
សិស្សចេញពីសាលារៀនទិញអាហារសម្រន់នៅក្រៅរបងសាលា។ ហុង មិនា
ភ្នំពេញៈ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នឹងចុះត្រួតពិនិត្យម្ហូបអាហារហាមឃាត់នៅតាមសាលារៀនដោយគ្មានការជូនដំណឹងជាមុន បន្ទាប់ពីការចុះផ្សព្វផ្សាយ និងត្រួតពិនិត្យនៅតាមបណ្តាគ្រឹះស្ថានសិក្សាចំនួន ១៤ នៅតាមបណ្តារាជធានី ខេត្ត រកឃើញការដាក់តាំងលក់តិចតួច។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋាន ក.ប.ប ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី២១ មីនា បានឱ្យដឹងថា ចាប់ពីដើមខែមីនាមក មន្ត្រីជំនាញដោយសហការជាមួយគ្រឹះស្ថានសិក្សា បានចុះផ្សព្វផ្សាយ និងត្រួតពិនិត្យនៅតាមបណ្តាគ្រឹះស្ថានសិក្សាចំនួន១៤ នៅតាមបណ្តារាជធានី ខេត្ត ក្នុងនោះមានសិស្សានុសិស្សរាប់ពាន់នាក់ និងលោកគ្រូ អ្នកគ្រូ រួមទាំងអាជីវករជាច្រើនបានចូលរួម។
ការចុះផ្សព្វផ្សាយនេះ អគ្គនាយកដ្ឋាន ក.ប.ប បានអះអាងថា ដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាពសាធារណៈ ពិសេសជំរុញឱ្យមានការប្រើប្រាស់ម្ហូបអាហារប្រកបដោយសុវត្ថិភាព និងមានអនាម័យត្រឹមត្រូវ ពិសេសចូលរួមលើកកម្ពស់សុវត្ថិភាពនិងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា។
អគ្គនាយកដ្ឋានក.ប.ប. បានបញ្ជាក់ថា៖«មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានចុះអប់រំផ្សព្វផ្សាយ និងណែនាំអំពីខ្លឹមសារនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ, របៀបជ្រើសរើសផលិតផលម្ហូបអាហារមានសុវត្ថិភាព, ការរក្សាអនាម័យ, ផលប្រយោជន៍នៃការបរិភោគអំបិលមានជាតិអុីយ៉ូដ, និងផលប៉ះពាល់ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងអាជីវករ លក់ដូរនៅតាមបណ្តាគ្រឹះស្ថានសិក្សានានាក្នុងក្របខ័ណ្ឌទូទាំងប្រទេស»។
ស្របជាមួយនឹងការផ្សព្វផ្សាយ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានចុះត្រួតពិនិត្យបណ្តាតូបលក់ចំណីអាហារនៅក្នុងបរិវេណសាលារៀន ដើម្បីទប់ស្កាត់ការដាក់លក់ចំណីអាហារដែលពុំមានសុវត្ថិភាព ប៉ះពាល់ដល់សុខភាព ពិសេសទំនិញហាមឃាត់ និងទំនិញដែលមានហានិភ័យខ្ពស់ ដែលត្រូវបានហាមឃាត់លក់ក្នុងបរិវេណសាលា មានដូចជាផលិតផលគ្រឿងស្រវឹង និងផលិតផលថ្នាំជក់, ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូ ចាហួយគ្រប់ប្រភេទ នំ ស្ករគ្រប់ សូកូឡាជាដើម។
របាយការណ៍នេះបានអះអាងថា៖«លទ្ធផលនៃការចុះផ្សព្វផ្សាយ និងត្រួតពិនិត្យនៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំងនោះ គឺមន្ត្រីជំនាញ បានពិនិត្យឃើញមានអាជីវករដាក់តាំងលក់តិចតួចនូវផលិតផលដែលមិនអនុលោមនឹងបទប្បញ្ញត្តិ។ មន្ត្រីជំនាញបានធ្វើការណែនាំដល់អាជីវករទាំងនោះ ឱ្យអនុវត្តតាមសេចក្តីណែនាំស្តីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាពនិងសុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជនឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សុខភាពដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ»។
លោក ផាន អូន អគ្គនាយក ក.ប.ប បានប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមថា ចំពោះការផ្សព្វផ្សាយ និងការត្រួតពិនិត្យនៅតាមសាលារៀននេះ ក.ប.ប ទើបនឹងចាប់ផ្តើមមានវិធានការកាលពីដើមខែមីនា ដោយសហការជាមួយនាយកសាលាដោយផ្ទាល់ ហើយក្នុងករណីដែលរកឃើញនឹងមានការព្រមាន និងដកហូតតែម្តង។
លោក បានបញ្ជាក់ថា៖«កម្មវិធីនេះ យើងផ្តល់កិច្ចសហការជាមួយនាយកសាលា ដើម្បីធ្វើការផ្សព្វផ្សាយ ហើយគោលដៅយើង ក៏ចុះទៅតាមបណ្តាតូបលក់នៅក្នុងសាលាដែរ។ ជាវិធានការល្អ ដែលយើងចង់បាននោះ គឺចង់ឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ឬអ្នកលក់ដូរហ្នឹង ធ្វើការប្រទាក់ក្រឡាជាមួយនាយកសាលាទៅ។ នោះខ្ញុំជឿថា គាត់មិនហ៊ានដាក់លក់ម្ហូបអាហារដែលហាមឃាត់ទេ លើកលែងតែសាលាដែលនៅឆ្ងាយ ឬដាច់ស្រយាល ដែលមិនទាន់បានទទួលសេចក្តីណែនាំ»។
យ៉ាងណាលោកផាន អូន បានអះអាងដែរថា មន្ត្រី ក.ប.ប ក៏នឹងបន្តនីតិវិធីចុះអនុវត្តច្បាប់ ដោយមិនជម្រាបជូនដំណឹងតាមសាលាជាមុនទេ ដើម្បីទប់ស្កាត់ការឆកល្វែងណាមួយដែលមានការដាក់លក់ផលិតផលហាមឃាត់ជាយថាហេតុដែលប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។ លោក ក៏បានអំពាវនាវឱ្យសាធារណជន ជាពិសេសបណ្តាអង្កការសង្គមស៊ីវិលចូលរួមរាយការណ៍មកកាន់ ក.ប.ប ក្នុងករណីមានការសង្ស័យថា មានការលក់ម្ហូបអាហារហាមឃាត់ទាំង៦ មុខ នៅតាមសាលារៀនទូទាំងប្រទេស។
លោក បានបញ្ជាក់ថា៖«ដោយសារតែមន្ត្រីយើងទើបចុះបាន១៤ ទីតាំងទេ បើប្រៀបធៀបជាមួយសាលាទូទាំងប្រទេស គឺនៅច្រើនណាស់។ បើអង្គការ គាត់រកឃើញសាលាដែលដាក់លក់ម្ហូបអាហារហាមឃាត់ច្រើនជាងអគ្គនាយកដ្ឋាន ក.ប.ប ឬអង្គការមានរបាយការណ៍(ការរកឃើញការដាក់លក់អាហារហាមឃាត់) គួរចែករំលែកឱ្យអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីយើងបន្តនីតិវិធីចុះអនុវត្តច្បាប់ ដោយមិនជម្រាបជូនតាមសាលាជាមុនទេ ដើម្បីទប់ស្កាត់ការឆកល្វែងណាមួយដែលមានការដាក់លក់ផលិតផលហាមឃាត់ណាមួយជាយថាហេតុដែលប៉ះពាល់ដល់សុខភាពកុមារា កុមារី និងសិស្សានុសិស្សរបស់យើង»។
លោក ហ៊ូ ក្រើន នាយកអង្គការហេឡេន ខេល័រ បានសង្កេតឃើញថា ក.ប.ប បានធ្វើការយ៉ាងសកម្មក្នុងការគិតគូរ សុវត្ថិភាព និងសុខភាពដល់សិស្សានុសិស្សនៅតាមសាលារៀន ជាពិសេសសាលាបឋមសិក្សា ដែលសកម្មភាពនឹងអាចជួយធានាដល់សុវត្ថិភាព និងសុខភាពសិស្ស។
លោក បន្តថា កន្លងមកអង្គការ បានធ្វើការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីធ្វើការសាកល្បងក្នុងអនុវត្តកម្មវិធីមួយឈ្មោះថា សាលាល្អ អាហារល្អ អនាគតបវររុងរឿង ដែលបានអនុវត្តជាមួយសាលាចំនួន៣ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីធានាថា មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ អាជ្ញាធរភូមិឃុំ មណ្ឌលសុខភាព និងអ្នកពាក់ព័ន្ធដទៃទៀតយល់ពីគុណតម្លៃ និងសារប្រយោជន៍នៃការទទួលទានអាហារល្អសម្រាប់សិស្សានុសិស្ស។
ជាមួយនឹងកម្មវិធីនេះ លោក អះអាងថា ក្រុមការងារ បានសង្គេតឃើញថា មានសាលារៀនមួយចំនួន បានដាក់លក់ម្ហូបអាហារដែលក្រសួងបានធ្វើការហាមឃាត់ ដែលទាមទារឱ្យការរួមគ្នាបន្ថែមទៀត ដើម្បីទប់ស្កាត់ចំណីអាហារដែលធ្វើឱ្យប៉ះពាល់សុខភាពសិស្សានុសិស្ស។
លោក បានបញ្ជាក់ដូច្នេះថា៖«ឥឡូវកម្មវិធីសាកល្បងនេះបានបញ្ចប់ទៅហើយ ខណៈបច្ចុប្បន្នយើងកំពុងរៀបចំ ដើម្បីពង្រីកកម្មវិធីនេះបន្តទៀត តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំយុវជន និងកីឡាបន្តទៀត ដោយលើកនេះ យើងនឹងអនុវត្តជាមួយសាលាចំនួន២៥០ នៅក្នុងខេត្តចំនួន៣ ដែលនឹងអនុវត្តនៅឆ្នាំក្រោយ។ ការអនុវត្តកម្មវិធីនេះ ដើម្បីធានានៅតាមសាលារៀនទាំងអស់ នឹងមិនមានលក់ចំណីអាហារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់កុមារនោះទេ»៕