ៣ ​ម៉ឺន​គ្រួសារ​មាន​អគ្គិសនី​ប្រើប្រាស់ ខណៈ​បច្ចុប្បន្ន​រដ្ឋ​បាល​ខេត្ត និង​ភាគី​អ្នកពាក់ព័ន្ធ​កំពុង​ព​ន្លឿ​ន​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​បន្ថែមទៀត​។​

​លោក​បានឱ្យដឹងថា​៖ «​ជារួម​ក្នុងចំណោម ប្រជាពលរដ្ឋ ៦៤ ៦៥៦​ គ្រួសារ​យើង​មាន ៣៣ ០៩៣ ​គ្រួសារ ស្មើនឹង ៩០,៤៧ ភាគរយ​មាន​អគ្គិសនី​ប្រើ​ប្រាស់​ហើយ​ចំនួន​ដែល​នៅសល់​តាម​ការរំពឹងទុក​នឹងមាន​អគ្គិសនី​ប្រើប្រាស់​ទាំងអស់​ក្នុងអំឡុង​ខែមិថុនា​ខាងមុខ ដោយ​បច្ចុប្បន្ន​ក្រុមការងារ​កំពុងធ្វើការ​ពង្រីក​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​បន្ថែមទៀត​ដល់​គ្រប់​មូលដ្ឋាន​ភូមិ​ឃុំ ជាពិសេស​នៅ​តំបន់​ជនបទ​ដាច់ស្រយាល​»​។​

​ក្រៅពីនោះ​លោក ប៉ែន កុស​ល្យ បាន​អះអាងថា ចំពោះ​វិស័យ​ទឹកស្អាត​ដែលជា​ការងារ​អាទិ​ភាព​មួយទៀត រដ្ឋបាលខេត្ត​ក៏​កំពុង​បន្ត​ខិតខំ​ប្រឹងប្រែង​កែលម្អ​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​តាមរយៈ​ការកែលម្អ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​គមនាគមន៍​ឱ្យ​កាន់​​តែ​ប្រសើរ​ថែមទៀត​ដូចជា ការស្តារ​ប្រព័ន្ធធារាសាស្ត្រ​ដែលមាន​សក្តានុពល​នៅក្នុង​ខេត្ត​ឡើងវិញ​បន្ថែមទៀត​។​

​ទាក់ទិន​នឹង​បញ្ហា​អគ្គិសនី លោក ភុ​ន ឡែ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​បញ្ជាក់ដែរថា ដើម្បី​សម្រេចបាន​លើ​កិច្ចការ​នេះ រដ្ឋបាល​​ខេត្ត ពិសេស​មន្ទីរ​រ៉ែ និង​ថា​ម​ពល នឹង​ខិតខំ​ផ្តល់យោបល់​និង​កំណត់​ទិសដៅ​ខេត្ត​ដើម្បី​ឈានទៅ​ពង្រីក​បណ្តាញ​អគ្គិ​ស​នី​នៅ​ទូទាំង​ខេត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​

​លោក​បាន​ថ្លែងថា​៖« ​ជាងនេះទៀត​មន្ទីរ​នឹង​ខំ​ទាក់ទាញ​វិនិយោគ​ឱ្យមក​អភិវឌ្ឍ​មូលដ្ឋាន​ពិសេស​លើ​គម្រោង​ថាមពល​ឱ្យ​កាន់តែខ្លាំង​ទ្វេដង​សំដៅ​ធានា​ការប្រើប្រាស់​អគ្គិសនី​ដោយ​ពង្រឹង​ការគ្រប់គ្រង ការចាត់ចែង និង​ការប្រើប្រាស់​អគ្គិសនី​ឱ្យបាន​ល្អ និង​មាន​បរិ​យា​ប័ន្ន​»​។​

​យោងតាម​របាយការណ៍​របស់​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​បង្ហាញថា បច្ចុប្បន្ន​នៅ​ទូទាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ក្រុមហ៊ុន និង​សេវាករ​អគ្គិសនី​ចំនួន​ ១០ ក្នុងនោះ​មាន​៖ ក្រុម​​ហ៊ុន​ចំនួន ​៤ និង​សេវាករ​អគ្គិសនី​ចំនួន ​៦​ ដែល​កំពុង​ផ្គត់ផ្គង់​បណ្ដាញ​អគ្គិសនី​ក្នុង​ខេត្ត ក្នុងនោះ​ក្នុងចំណោម ​៣០៨​ ភូមិ​នៃ​ខេត្ត​នេះ នៅសល់តែ ​៣២ ​ភូមិ​ប៉ុណ្ណោះ​ដែល​មិនទាន់មាន​បណ្តាញ​អគ្គិសនី​ប្រើប្រាស់​។​

​ជាងនេះទៀត ខេត្ត​ក៏មាន​រោង​​ចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​ ១ ​កន្លែង​ផងដែរ​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​ដោយបាន​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទៅកាន់​អនុ​ស្ថានីយ​ខាងកើត​សៀមរាប​រួចរាល់ និង​គ្រោង​ដំណើរការ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ផងដែរ​។​

ដោយឡែក ការងារ​ទឹកស្អាត​វិញ បច្ចុប្បន្ន​ខេត្ត​នេះ​មាន​ក្រុម​ហ៊ុន​ទឹកស្អាត​ឯកជន​ចំនួន​ ៥​ ប្រតិបត្តិ​ករ គ្របដណ្តប់​ការ​ផ្គត់​​ផ្គង់​ទឹកស្អាត​បាន​ ៣៤​ ភូមិ​លើ​ ៣០៨​ ភូមិ ដោយមាន​ពលរដ្ឋ​ទទួលផល​ប្រមាណ​ ២៧ ៥៣៦​ នាក់ និង​កំពុង​បង្កើន​ការ​ផ្គត់​ផ្គង់​បន្ថែម​ជា​បន្តបន្ទាប់​។​

​សូមជម្រាបថា បើតាម​អគ្គិ​ស​នី​កម្ពុជា​ធ្លាប់បាន​ឱ្យដឹងថា សព្វថ្ងៃនេះ អាជ្ញាធរ​អគ្គិសនី និង​សេវាករ​ឯកជន​បាន​ផ្គត់ផ្គង់​អគ្គិសនី​ប្រមាណ​ជាង​ ៩៩ ​ភាគរយ​នៃ​ចំនួន​ភូមិ​សរុប​នៅ​ទូទាំងប្រទេស​កម្ពុជា​ដោយ​សល់​ ១ ​ភាគរយ​ទៀត ឬ​ភូមិ​ចំនួន​ ៨៨​ នៅ​ពុំទាន់​មានការ​ផ្គត់ផ្គង់​ពី​បណ្តាញ​ជាតិ​ទៅដល់​។ ភូមិ​ដែល​នៅសល់​នោះ​ភាគច្រើន​មាន​សភាព​លំបាក​ដែល​អាជ្ញាធរ​អគ្គិសនី​មិនអាច​ត​ភ្ជាប់​បាន​ភ្លាមៗ និង​ភូមិ​ខ្លះ​នៅលើ​ទឹកជា​ដើម​៕