ភ្នំពេញៈ ​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង បានបង្ហាញ​ការប្តេជ្ញា​ថា នឹង​បន្ត​ជំរុញ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង​នៅ​ទីប្រជុំជន និង​ជនបទ​បន្ថែមទៀត ដើម្បី​ទាញ​កំណើន​ភ្ងៀ​វ​ទេសចរមកកាន់​ខេត្តព្រៃវែង​ឱ្យ​ច្រើន​ ខណៈ​ខេត្ត​មួយ​នេះក៏មាន​សក្តានុពល​ច្រើន​ដែរ ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅមានកម្រិត​។​ការប្តេជ្ញា​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី "​ភាពជោគជ័យ​ក្នុង​រយៈពេល ៥​ ឆ្នាំកន្លងមក​" របស់​រដ្ឋបាល​ខេត្តព្រៃវែង រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៣​។​

​ លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង បាន​លើកឡើងថា នាពេល​អនាគត សម្រាប់​ខេត្ដ​ព្រៃវែង នឹង​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ថ្មី​១ប្រកប ដោយ​សក្កា​នុព​ល​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​ឱ្យមក​កម្សាន្ដ​កាន់តែច្រើន​ថែមទៀត​។ លោក​បន្តថា ជា​ផែនការ​របស់​ខេត្ត បច្ចុប្បន្ន​បាននិងកំពុង​យក​ចិ​ត្ដ​ទុកដាក់​លើការ​ជំរុញ​ដល់​ការងារ​កសាង​ជួសជុល ថែទាំ ផ្លូវជាតិ ផ្លូវ​ខេត្ត និង​បន្ត​កសាង​ផ្លូវ​ខេត្ត ផ្លូវ​ជនបទ ឱ្យមាន​គុណភាព​ខ្ពស់ ក្នុង​គោលបំណង​ត​ភ្ជាប់​បណ្តាញ​ផ្លូវ​ពី​ទី​រួម​ខេត្ត ទៅ​ស្រុក និង​ពី​ស្រុក​មក​ទី​រួម​ខត្ត​។​លោក​បាន​បញ្ជាក់ថា​៖«​រដ្ឋបាលខេត្ត​ព្រៃវែង បាន​បន្ត​ជំរុញ​សកម្មភាព​សំខាន់ៗ ដូចជា បន្ត​ជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ទីប្រជុំជន និង​ជនបទ តាម​សំណូមពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​មូលដ្ឋាន ពិសេស​រួមចំណែក​អភិវឌ្ឍខេត្ត​ឱ្យមាន​សម្ទុះ​រីកចម្រើន​»​។​

​ជាមួយគ្នានេះ លោក​បាន​បញ្ជាក់ដែរថា ចំពោះ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ ដែលមាន​ផ្ទៃ​បឹង ទំហំ​៣ ៥៥៧​ហិកតា ជា​ប្រភពទឹក​ដ៏​សំខាន់​មិនដែលរីងស្ងួតគ្រប់​រដូវ និង​មាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​ដល់​ការវិនិយោគ​ផ្នែក​វិស័យ​ទេសចរណ៍ ខណៈ​បច្ចុប្បន្ន​ក៏មាន​បណ្តា​ក្រុមហ៊ុន​មួយចំនួន​កំពុង​សិក្សា ដើម្បី​បង្កើតជា​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​រដ្ឋបាលខេត្ត​កំពុង​ពិនិត្យ​សិក្សា​លើ​គម្រោង​ទាំងនោះ​ផងដែរ​។​

​មិនតែប៉ុណ្ណោះ លោក​អភិបាលខេត្ត​អះអាងថា រដ្ឋបាលខេត្ត ក៏បាន​សហការ​ជាមួយ​អន្តរក្រសួង ដែល​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន ដើម្បី​ដាក់បញ្ចូល​រៀបចំ​បង្កើន​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌​ប្រវត្តិសាស្ត្រ នគរ​ភ្នំ​ឈើកាច់​បាភ្នំ ជា​តំ​បន់​ការពារ​ដោយ អនុក្រឹត្យ​នាពេល​ឆាប់ៗ​នេះ​។​

​បើតាម​លោក អ៊ុន សុធា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រៃវែង​បានឱ្យដឹងថា រយៈពេល ៥​ឆ្នាំ​មកនេះ ការងារ​សាធារណការ និង​ដឹកជញ្ជូន បានធ្វើ​ការថែទាំ និង​ស្ថាបនា​ផ្លូវ​របស់​ខេត្ត​រួមមាន ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​បាន​ប្រវែង​ជាង ២២៨ គីឡូម៉ែត្រ ​ផ្លូវ​បេតុង​ប្រវែង​ជាង ២៣ គីឡូម៉ែត្រ ​ផ្លូវដី​ល្បាយ​ថ្ម ក្រាល​ក្រួស​ក្រហម និង​ខ្សាច់​ភ្នំ​ប្រវែង​ជាង ៤៧១ គីឡូម៉ែត្រ​ ក្នុងនោះ​ខេត្ត​មាន ស្ពាន​ចំនួន ២០​កន្លែង មាន​ប្រវែង ៥៩៤​ម៉ែត្រ​, លូ​មូល​បណ្តោយ​ផ្លូវ​ប្រវែងជាង ៥គីឡូម៉ែត្រ​។​ ​

​ លោក​បញ្ជាក់ថា ដោយសារ​វិស័យ​ទេសចរណ៍​ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុកថា ជា​ឱស្សាហ​កម្ម​គ្មាន​ផ្សេង ហេតុនេះ​ជា​ចក្ខុវិស័យ​របស់​ខេត្ត​គឺ​នឹង​ខំ​ជំរុញ​កំណើន​ទេ​ចរ តាមរយៈ​ការខិតខំ​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ឱ្យ​ល្អ​បន្ថែមទៀត​។​

​បើតាម​របាយការណ៍រ​បស់​រដ្ឋបាល​ខេ​ត្ត​ព្រៃវែង បាន​បង្ហាញថា ខេត្តព្រៃវែង មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ចំនួន ១​កន្លែង គឺ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រនគរ​ភ្នំ ស្ថិតក្នុង​ស្រុក​បាភ្នំ​។ មាន​រមណីយដ្ឋាន​ធម្មជាតិ​ចំនួន ៣​កន្លែង គឺ​រមណីយដ្ឋាន​ទូល​ពន្ធ​តា​ឡី​បឹង​ស្នេហ៍ ដែលមាន​សត្វ​ស្លាប ជាច្រើន ប្រភេទ ពី​១៥​ម៉ឺន​ទៅ​២០​ម៉ឺន​ក្បាល កំពុង​រស់នៅ​, រមណីយដ្ឋាន​ស្ទឹង​ចារ (​ស្រុក​កំចាយមារ​) និង​រមណីយដ្ឋាន ដីដុះ (​សក​ពាម​ជរ​)​។ ជាងនេះទៀត ខេត្ត​ក៏មាន រមណីយដ្ឋាន​វប្បធម៌​ចំនួន ៣​កន្លែង គឺ​រមណីយដ្ឋាន​ទួល​បារាយ​អណ្តែត​រមណីយដ្ឋាន​ទួល​អស់លោក ប្រ​ធាតុ (​ក្រុង​ព្រៃវែង​) និង​រមណីយដ្ឋាន​ប្រាសាទព្រៃ​ដើម​ស្រុក (​ស្រុក​ស៊ីធរ​កណ្ដាល​) ។​

​ដោយឡែក ក្នុង​រយៈពេល​៥​ឆ្នាំ​ ពោល​ចាប់ពី​ឆ្នាំ​២០១៨-២០២២​មាន​ភ្ញៀវទេសចរ​សរុប​​ចំនួន​១ ៩២០ ៣៤៤​នាក់​ទៅកាន់​ខេត្តព្រៃវែង ដោយ​ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​ចំនួន​១ ៩០៥ ៧៦៥​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ សរុប​ចំនួន ១៤ ៥៧៩​នាក់​៕