ភ្នំពេញៈ ដោយ​ចាប់កំណើត​ក្នុង​ត្រកូល​គ្រួសារ​នៃកសិករដែល​មានជីវភាពធូរធាមធ្យមមួយ ស្ថិត​នៅ​ខេត្ត​ពល្លាវ ​(​អតីត​ខេត្ត​ក្រមួនស​)​ កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​វៀតណាម​ប្ដូរ​ជា​ខេត្ត ​Bac Lieu នោះ ទារក ដា​ញ់ ហុង ដែល​ទើប​កើត​បាន ​៨ ​ខែ​ក៏ត្រូវ​ម្តាយ​ស្លាប់ចោល​ក្នុង​កាលៈទេសៈ​ដែល​កំពុង​សង្គ្រាម​រវាង​អាមេរិក និង​វៀតណាម ក្នុង​ឆ្នាំ​ ១៩៧៣​។​

​ចាប់ពីពេលនោះ​មក ឪពុក​របស់​ទារក ដា​ញ់ ហុង ត្រូវ​ទទួល​រ៉ាប់រង​ចិញ្ចឹម​កូនៗ​ប្រុស​ស្រី​ទាំង​ ៨​ នាក់​យ៉ាង​ត្រ​ដាប​​ត្រ​ដួស​បំផុត ​ដែល​គាត់​គ្រាន់​តែមាន​របរ​ត្រឹម​ជា​អ្នក​ធ្វើស្រែ​ចម្ការ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ប្រហែលជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ឬក៏​អ្នកប្រើប្រាស់​កុំព្យូទ័រ​វាយ​អក្សរ​ខ្មែរ​មួយចំនួន​អាច​មិនដឹងថា លោក ដា​ញ់ ហុង ជា​អ្នកបង្កើត​ពុម្ពអក្សរ​យូ​នី​កូដ​ដែល​កំពុងដំណើរកា​រ​នៅក្នុង​កុំព្យូទ័រ​សព្វ​ថ្ងៃ​ឡើយ​។​

​ក្នុង​សំនៀង​និយាយ​ភាសា​ខ្មែរ​ច្បាស់​ជាង​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ដទៃទៀត​នោះ លោក ដា​ញ់ ហុង ដែល​បច្ចុប្បន្ន​មាន​វ័យ​ ៥១ ​ឆ្នាំ បាន​រៀបរាប់​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា លោក​មាន​ភ​រិ​​យា និង​មាន​កូនស្រី​ច្បង​អាយុ ​១៣​ ឆ្នាំ និង​កូនប្រុស​អាយុ ​១០ ​ឆ្នាំ​រស់នៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​​ភ្នំពេញ​។

​លោក​ ដា​ញ់ ហុង បាន​រំឭក​ពី​ប្រវត្តិ​របស់លោក​ថា លោក​មាន​បងប្អូន​ចំនួន​ ៨ ​នាក់ ប្រុស​ ៤​ នាក់ និង​ស្រី​ ៤​ នាក់ ហើយ​លោក​គឺជា​កូន​ទី​ ៤ ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ប៉ោង ស្រុក​ឡាំង​យឿ ខេត្ត​ពល្លាវ កម្ពុជា​ក្រោម​។ នៅពេលដែល​លោក​មាន​អាយុ ៨ ​ឆ្នាំ ត្រូវ​ឪពុក​របស់លោក​បញ្ជូន​ឱ្យទៅ​រៀន​នៅ​សាលាបឋមសិក្សា​មួយ​ឈ្មោះ​សាលាបឋមសិក្សា​ឡាំង​យឿ ដែល​ស្ថិតក្នុង​ស្រុក​ឡាំង​យឿ ខេត្ត​ពល្លាវ​។​

​លោក​បាន​បន្តថា ទោះបីជាជីវភាពជាគ្រួសារកសិករ​ ក៏​ឪពុក​ម្នាក់ម្នាក់ឯង​​ជា​អ្នករ៉ាប់រង​ចិញ្ចឹម​បីបាច់​កូន​ដល់​ទៅ​ ៨ ​នាក់​​។ ​​រៀងរាល់ថ្ងៃ​ក្នុង​ចម្ងាយ​ផ្លូវថ្មើរជើង​​ចម្ងាយ​​ជាង ​២ ​គីឡូម៉ែត្រ​ឯណោះ​ ដែលលោកត្រូវដើរទៅសាលារៀន ក៏ព្រោះ​ឪពុកលោកចង់​ឱ្យកូន​មានការតស៊ូ​នៅ​ក្នុងជីវិត​។

​ប៉ុន្តែ​សភាព​បែបនេះ​បាន​ជំរុញ​លោក​ឱ្យមាន​ទឹកចិត្ត​កាន់តែ​ខំរៀន​ថែមទៀត​រហូតដល់​ចប់​ថ្នាក់​ទី​ ១២ ​នៅ​វិទ្យាល័យ​ឡាំង​យឿ​ ក្នុង​ឆ្នាំ ​១៩៩១​។​លោក​បន្តទៀតថា បន្ទាប់ពី​រៀន​ចប់​ថ្នាក់​ទី​ ១២ ​មក លោក​ទទួលបាន​អាហារូបករណ៍​ហើយ​បាន​ចាក​ចេញពី​ឪពុក​របស់លោក​មក​ទីក្រុង​ហូជីមិញ ដើម្បី​រៀន​បន្ត​នៅ​សាកលវិទ្យាល័យ​ច្បាប់ រយៈពេល​ ៥ ​ឆ្នាំ​ទៀត​។

​ដោយសារតែ​លោក​គ្មាន​ប្រាក់​សម្រាប់​ជួល​បន្ទប់​ស្នាក់នៅ​រៀនសូត្រ​ក៏ត្រូវ​បាន​ខាង​សាកល​វិទ្យា​ល័យ​អនុញ្ញាតឱ្យ​ស្នាក់​នៅក្នុង​អន្តេវាសិកដ្ឋាន​។ ប៉ុន្តែ​លោក​ក៏ត្រូវ​ការប្រាក់​ខ្លះៗ ដើម្បី​ចាយ​​វាយ​សម្រាប់​ទិញ​សម្ភារ​សិក្សា​មួយចំនួនទៀត​ដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ថ្លៃ​សាលា​កាលនោះ​យើង​អត់​មាន​បង់​ទេ កាលនោះ​យើង​ប្រឡង​ជាប់​អាហារូបករណ៍​អត់​សូវ​ចំណាយលុយ​ច្រើន​ប៉ុន្មាន​ទេ កាលនោះ​ថ្លៃ​បាយ​ដែរ​។ តែ​ឥឡូវនេះ​និស្សិត​អត់​ដូច​សម័យ​ខ្ញុំ​ទេ​»​។​

​បើតាម​លោក ដា​ញ់ ហុង ចំពោះ​សិស្ស​ដែល​ប្រឡង​អា​ហា​រូបករណ៍​មិន​ជាប់ គឺ​គាត់​អាច​ជួល​អន្តេវាសិកដ្ឋាន​ស្នាក់​នៅបាន ព្រោះ​ជា​ផ្ទះ​របស់​រដ្ឋ ហើយ​មានតម្លៃ​ជួល​ថោក​ដែរ​ទេ​។​កាលពី​សម័យ​ខ្ញុំ គឺ​មិនអាច​រក​ការងារ​ក្រៅ​ដើម្បី​រកប្រាក់​មក​ផ្គត់ផ្គង់​ខ្លួនឯង​បានទេ ព្រោះ​កាលនោះ​មិនមាន​ការងារ​ក្រៅ​ម៉ោង​ធ្វើ​ឡើយ ក៏ប៉ុន្តែ​និស្សិត​នៅ​សម័យនេះ​គេ​អា​ចរក​ការ​ងារ​ធ្វើបាន​ដូចជា មានគ្រួសារ​អ្នកមាន​ដែល​នៅក្បែរៗ​សាកលវិទ្យាល័យ​គេ​ជួល​និស្សិត​ទៅ​បង្រៀន​គួរ​កូនៗ​របស់គេ​អ៊ីចឹងទៅ​។ «​ប៉ុន្តែ​ឥឡូវនេះ​ខុសគ្នា​កាលពីមុន ដោយ​ការងារ​ក្រៅ​ម៉ោង​ក៏​សម្បូរ ក៏ប៉ុន្តែ​ថ្លៃ​សាលា​ក៏ត្រូវ​បង់ ហើយ​ថ្លៃ​ស្នាក់នៅ​អត់​មានហ្រ្វ៊ី​ដូច​មុន​ទេ ពោលគឺ​នៅ​ស្រុក​​វៀតណាម និង​ស្រុក​ខ្មែរ​ដូចគ្នា​»​។​

​លោក​បញ្ជាក់ថា តាមពិតទៅ​ក្រោយពី​សិក្សា​ផ្នែក​ច្បាប់​ចប់​រយៈពេល​​ ៥​​ ឆ្នាំ​នៅ​ឆ្នាំ​ ១៩៩៧ ថ្នាក់​បរិញ្ញាបត្រ​ច្បាប់​ជំនាញ​ព្រហ្មទណ្ឌ គឺ​លោក​ត្រូវ​ចូល​បម្រើការ​រដ្ឋ ដូចជា​ផ្នែក​តុលា​ការធ្វើជា​ចៅក្រម ឬ​បើ​ផ្នែក​នគរបាល​ក៏​ជា​នគរបាល​យុ​ត្តិ​ធម៌​ដែរ​។ ប៉ុន្តែ​ដោយសារ​ស្រឡាញ់​ជំនាញ​ច្បាប់​ដែល​មិនអាច​គេច​រួច​នោះ លោក​ក៏បាន​ប្រឡង​ជាប់​ក្នុង​ស្ថាប័នរដ្ឋ​មួយ​ដែលមាន​ឈ្មោះថា ​[​គណៈកម្មាធិការ​ជនជាតិ និង​តំបន់ភ្នំ​នៅ​ប្រទេស​វៀតណាម​] អស់​រយៈ​​ពេល ​៣ ​ឆ្នាំ​។​

​លោក​ ហុង បាន​បន្ដថា ក៏ប៉ុន្ដែ​ខណៈពេលដែល​លោក​កំពុង​បម្រើ​ការងារ​ឱ្យ​ស្ថាប័ន​នេះ​ក៏ត្រូវ​ខាង​សាកលវិទ្យាល័យ​ដែល​លោក​ធ្លាប់​សិក្សា គេ​ដឹងថា​លោក​ចេះ​ភាសា​ខ្មែរ និង​ចេះ​ភាសា​វៀតណាម​យ៉ាង​ស្ទាត់ជំនាញ​ផង​នោះ ក៏​ស្នើឱ្យ​លោក​ចងក្រង​ជា​វចនានុក្រម​ខ្មែរ​-​វៀតណាម ដើម្បី​ទុកឱ្យ​និស្សិត​​ខ្មែរ​ដែល​ទៅ​សិក្សា​នៅ​ប្រទេស​​វៀតណាម​គ្រាន់​ស្រាវជ្រាវ​រៀនសូត្រ​បន្ត​។​

​លោក​បន្ថែមទៀតថា កាលពី​លោក​កំពុង​សិក្សា​នៅ​មហា​​វិទ្យាល័យ​ច្បាប់​ក៏មាន​រៀន​ជំនាញ ​Programming Computer ​ដែរ ហើយ​ពេល​លោក​បាន​បម្រើ​ការងារ​នៅ​ស្ថាប័ន​គណៈ​​ក​ម្មា​ធិ​ការ​ជនជាតិ និង​តំបន់ភ្នំ​នៅ​ប្រទេស​វៀតណាម​ដែលមាន​ការប្រើប្រាស់​កុំ​ព្យួ​ទ័​រ​ដែរនោះ លោក​ក៏​ចេះតែ​ខិតខំ​ស្រាវជ្រាវ​បង្កើតបាន​ពុម្ពអក្សរ​ខ្មែរ​រួម​នឹង​កម្មវិធី​ខ្លះៗ​ដែរ​។ បន្ទាប់មក​ដោយ​លោក​មើលឃើញថា​នៅ​ប្រទេស​កម្ពុជា​អាចធ្វើ​បាន និង​រួមផ្សំ​លោក​បាន​ស្គាល់​មិត្តភក្តិ​ខ្មែរ និង​បរទេស​មួយចំនួន​ផង​នោះ លោក​ក៏​មក​ប្រទេស​កម្ពុជា​នៅក្នុង​អំឡុង​ឆ្នាំ​ ២០០០​។​

​លោក​បាន​ប្រាប់ទៀតថា​៖ «​ដំបូង​ខ្ញុំ​មក​ធ្វើការ​ក្រៅ​ម៉ោង​ក្នុង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប​ផ្នែក Graphic design ព្រោះ​ការងារ​នេះ វា​អំណោយ​ផល​ជាង​ការងារ​ធ្វើ​ពុម្ពអក្សរ​។​តែ​ក៏​ខ្ញុំ​បន្តការងារ​រៀប​ពុម្ពអក្សរ​ខ្មែរ​ដែរ​រហូត​ខ្ញុំ​បាន​បង្កើត​ពុម្ព​អក្សរ​យូ​នី​កូដ​ដែល​ប្រើប្រាស់​សព្វថ្ងៃនេះ​»​។​

​លោក​បាន​បញ្ជាក់ថា ក្រោយពី​ធ្វើការ​នៅ​ខេត្តសៀមរាប​ចប់​នៅ​អំឡុង​ឆ្នាំ​ ២០០២-២០០៣ លោក​ក៏បាន​ធ្វើដំណើរ​មករា​ជ​ធានី​ភ្នំពេញ​ចូល​បម្រើ​ការងារ​ក្រៅ​ម៉ោង ​(Freelancer) ជា​​មួយ​អង្គការ​មួយចំនួន​ហើយក៏​មាន​ធ្វើ​កម្មវិធី​ពាក់ព័ន្ធ​នឹង​ពុម្ព​អក្សរ​នេះដែរ​។​

​ចំពោះ​មូលហេតុ​ដែល​លោក​បង្កើត​ពុម្ពអក្សរ​យូ​នី​កូដ​នេះ​ដំបូង​ឡើយ លោក​បង្កើត​ដើម្បី​ប្រើប្រាស់​ខ្លួនឯង​ទេ តែ​បន្ទាប់​មក​ទើប​លោក​បាន​ចែករំលែក​តាម​បណ្តាញ Forum​ ទៅឱ្យ​មិត្តភក្តិ ឬ​អ្នក​ស្គាល់គ្នា​ប្រើ និង​បាន​ចែកចាយ​បន្ត​គ្នា​រហូតមកទល់​បច្ចុប្បន្ន​តែម្ដង​។​

​ទោះបីជា​លោក​បាន​បង្កើត​ស្នាដៃ​អក្ខរ​ខែ្មរ​នៅក្នុង​កម្មវិធី​កុំព្យូទ័រ ឬ​ប្រព័ន្ធ​ឌីជីថល​ផ្សេងទៀត​ក៏ដោយ ក៏​លោក ដា​ញ់ ហុង មិនទាន់​ស្កប់​ចិ​ត្ដ​ឡើយ ដោយ​បច្ចុប្បន្ន​លោក​កំពុងតែ​ស្រាវជ្រាវ​កម្មវិធី​កែ​អក្ខរាវិរុទ្ធ​ខ្មែរ​បន្តទៀត​ដើម្បី​បញ្ចូល​ទិន្ន​ន័យ​បន្ថែម​ក្នុង​បំណង​ធ្វើឱ្យ​កម្មវិធី​កាន់​តែមាន​ភាពប្រសើរឡើង ប៉ុន្ដែ​ការងារ​នេះ​លោក​អាច​ប្រើពេល​បន្តទៀត​ប្រមាណ​ពី​ ៥ ​ទៅ ​១០ ​ឆ្នាំ​ត​ទៅមុខទៀត​។​

​បើតាម​លោក ដា​ញ់ ហុង កម្មវិធី​ថ្មី​នេះ​គឺ​សម្រាប់​ជា​ជំនួយ​ដល់​អ្នកប្រើប្រាស់​អក្ខរាវិរុទ្ធ​ខ្មែរ​ឱ្យបាន​ត្រឹមត្រូវ​ដែល​ជួនកាល​គាត់​មិនសូវ​ចេះ​ភាសា​ខ្មែរ ឬ​គាត់​ចេះ​ដែរ តែ​អាច​សរសេរ​ច្រឡំ​ដៃ​ខ្វះ​បន្តក់ ឬ​ខ្វះ​តួអក្សរ​ឬ​ព្យញ្ជនៈ​ណាមួយ ហើយ​នៅ​ថ្ងៃទី​ ២៦ ខែមីនា ឆ្នាំ ​២០២៣​ នេះ លោក​ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹង​អញ្ជើញ​ឱ្យទៅ​បង្ហាញ​ពី​កម្មវិធី​កែ​អក្ខរាវិរុទ្ធ​នៅក្នុង​ពិធី​តាំង​​ពិព័រណ៍​នៅ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​៕