
លោក Vince Henderson រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសខមមុិនវ៉ែលដូមីនីក ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី ២២-២៤ ខែមីនា។ រូបថត Twitter via Vince Henderson
ភ្នំពេញៈ លោកវីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសខមម៉ិនវ៉ែលដូមីនីក បានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែមីនា ឆ្នាំ ២០២៣ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសខមម៉ិនវ៉ែលដូមីនីក ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ២១ ខែមីនា កម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងរបស់រដ្ឋមន្ត្រីការបរទេស នៃប្រទេសខមម៉ិនវ៉ែលដូមីនីក មកកាន់ព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកវីន ហេនដឺសាន់ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពដដែលបន្តថា លោករដ្ឋមន្ត្រីការបរទេសដូមីនីក នឹងជួបប្រជុំទ្វេភាគីជាមួយ លោកអ៊ុច បូររិទ្ធ រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ក្នុងឱកាសនោះ វិស័យផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ នឹងត្រូវលើកយកមកពិភាក្សា។ បន្ទាប់ពីជំនួបទាំងនោះ ភាគីទាំង២ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសខមម៉ិនវ៉ែលដូមីនីក ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។
បើតាមក្រសួងការបរទេស ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ លោកវីន ហេនដឺសាន់ មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសខមម៉ិនវ៉ែលដូមីនីក សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំង២។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា លោកគាំទ្រចំពោះការមកបំពេញទស្សនកិច្ច លោក វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសខមម៉ិនវ៉ែលដូមីនីក នៅប្រទេសកម្ពុជានាពេលនេះ ដែលជាផ្នែកមួយនៃការពង្រឹងការទូតរវាងភាគីទាំង២។
លោកបន្តថា ប្រទេសខមម៉ិនវ៉ែលដូមីនីកស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៃទ្វីបអាហ្វ្រិកខាងជើង និងជាប្រទេសតូចមួយ។ ទោះជាយ៉ាងណា នេះគឺជាការបោះជំហានរបស់កម្ពុជា ទៅរកបណ្តាប្រទេសនានា នៅលើសកលលោក ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើសពីអ្វីដែលមានស្រាប់ ដោយមិនគិតថា ប្រទេសតូច ឬប្រទេសធំនោះទេ។
លោកថ្លែងថា៖«យើងបោះជំហានទៅមុខជានិច្ច នេះជាការផ្សារភ្ជាប់នៃការពង្រីកទំនាក់ទំនងការបរទេសរបស់កម្ពុជា នៅលើពិភពលោកទាំងមូល។ បើទោះបីជានៅទីណាកន្លែងណា ប្រទេសយ៉ាងណាក៏ដោយចុះ កម្ពុជាត្រូវតែពង្រឹង និងពង្រីកទំនាក់ទំនងនេះ»។
បើតាមលោកយង់ ពៅ ការបោះជំហានរបស់កម្ពុជា ជាមួយនឹងប្រទេស ខមម៉ិនវ៉ែលដូមីនីកនេះ គឺជាការល្អមួយសម្រាប់ផ្សារភ្ជាប់ទៅកាន់ទ្វីប អាហ្វ្រិកខាងជើង ក៏ដូចបណ្តារដ្ឋកោះនៅក្នុងតំបន់មហាសមុទ្រនេះផងដែរ ដើម្បីជាការតភ្ជាប់ទាំងសេដ្ឋកិច្ច នយោបាយ ការទូត និងទេសចរណ៍ជាដើម ព្រោះតំបន់នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសមួយ ដែលមានសក្តានុពលទេសចរណ៍ផងដែរ ។
លោកលើកឡើងថា៖«ដូច្នេះ ខ្ញុំយល់ឃើញថា ប្រទេសខមម៉ិនវ៉ែលដូមីនីក ក៏មានសក្តានុពលខ្លាំងផងដែរ ព្រោះបានតភ្ជាប់ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់នោះ»៕