ព្រះសីហនុៈ នាវា​ល្បាត​បារាំង​ ១ ​គ្រឿង ឈ្មោះ Prairial ប្រវែង​ជិត​ ១០០ ​ម៉ែត្រ ដែលមាន​នាវិក​ប្រមាណ ១០០​ នាក់ នឹង​ចូល​សំចត នៅ​កំពង់ផែ​ក្រុង​ព្រះ​សីហនុ រយៈពេល​ ៥​ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២៤-២៨ ខែមីនា ដើម្បី​រឹតចំណង​មិត្តភាព រវាង​កងទ័ព​បារាំង និង​កងទ័ព​កម្ពុជា​។​

​ស្ថានទូត​បារាំង​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ២២ ខែមីនា ថា បន្ទាប់ពី​ការបំពេញ​បេសកកម្ម​យ៉ាងយូរ​លើ​ផ្ទៃសមុទ្រ ការចូល​សំចត​នេះ​នឹង​ជា​ឱកាស​មួយ​ក្នុងការ​រឹតចំណង​មិត្តភាពរ​វា​ង​កងទ័ព​បារាំង និង​កងទ័ព​​កម្ពុជា​។ ការចូល​សំចត​ចុង​ក្រោយ​របស់​នាវា​បារាំង​នៅ​កម្ពុជា បានធ្វើ​ឡើង កាលពី​ឆ្នាំ​ ២០១៦ ហើយ​ការចូល​សំចត ដែល​គ្រោង​ធ្វើឡើង កាលពី​ឆ្នាំ ២០២០-២០២១ មិនអាច​ប្រព្រឹត្តទៅបាន ដោយសារ​ស្ថានភាព​សុខាភិបាល​។

​ស្ថានទូត​បារាំង​បញ្ជាក់ថា​៖ «​ដូច្នេះ ទស្សនកិច្ច​របស់​នាវា Prairial គឺជា​សញ្ញា​ថ្មី​មួយ​ទៀត នៃ​ភាពរស់រវើក នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២»​។

​នាវា Prairial ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Papeete របស់​បារាំង គឺជា​នាវា របស់​កងទ័ព​បារាំង​នៅ​ប៉ូ​លី​នេ​ស៊ី ​(Polynesia) ដែលជា​ទឹកដី​ក្រៅប្រទេស​របស់​បារាំង​។ Polynesia គឺជា​តំបន់​ប្រជុំ​កោះ​ដ៏​ធំ​មួយ​នៅក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​។​

​នាវា​នេះ​ស្ថិតក្រោម​ការបញ្ជា​របស់​លោក​ឧ​ត្ត​មនា​វី​ត្រី Geoffroy d''Andigne'' ហើយ​ត្រូវបាន​ប្រើប្រាស់ សម្រាប់​ការបំពេញ​បេសកកម្ម​ផ្សេងៗ ដូចជា​ការការពារ​អធិបតេយ្យ​នៅតាម​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​បារាំង ឬ​ការ​ផ្តល់ជំនួយ​ដល់​ប្រជាជន ឬ​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​នា​នា​។

​ស្ថានទូត​បារាំង​បញ្ជាក់ថា នាវា​នេះ​មាន​បណ្តោយ​ប្រវែង​ ៩៤​ ម៉ែត្រ ហើយ​មាន​សមាជិក​នាវិក​ប្រមាណ​ ១០០​ នាក់ ដោយមាន​ផ្ទុក​ឧទ្ធម្ភាគចក្រ​ ១ ​គ្រឿង​ប្រភេទ Dauphin​។ ជាទូទៅ នាវា Prairial ចូលរួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការនេសាទ​ខុសច្បាប់​ក្នុង​ដែន​​ទឹក​អន្តរជាតិ និង​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​បណ្តា​​ប្រទេស​ដែន​កោះ​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​។

​នាវា​នេះ​តែងតែ​បំពេញ​បេ​សក​កម្ម​ជាប្រចាំ​នៅ​តំបន់​អា​ស៊ី ដើម្បី​គូសបញ្ជាក់​អំពី​ការ​ប្រកាន់ខ្ជាប់​របស់​បារាំង​ចំពោះ​ការគោរព​ច្បាប់​អន្តរជាតិ និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅក្នុង​តំបន់​រួម​។

​ក្រុម​នាវិក​តែង​ធ្វើការ​ផ្លាស់​ប្តូរ​សកម្មភាព​ជាមួយ​កង​​កម្លាំង​នៃ​ប្រទេស​អាស៊ាន កូរ៉េខាងត្បូង និង​ជប៉ុន ដែល​ជួយ​ពង្រឹង​លទ្ធភាព​នៃ​ការធ្វើ​ប្រតិបត្តិការ​ចម្រុះ​ជាមួយ​ទា​ហាន​ជើង​ទឹក​នៃ​ប្រទេស​ដៃគូ​។ ជាក់ស្តែង​នាពេល​កន្លងមក​នាវា​នេះ​បាន​ចូលរួម​ក្នុង​សម​យុទ្ធ​មួយ ជាមួយ​ឆ្មាំ​សមុទ្រ​​ហ្វីលីពីន​។

​ស្ថានទូត​បារាំង​បន្តថា​៖ «​នៅ​ប្រទេស​កម្ពុជា ការចូល​សំចត​នេះ នឹង​ជា​ឱកាស​ផ្លាស់ប្តូរ​បទពិសោធន៍ ជាពិសេស​រវាង​ទាហាន ជើងទឹក​បារាំង និង​កម្ពុជា តាមរយៈ​ការបង្ហាញ​យុទ្ធសាស្ត្រ និង​ជំនួប​ស្និទ្ធ​ស្នាល​ផ្សេងៗ​ទៀត ដូចជា​ការ​ប្រកួត​បាល់ទាត់​ជាដើម​»​។

​ការចូល​សំចត​របស់​នាវា Prairial ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធសាស្ត្រ​របស់​បារាំង​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ បារាំង​ក៏​ជា​ប្រទេស​អធិបតេយ្យ​មួយ​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ផងដែរ ព្រោះ នៅក្នុង​តំបន់​នេះ​បារាំង​មាន​ទឹកដី​ឯនាយសមុទ្រ​ចំនួន​ ៧ ដោយមាន​ពលរដ្ឋ​បារាំង​រស់នៅ​ចំនួន ​១,៦​ លាន​នាក់ និង​យោធា​បារាំង ចំនួន ៧ ០០០​ នាក់​។ ៩៣ ​ភាគរយ​នៃ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​បារាំង​ស្ថិតក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។

​ស្ថានទូត​បារាំង បានឱ្យដឹង​ទៀតថា ការចូល​សំចត​របស់​នាវា Prairial ឆ្លុះបញ្ចាំង​ពី​ការលើក​កម្ពស់​ទំនាក់ទំនង​បារាំង​-​កម្ពុជា ដែល​ស្តែងចេញ​តាមរយៈ​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​ជាច្រើន​នៅ​ឆ្នាំនេះ​។ វា​ក៏​ជា​លទ្ធផល​នៃ​ការពង្រឹង​ភាពជា​ដៃគូ​រវាង​បារាំង​ជាមួយ​អាស៊ាន​ផងដែរ​។

​បច្ចុប្បន្ន បារាំងក៏បាន​ក្លាយទៅជា​សមាជិក​សង្កេតការណ៍​នៅក្នុង​ក្រុមការងារ​ចំនួន​ ២ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​(ADMM+) ក្នុងនោះ​មាន​ក្រុម​ការងារ​ទទួលបន្ទុក​សន្តិសុខ​លម្ហ​សមុទ្រ​។

ស្ថានទូត​បញ្ជាក់ថា​៖ «​នេះ​គឺជា​ការទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បារាំង​សម្រាប់​សន្តិសុខ​តំបន់ និង​ការគាំទ្រ​ដល់​ដំណើរការ​សន្តិ​សុខ​ជាទូទៅ ដែល​អាស៊ាន​ស្ថិតនៅ​ចំ​កណ្តាល​»​។

​លោក​ យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ២២ ខែមីនា ថា ការធ្វើ​ចរាចរណ៍​នាវា​ល្បាត​របស់​បារាំង​នៅក្នុង​តំបន់ ឬ​នៅក្នុង​ដែន​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ គឺជា​ការធ្វើ​ចរាចរណ៍​ធម្មតា ដោយ​បា​រាំងជា​ប្រជាជាតិ​នៃ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ​ផងដែរ​។

​លោក​បាន​បន្ថែមថា មួយ​វិញទៀត កម្ពុជា​ក៏បាន​បង្ហាញ​ដែរ​ថា កម្ពុជា​ស្វាគមន៍​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់ ហើយ​កំពង់ផែ​ក្រុងព្រះសីហនុ នាពេល​កន្លងទៅ ឃើញថា មានការ​ចូល​សំចត​ជា​ហូរហែ​ដូចគ្នា មាន​ទាំង​នាវា​សហរដ្ឋអាមេរិក អូស្ត្រាលី អង់​គ្លេ​ស និង​ប្រទេស​ដទៃទៀត​។

​លោក​ យង់ ពៅ បាន​ថ្លែងថា​៖ «​កម្ពុជា​ផ្ដល់​កិច្ចសហការ​ដូចគ្នា មិន​រើសអើង​ទេ​។ អ៊ីចឹង កន្លែង​នេះ បញ្ជាក់ថា កម្ពុជា​យើង​មិនបាន​រើសអើង​ក្នុង​ទំនាក់ទំនង​អន្តរជាតិ ក៏ដូចជា​ទំនាក់ទំនង​ទ្វេភាគី​ដែរ គឺ​មិន​ដូចដែល​និន្នាការ​នៃ​ទស្សនៈ​ប្រឆាំង ដែលថា កម្ពុជា​ចេះតែ​ឱប​ជើង​ចិន​អី​ជាដើម​។ ផ្ទុយ​ទៅវិញ កម្ពុជា​ពង្រីក​កិច្ចសហការ​អន្តរជាតិ​គ្រប់​និន្នាការ គ្រប់​តំបន់ គ្រប់​ទ្វីប ដើម្បី​ពង្រីក​ទំនាក់ទំនង ពង្រីក​ភាពជា​ប្រទេស​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​របស់ខ្លួន ដោយ​មិន​រើសអើង​ទៅលើ​ប្រទេស​ណា​នោះទេ​»៕