ព្រះសី​ហនុៈ មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា​ ម​នុស្ស​ ៤ ​នាក់​បាន​រងរ​បួស​ធ្ងន់​ និង​ស្រាល ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍រ​វាង​រថ​ភ្លើង​ដឹក​អ្នក​ដំណើរ​បុក​ជាមួ​យ​រថយន្ត​ដឹក​ដី​នៅលើ​កំណាត់​ផ្លូវ​ដែក​ពី​ភ្នំពេញ​-ក្រុង​ព្រះសី​ហនុ ​ត្រង់​ភូមិ​សា​ស្ត្រ ​ឃុំ​ទឹក​ថ្លា ​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សី​ហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី ​២១​ ខែ​មីនា ឆ្នាំ​ ២០២៣។

​លោក ​ទ្រី ​ផល ណារិន នាយ​ផ្នែក​សណ្ដាប់​ធ្នាប់​ចរាច​រណ៍​នៃ​អធិការ​ដ្ឋាន​នគរបា​ល​ស្រុក​ព្រៃ​នប់​ បាន​ប្រាប់​ភ្នំពេញ​ថា អ្នក​បើក​បរ​រថ​យន្ត​ដឹក​ដី​ឈ្មោះ រើ​ ជីវ័ន អាយុ​៣៣​ឆ្នាំ បាន​រងរ​បួស​ធ្ងន់ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ​កែវ ​ពិសិដ្ឋ អាយុ​៤០​ឆ្នាំ បាន​រង​របួស​មធ្យម។​ អ្នក​ទាំង​២ មាន​លំនៅ​ក្នុង​ក្រុង​បូក​គោ ​ខេត្ត​កំពត ត្រូវ​បាន​សមត្ថ​កិច្ច​ និង​ក្រុម​គ្រួសារ​សាច់​ញាតិ​នាំយក​ទៅ​ព្យា​បាល​នៅ​មន្ទីរពេ​ទ្យ​ឯក​ជន​មួយ​ក្នុង​ក្រុង​បូក​គោ​។

ចំណែក​អ្នកបើ​កប​រ​រថ​ភ្លើង​ឈ្មោះ ​អ៊ុំ សម្បត្តិ អាយុ​៥៥​ឆ្នាំ មាន​លំនៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួល​គោក​ រាជ​ធានី​ភ្នំពេញ ​បាន​រង​របួស​ភ្លៅ​ខាងឆ្វេ​ង ​ត្រូវបាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទី​រពេទ្យ​កាល់​ម៉ែ​ត ក្នុង​រាជ​ធានី​ភ្នំពេញ​។ រីឯ​ជំនួយ​ការ​របស់​គាត់​ឈ្មោះ​ រុំ អាយុ​៣៩​ឆ្នាំ បាន​រង​របួស​ស្រាល​។

​លោក​បាន​បញ្ជាក់​ថា​៖«​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​នេះ គឺ​បណ្ដាល​មក​ពី​អ្នក​បើក​បរ​រថយន្ត​ព្យាយា​ម​បើក​ឆ្លង​កាត់​ផ្លូវ​រថ​ភ្លើង​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​»​។​

​បើតាម​លោក​ណា​រិន រថភ្លើង​ដឹក​អ្នក​ដំណើរ​នោះ ​មាន​ផ្ទុក​អ្នក​ដំណើរ​ទាំង​ខ្មែរ​ និង​បរទេស​សរុប​ចំនួន​២២​នាក់​។ក្នុង​ហេតុកា​រណ៍​នេះ មិន​បណ្ដាលឱ្យ​​អ្នក​ដំណើរ​ណា​ម្នាក់​រងរ​បួស​ទេ​​។ ក្រោយ​កើតហេតុ​ ភាគី​ខាង​ក្រុមហ៊ុ​ន​រថភ្លើង​បាន​ដឹក​អ្នក​ដំណើរ​ទៅកាន់​ស្ថានី​យ និង​ដើម្បី​ជួស​ជុល​រថភ្លើង​។ ចំណែក​រថយន្ត​ដឹក​ដី ​ត្រូវបាន​​សមត្ថ​កិច្ច​ស្ទូ​ច​អូស​យកទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់ ​ដើម្បី​រង់ចាំ​តំណាង​ភាគី​ទាំង​សង​ខាង​ចូល​មក​សម្រប​សម្រួល​ដំ​ណោះស្រា​​យ​តាម​នីតិ​វិធី​​។​

​ចាប់​តាំង​ពី​ដើមខែ​មករា ឆ្នាំ​២០២៣ មក​ដល់​ពេលនេះ​ មាន​គ្រោះថ្នា​ក់​ចរាច​រណ៍​រវាង​រថភ្លើង ​និង​រថ​យន្ត​ចំនួន​៣​លើក ដែ​ល​លើក​ទី​១ បាន​កើត​ឡើង​កាលពី​ថ្ងៃទី​១៧​ ខែមក​រា ដោយ​​រថភ្លើង​ដឹក​ប្រេង​បុក​រថយន្ត​ដឹក​ថ្មនៅ​ចំណុច​ផ្លូវ​ហាយ​វ៉េ ក្នុង​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ​ខេត្ត​បាត់​ដំបង​។ ក្នុង​ហេតុ​ការណ៍​នោះ​ទាំង​រថយន្ត​ និង​រថភ្លើង​បាន​ក្រឡាប់​ ប៉ុន្តែ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​បើក​បរ ទាំង​រថ​ភ្លើង និង​រថយន្ត​នោះទេ​​។ ចំ​ណែក​មូល​ហេតុ គឺ​បណ្ដាល​មកពី​អ្នក​បើក​ប​រថ​យន្ត បើក​បំពាន​ស្លាក​សញ្ញា និង​បទ​បញ្ជា​របស់​មន្ត្រីដែ​ល​ប្រចាំ​ការ​នៅ​​ទីតាំង​នោះ​។ រីឯលើក​​ទី​២ បាន​ឡើង​នៅ​ថ្ងៃទី​១៥ ​ខែមីនា ​ឆ្នាំ​២០២៣​ នៅ​ចំណុច​ភូមិ​ព្រែក​អម្ពិល ​សង្កាត់​កោះ​តូច ក្រុង​បូក​គោ ​ខេ​ត្តកំពត​ ដោយ​រថភ្លើង​បាន​បុក​លើ​រថ​យន្ត​ព្រុស​បណ្ដាល​ឱ្យ​ភាគី​ខាង​រថ​យន្ត​រងរបួស​ធ្ងន់-​ស្រាល​ចំនួន​៣​នាក់​ ដែល​ហេតុ​ការណ៍​នេះក៏​ជា​កំហុស​របស់​អ្នក​បើក​បរ​រថ​យន្ត​ផង​ដែរ​។

​ជុំវិញ​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​រថ​ភ្លើង​ និង​រថយន្ត​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​កំហុស​បង្ក​ឡើង​ពី​អ្នក​បើក​បរ​រថ​យន្ត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នេះ ​លោក ណារិន បាន​ពន្យល់​ថា​៖«​ជាទូ​ទៅ ​រាល់​គ្រោះ​ថ្នាក់​ចរាច​រណ៍​លើ​កំណាត់​ផ្លូវ​ដែក ​មិន​មែន​ជា​កំហុស​របស់​អ្នក​បើក​បរ​រថ​ភ្លើង​​ទេ ប៉ុន្តែ​វា​ជា​កំហុស​របស់​អ្នក​បើក​បរ​រថយ​ន្ត ​ម៉ូតូ កង់​ ឬ អ្នក​ថ្មើរជើ​ង ​ដែល​ព្យាយា​ម​ឆ្លងកា​ត់​ផ្លូវ​រថភ្លើង ​ក្នុងស្ថា​នភាព​​គ្រោះថ្នាក់​ ឬ​ ដោយ​ខ្វះ​ការ​ប្រុ​ងប្រយ័ត្ន​​ប៉ុណ្ណោះ​»​​។​

​លោក​បាន​បន្ត​ថា នៅ​គ្រប់​ចំណុច​ទីតាំង​ទាំងអ​ស់​នៃ​ផ្លូវ​រថភ្លើង​ត្រូវ​ឆ្លងកា​ត់​ផ្លូវ​ជាតិ​ឬផ្លូវលំគឺមា​ន​ដាំ​បង្គោល​ស្លាក​សញ្ញា​រថភ្លើង​ឆ្លង​កាត់ និង​ភ្លើង​សញ្ញា​ប្រុង​ប្រយ័ត្ន​ ហើយ​មុន​ពេល​រថភ្លើ​ង​មក​ដល់​ចំណុច​ឆ្លង​កាត់​ផ្លូវ​ជាតិ​ឬផ្លូវលំ​ទាំងនោះ​​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ គឺ​​តែងតែ​​បន្លឺសំ​ឡេង​ស៊ី​ផ្លេ ​ដើម្បី​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ដែល​ត្រូវ​ឆ្លង​កាត់​ផ្លូវ​រថភ្លើង​បានដឹ​ង​នឹង​ឈប់​ចត​។ ជាពិ​សេស​​នៅតា​ម​ផ្លូវជាតិ ដែល​មាន​រថ​យន្ត​តូ​ច-ធំ ឆ្លងកា​ត់​ច្រើន គឺ​មាន​ដាក់​របាំង​ការពារ​សុវត្ថិ​ភាព​កាត់​ទទឹង​ផ្លូវ​ជាតិ​ និង​មាន​ទាំង​មន្ត្រី​ជំនាញ​ឈរ​បញ្ជា​ចរាច​រណ៍ និង​បិទ​-បើក​របាំង​សុវត្ថិ​ភាព​នោះ ​ផ​ងដែរ​ ។

​លោក គ​ង់ សុវណ្ណ​ ប្រធាន​គម្រោង​អប់រំ​ផ្សព្វ​ផ្សាយ​សុវត្ថិ​ភាព​ចរាច​រណ៍​នៃ​ក្រសួង​អភិវឌ្ឍ​នជនបទ​ បាន​ថ្លែង​ថា ​ដើម្បី​បង្ការ​ទប់ស្កា​ត់​គ្រោះ​ថ្នាក់​ចរាច​រណ៍នៅតា​ម​កំណាត់​ផ្លូវដែក ​អ្នកប្រើប្រា​ស់​យានជំ​និះ​គ្រប់​ប្រភេ​ទ ត្រូវ​បន្ថយល្បឿ​ន​នៅពេ​ល​ជិត​ដល់​ផ្លូវ​រថ​ភ្លើង​។​

​លោក​បាន​ប​ន្តថា នៅ​កន្លែង​ផ្លូវថ្នល់​កាត់​ផ្លូវ​រថភ្លើង​ដែល​មាន​ដាក់​របារ ឬ​របាំង អ្នក​បើកបរ​​មិនត្រូ​វបើកប​រចូ​លទៅ​ទី​នោះ ​នៅពេ​ល​របាំង​​បិទឬ​កំពុង​បិទ ឬ​កំពុ​ងបើក​ឡើយ​ និង​ត្រូវ​ស្តាប់​បញ្ជា​ឆ្មាំ​ហើយ មិន​ត្រូវ​បង្ក​ឱ្យមា​ន​ឧបសគ្គ​ដល់​ការ​បិទ​បើក​របារ ឬ​របាំង​ឡើយ​។ ជាពិ​សេស «​ត្រូវ​ឈប់​ជាបន្ទា​ន់ ក្នុង​​ចម្ងាយ​យ៉ាង​តិច​ពី​២-៥​ម៉ែត្រ ​កាលបើ​​ឃើញ​មាន​រថភ្លើង​មក​ជិត​ដល់​ ឬបន្លឺ​សញ្ញា​ថា​ជិត​មកដល់​» ដើម្បី​ទុក​ផ្លូវ​ឱ្យ​រថ​ភ្លើង​ធ្វើ​ចរាចរ​ណ៍​ទៅមុន​។ ក្នុង​ស្ថាន​ភាព​ដូចគ្នា​នេះ​​គង្វាល​សត្វ​ទាំងអ​​ស់​ត្រូវ​រក​វិធី​ទប់ស្កា​ត់​ហ្វូង​សត្វ​ពាហនៈ​របស់ខ្លួ​ន កុំឱ្យ​​ឆ្លងកា​ត់​ផ្លូវ​រថ​ភ្លើង​ជាដា​ច់ខា​ត​។

​លោក​បាន​បន្ថែមថា​ ក្នុង​ករណី​​ដែល​យានជំ​និះ​គាំងដំណើ​រ ឬ​ហ្វូង​សត្វ ធ្វើ​ដំណើរ​ចូល​មក​ជ្រុល​ទៅលើ​ផ្លូវ​រថភ្លើ​ង អ្ន​កបើក​បរ ឬ​គង្វាល​សត្វ ​ត្រូវ​រិះរក​មធ្យោបា​យ​កុំ​ឱ្យមាន​កើត​ជា​ឧបសគ្គ​ដល់​រថភ្លើង ​ឬ​ត្រូវ​ឱ្យដំ​ណឹង​ដល់​ភ្នាក់​ងារ​ទទួល​ខុស​ត្រូវ​ផ្លូវ​រ​ថភ្លើង ដែល​នៅ​ជិត​បំផុត​អំពី​គ្រោះថ្នាក់​ដែល​នឹង​អាច​កើត​ឡើង ប្រសិន​បើ​ខ្លួន​មិន​អាច​បញ្ចៀស​ឧប​សគ្គ​លើ​ផ្លូវ​រ​ថភ្លើង​ដោយ​ខ្លួន​ឯង​បាន​៕