ភ្នំពេញៈ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ដំណើរ​កម្សាន្ត​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ ​នៅ​ក្រសួង​បរិស្ថាន ​នា​ថ្ងៃទី​ ២២ ​ខែមីនា ​លោក ​ជួប ប៉ារីស​ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ធ្វើការ​ជាមួយ​វិស័យ​ឯកជន​ ដើម្បី​ពង្រឹង​ភាពជា​ដៃគូ ​និង​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​។

​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន​រូបនេះ ​ឱ្យដឹងថា ​ ការជួបជុំ​ក្នុង​សន្និសីទ​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ​សម្រាប់​ទាំងអស់​គ្នា ​ព្រោះ ​ជាការជួបជុំ​ដ៏​ពិ​សេស​មួយ​សម្រាប់​ដៃគូ​អភិវឌ្ឍន៍​សាធារណៈ ​ឯកជន​ និង​ដៃគូ​អភិវឌ្ឍន៍ ​ជួបពិភាក្សា​ផ្លាស់ប្តូរ​ការងារ ​និង​កង្វល់​ទាក់ទង​នឹង​បរិស្ថាន​ ការប្រែប្រួល​អាកាស​ធាតុ ​និង​និរន្តរភាព​។

​លោក​ជួប ប៉ារីស ​បញ្ជាក់ថា​៖«យើង​ជួបជុំគ្នា​ ដើម្បី​ផ្លាស់ប្តូរ​អំពី​ផែនការ ​អាទិភាព ​និង​ការសហការ​របស់​យើង​ផងដែរ​ ដើម្បី​កសាង​គោលដៅ​រួម​របស់​យើង​សម្រាប់​មនុស្ស​ជំនាន់​បច្ចុប្បន្ន ​និង​អនាគត»។​

​លោក​លើកឡើងថា​ បេសកកម្ម​របស់​ក្រសួង​បរិស្ថាន ​គឺ​ដើម្បី​គ្រប់គ្រង ​និង​ការពារ​ធនធាន​ធម្មជាតិ ​ដើម្បី​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់​ទទួលបាន​ផលប្រយោជន៍​។ លោក​ថា​ អនុវត្ត​តាម​គោលបំណង​នេះ ​ការបណ្តុះបណ្តាល ​និង​ការ​រួបរួមគ្នា​នៃ​វិស័យ​ទេសចរណ៍ ​ព្រមទាំង​សកម្មភាព​របស់​សង្គម​ស៊ីវិល ​គឺជា​តម្រូវការ​មួយ​ដើម្បី​ការពារ ​និង​ធ្វើឱ្យ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​មាន​សោភណភាព។​

​លោក​Jacques GUICHANDUUT ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន ​All Dreams Cambodia ​លើកឡើងថា ​កម្ពុជា​ជា​ប្រទេស​១​ក្នុង​ចំណោម​ប្រទេស​ងាយ​រងគ្រោះ​បំផុត​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ​ហើយ​ការបំពុល​ដោយ​ប្លាស្ទិក ​គឺជា​ផ្នែក​១​នៃ​បញ្ហា​។ ក្នុង​ទីក្រុង​ភ្នំពេញ​តែ​១ ​មាន​ថង់​ប្លាស្ទិក​ប្រមាណ​១០​លាន​ត្រូវបាន​ប្រើប្រាស់​ជា​រៀង​រាល់​ថ្ងៃ។

​លោក​បន្តថា ​ប្លាស្ទិក​ភាគច្រើន​ប្រើប្រាស់​ក្នុង​វិស័យ​ទេសចរណ៍ ​ត្រូវបាន​ផលិត​ ដើម្បី​បោះចោល ​ហើយ​ជារឿយៗ​មិនអាច​កែច្នៃ​ឡើងវិញ​បាន​ដែល​នាំឱ្យមាន​ការបំពុល​យ៉ាងច្រើន​។ ទន្ទឹម​នឹង​ការបំផ្លាញ​ជីវចម្រុះ ​ការផលិត​ប្លាស្ទិក​ថ្មី​ជាង ​៣០០​លាន​តោន ​ជា​រៀងរាល់​ឆ្នាំ ​ធ្វើឱ្យ​បាត់បង់​ធនធាន​ធម្មជាតិ ​និង​រួមចំណែក​ដល់​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដែល​បណ្តាលឱ្យ​មាន​ការប្រែប្រួល​អាកាស​ធាតុ។​

​លោក​បញ្ជាក់ថា​៖«ការបំពុល​ដោយ​ប្លាស្ទិក ​គឺជា​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​ដ៏​សំខាន់​មួយ​នៅ​សម័យ​របស់​យើង ​ហើយ​អ្នកទេសចរ ​មាន​តួនាទី​សំខាន់​ក្នុង​ការរួម​ចំណែក​ដល់​ដំណោះ​ស្រាយ»។​

​លោក​បន្តថា ​All Dreams Cambodia ​បានធ្វើការ​ឆ្ពោះ​ទៅរក​និរន្តរភាព​ក្នុង​វិស័យ​ទេសចរណ៍​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ​ដោយ​ទទួលយក​ផលប៉ះពាល់​ដែល​ឧស្សាហកម្ម​១​នេះ​មាន​លើ​បរិស្ថាន​យ៉ាង​ខ្លាំង ​ហើយ​បាននិង​កំពុង​តស៊ូ​មតិ​អំពី​គោលបំណង​នេះ​នៅពេល​ណា​ដែល​ក្រុមហ៊ុន​អាចធ្វើ​បាន​។​

​លោក​ថា​៖«យើង​ប្តេជ្ញា​ខ្លួន​យើង​ក្នុង​ការគោរព​សហគម​ន៍ ​សង្គម ​កាត់បន្ថយ​កាបូន​របស់​យើង​។ ប្រកាន់​ខ្ជាប់​នូវ​សុខុមាលភាព​សត្វ​របស់​យើង​ ហើយ​មាន​គោលបំណង​ជាមួយ​រាល់​ដំណើរ​កម្សាន្ត​ថ្មី ​ដែល​យើង​អភិវឌ្ឍ​ដើម្បី​ការពារ​បរិស្ថាន ​ជួយ​អ្នកស្រុក​ក្នុង​ការអភិវឌ្ឍ​ជីវភាព​រស់នៅ​របស់​ពួកគេ ​និង​រួមចំណែក​ក្នុង​វិធី​តូចតាច​របស់​យើង ​ដើម្បី​ធ្វើឱ្យ​ប្រទេស​យើង ​និង​ភពផែនដី​នេះ​ជា​កន្លែង​ប្រសើរ»។​

​លោក​បន្ថែមថា​ All Dream Cambodia ​លើកកម្ពស់​ការទិញ​សិប្បកម្ម ​និង​វត្ថុ​អនុស្សាវរីយ៍ ​ដែល​ផលិត​ក្នុងស្រុក ​ដើម្បី​បង្កើត​ប្រាក់ចំណូល​សម្រាប់​សហគម​ន៍ មូលដ្ឋាន​។ ជាង​នេះទៀត ​ក្រុមហ៊ុន ​ក៏​ធានា​នូវ​លទ្ធភាព​ទទួលបាន​ថាមពល ​និង​ទឹក​ដល់​សហគមន៍​មូលដ្ឋាន ​ដោយ​លើក​ទឹកចិត្ត​ឱ្យមាន​ឥរិយាបថ ​ប្រើប្រាស់​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​បន្ថែម​ទៀត​។​

​លោក​បញ្ជាក់ថា​៖«យើង​ទិញ​ទឹក​ចម្រោះ​ របស់​យើង​ពី​ក្រុមហ៊ុន ​TEUK SAAT ១០០១ ​ដែល ​ជា​អង្គការ​ក្នុងស្រុក ​ហើយ​បរិច្ចាគ ២​ដុល្លារ​សម្រាប់​អតិថិជន​របស់​យើង​ម្នាក់ៗ ​ដើម្បី​ផ្តល់​ទឹកស្អាត ​ដោយ​ឥតគិតថ្លៃ ​សម្រាប់​រយៈពេល​១​ឆ្នាំ​ដល់​កុមារ»។​

​នាយក​គ្រប់គ្រង​ក្រុមហ៊ុន ​All Dreams Cambodia ​លើកឡើង​ផងដែរ​ថា​ ក្រុមហ៊ុន​លោក​លើក​ទឹកចិត្ត​បុគ្គលិក​ឱ្យប្រើ​ប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ ​កង់​អេឡិច​ត្រូនិក ​និង​/ឬ​ដើរ​នៅពេល​ណា ​ដែល​អាចធ្វើ​ទៅបាន​។ ជាមួយ​គ្នា​នោះ​ក៏​ព្យាយាម​អស់​ពី​សមត្ថភាព ​ដើម្បី​ទិញ​ផលិតផល​ដែល​មាន​ការបញ្ជាក់​ពី​បរិស្ថាន​ផង​ដែរ​៕