​ភ្នំពេញៈ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហនុ​រាជ ​(​ព​.​ស​.​ស​.)​ ដែលជា​ស្ថា​ប័ន​អប់រំ​បណ្តុះបណ្តាល​កម្រិត​ឧ​ត្ត​ម​សិក្សា​ដ៏​មាន​វ័យ​ចំណាស់​បំផុត​នៅ​កម្ពុជា គ្រោង​បើក​បង្រៀន​ថ្នាក់បណ្ឌិត​ភាសា​បាលី នៅពេល​ខាងមុខ ដើម្បី​ជំរុញ​ការសិក្សា​របស់​សមណ​និស្សិត និង​និស្សិត​បន្ត​ទៅមុខទៀត​។

​ព្រះ​តេជគុណ យ៉​ន សេង​យៀ​ត សាកលវិទ្យាធិការរង​ទទួលបន្ទុក​សាកល​​វិទ្យាល័យ​ព្រះសីហនុ​រាជ មាន​ថេរ​ដីកា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារ​មាន​ធនធានមនុស្ស​មួយចំនួន បានបញ្ចប់​ការសិក្សា​កម្រិត​បណ្ឌិត​ពី​សាកល​វិទ្យា​​ល័យ​ពី​ប្រទេស​ស្រីលង្កា និង​ប្រទេស​ភូមា ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ អាចមាន​លទ្ធភាព​បើក​ថ្នាក់​កម្រិត​បណ្ឌិត​លើ​មុខវិជ្ជា​ភាសាបាលី បន្ត​ពី​ថ្នាក់អនុបណ្ឌិត​ដែល​កំពុង​បណ្តុះបណ្តាល​សព្វថ្ងៃនេះ​។ ព្រះអង្គ មាន​ថេរ​ដីកា​ថា​៖ «​យើង​កំពុង​រៀបចំ​ចាប់ផ្តើម​បង្កើត​ថ្នាក់បណ្ឌិត​ទៀត​»​។

​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​អប់រំ​នៅក្រៅ​ប្រទេស​មានដូចជា​ប្រទេស​ឥណ្ឌា​ជាដើម​។ ជាក់ស្តែង កាលពី​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ ​២០២៣ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ សាកល​​វិទ្យាល័យ​សោ​មៃ​យ វិទ្យា​វិហារ ប្រទេស​ឥណ្ឌា (Somaiya Vidyavihar University,Mumbai,lndia) ដោយមាន​គោលបំណង​បង្កើត​វេទិកា​សិក្សា​មួយ ដើម្បី​ចូលរួម​ជាមួយ​និស្សិត និង​សាស្ត្រា​​ចា​រ្យ​វ័យក្មេង ដើម្បី​បង្កើត​សមត្ថភាព​សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​រួម​នៃ​គុណភាព និង​ប្រព័ន្ធ​អប់រំ​ទំនើប​។​

​យោងតាម​ខ្លឹមសារ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ភាគី​ទាំង​ ២ ​នឹង​ផ្តោត​សំខាន់​លើ​ការ​ផ្តាស់​ប្តូរ​និស្សិត (Students Exchange) ការ​ផ្តាស់​ប្តូរ​ទស្សនកិច្ច​សិក្សា (Faculty Visit and Exchange) ការសិក្សា​ឆ្លង​ស្ថាប័ន (Cross institutional Study) ការលើកកម្ពស់​មុខវិជ្ជា​សិក្សា (Promotion of Courses and Pathway) ការចែករំលែក​ព័ត៌មាន និង​សេវាកម្ម​ជាដើម​។

​ព្រះ​តេជគុណ ​យ៉​ន សេង​យៀ​ត បានឱ្យដឹងថា ព្រះអង្គ​កំពុង​សិក្សា​បង្កើត​កិច្ច​​សហប្រតិបត្តិការ​ជាមួយ​បណ្តា​សាកល​វិទ្យាល័យ​មួយចំនួន នៅក្នុង​ប្រទេស​ថៃ ស្រីលង្កា និង​មី​យ៉ាន់​ម៉ា សម្រាប់​ពុទ្ធ​សាសនា​ថេរវាទ និង​ពុទ្ធសាសនា​មហា​យាន ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​នៅ​ប្រទេស​កូរ៉េ ចិន និង​កោះ​តៃវ៉ាន់​។ ក្រៅពីនោះ ក៏មាន​សាកលវិទ្យាល័យ នៅ​សហរដ្ឋ​អាមេរិក​ផងដែរ​។

​ព្រះអង្គ​បញ្ជាក់ថា​៖ «​ដោយ​ផ្អែកលើ​មូលដ្ឋាន​របស់​យើង​ដែលមាន​ឯកទេស​ស្នូល​នៃ​ការបណ្តុះបណ្តាល​លើ​បាលី​សំស្ក្រឹត និង​ព្រះពុទ្ធសាសនា យើង​ផ្តោតលើ​ឯកទេស​ទាំងនេះ​នៅពេល​យើង​ចុះ MoU ជាមួយ​ប្រទេស​ខាងក្រៅ​។ យើង​ក៏​នឹងមាន​ការសហការ​លើ​ឯកទេស​ផ្សេងៗ​ដែរ ប៉ុន្តែ​ជា​ចម្បង​អាត្មា​ព្យាយាម​ធ្វើការ​ជាមួយ​សាកល​វិទ្យា​ល័យ​ដទៃ ដោយ​ផ្តើមចេញពី​ឯកទេស​ពុទ្ធសាសនា​នេះ​»​។

​ព្រះ​តេជគុណ សែម ឈុនលី ដែលជា​ព្រះសង្ឃ​ខ្មែរ​រៀន​ចប់​ថ្នាក់បណ្ឌិត​ភាសាបាលី ពី​ប្រទេស​ស្រីលង្កា​កាលពី​ឆ្នាំ​ ២០២២ និង​ជា​ប្រធាន​សមាគម​ទ្រទ្រង់​បាលី​ដែល​ទើប​បង្កើតឡើង​នៅ​កម្ពុជា បាន​មាន​ថេរ​ដីកា​ថា រហូតដល់​ពេលបច្ចុប្បន្ន​នេះ ព​.​ស​.​ស បាន​បណ្តុះ​បណ្តាល​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ជាន់ខ្ពស់​ភាសា​បាលី​ចំនួន​ ២ ​ជំនាន់ ហើយ​ជំនា​ន់ទី​ ១ នឹងត្រូវ​ការពារ​សា​រណា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ចុងខែ​មេសា​ខាងមុខ​។

​ព្រះ​តេជគុណ ​សែម ឈុនលី បច្ចុប្បន្ន​ក៏​កំពុង​បំពេញ​តួនាទី​ជា​អនុ​​ប្រធាន​នៃ​ការិយាល័យ​ក្រោយ​ឧ​ត្ត​ម​សិក្សា​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​​រាជ​ផងដែរ​នោះ លើកឡើងថា ដោយមាន​ការលើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ស្ថា​ប័ន​ព្រះពុទ្ធសាសនា​គ្រូ​ភាសាបាលី​បញ្ចប់​បរិញ្ញាបត្រ​មុខវិជ្ជា​ផ្សេងៗ ប៉ុន្តែ​បាន​បង្រៀន​យូរ​ឆ្នាំ​ក៏​អាចមាន​សិទ្ធិ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ភាសាបាលី​បាន​ផងដែរ​។

​ព្រះអង្គ​បញ្ជាក់ថា​៖ «​យើង​មាន​សមត្ថភាព​បើក​បាន ប៉ុន្តែ​យើង​ត្រូវ​រៀបចំ​ដំណើរការ​លិខិត​គតិ​យុត្ត​នានា ហើយ​ម្យ៉ាងទៀត យើង​នៅ​ខ្វះ​កញ្ចប់​ថវិកា ព្រោះ​ការបើក​ថ្នាក់បណ្ឌិត ការប្រើប្រាស់​ថវិកា​កាន់តែច្រើន​»​។

​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ដែលជា​ធុរជន​កំពុង​ដឹកនាំ​ក្រុមហ៊ុន​ឯកជន​ក្នុង​វិស័យ​អប់រំ និង​ក្នុង​វិស័យ​ផ្សេងៗ​ទៀត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​បានផ្តល់​អាហារូបករណ៍​អស់​ជាង​ ២០ ០០០​ ដុល្លារ​សម្រាប់​ព្រះសង្ឃ​ក្នុង​វិស័យ​ពុទ្ធ​​សាសនា ដែល​សិក្សា​នៅ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ​។

​លោកបញ្ជាក់ថា​៖ «​ការផ្តល់​អាហារូបករណ៍​នោះ គោលដៅ​តែមួយ​ទេ គឺ​ជួយ​ពង្រឹង​គ្រឹះ​នៃ​សាសនា ពង្រឹង​គ្រឹះ​នៃ​អក្សរសាស្ត្រ អក្សរសិល្ប៍​របស់​ខ្មែរ​យើង ឱ្យមាន​ភាពរឹងមាំ ឱ្យ​មានការ​ជ្រោមជ្រែង​ភាសា​នៃ​សាសនា​ជាតិ​យើង ដែលជា​ភាសា​គ្រឹះ​នៃ​ជាតិ​យើង​ដែរ​»​។

​យោងតាម​របាយការណ៍​របស់​ក្រសួង​ធម្មការ និង​សាសនា កម្ពុ​ជាមាន​វត្ត សរុប​ចំនួន ៥ ១៣៣ និង​ព្រះសង្ឃ​សរុប ៦៨ ៩៦៧​ អង្គ គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២២៕