ភ្នំពេញៈ លោក​ឧបនាយក​​រដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ឱ្យ​ក្រសួងយុត្តិធម៌ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​សម្របសម្រួល​ជាមួយ​ស្ថាប័ន​តុលាការ​ដើម្បី​ព​ន្លឿ​ន​ការ​ជំនុំ​ជម្រះក្ដី​ចំពោះ​បទល្មើស​គ្រឿង​ញៀន​ឱ្យបាន​ឆាប់រហ័ស និង​ទទួលបាន​ប្រសិទ្ធភាព​។​

​ការ​ថ្លែង​បែបនេះ​របស់លោក​ធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​ ២០២២​ និង​លើក​ទិសដៅ​ការងារ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ឆ្នាំ​ ២០២៣ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃទី ​២១ ខែមីនា ឆ្នាំ ២០២៣​។​

​លោ​ក ស ខេង បាន​ថ្លែងថា ក្រសួងយុត្តិធម៌ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​សម្រប​សម្រួល​ជាមួយ​តុលាការ​ដើម្បី​ព​ន្លឿ​ន​ការជំនុំជម្រះ​ក្តី បទល្មើស​គ្រឿងញៀន​ឱ្យបាន​ឆាប់រហ័ស​។​

លោក​បាន​បញ្ជាក់ថា​៖ «​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិសេស​ក្រសួងយុត្តិធម៌​ត្រូវ​សម្របសម្រួល​ជាមួយ​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់ ដើម្បី​ព​ន្លឿ​ន​ការជំនុំជម្រះ​ក្តី​នៃ​បទល្មើស​គ្រឿងញៀន​ឱ្យបាន​ឆាប់រហ័ស និង​បន្ត​ពន្លាត​ដែន​សមត្ថកិច្ច​ស្រាវជ្រាវ​លើ​បទល្មើស​គ្រឿង​ញៀន​ណា​ដែល​សង្ស័យថា មាន​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់​ដើម្បី​ដកហូត​បាន​ទាន់ពេលវេលា​នូវ​ទ្រព្យសម្បត្តិ​ដែល​បានមកពី​ផល​នៃ​ការប្រព្រឹត្ត​បទល្មើស​»​។

​ជាមួយគ្នានេះ​ក៏ត្រូវ​បង្ហាញ​ពី​ឆន្ទៈ​កិច្ចសហប្រតិបត្តិការ​ចូល​រួម​ស៊ើបអង្កេត​ស្រាវជ្រាវ​ប្រឆាំង​ការសម្អាត​ប្រាក់​ហិរញ្ញ​ប្ប​ទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​គាំទ្រ​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​នៅក្នុង​ក្របខ័ណ្ឌ​សកលលោក​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក ស ខេង ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ត្រូវ​សម្របសម្រួល​ជាមួយ​ក្រសួង​-​សា្ថ​ប័ន​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ព​ន្លឿ​ន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការត្រួត​ពិនិត្យ​គ្រឿងញៀន និង​រៀបចំតាក់តែង​គោលនយោបាយ​ឬ​លិខិតបទដ្ឋាន​គតិ​​យុត្ត​ផ្សេងទៀត ដើម្បី​បម្រើ​ដល់​ការអនុវត្ត​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​។ ជាពិសេស​ការរៀបចំ​ច្បាប់​ថ្មី​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ត្រួតពិនិត្យ ការ​ប្រើប្រាស់​សារធាតុ​គីមី​ផ្សំ​សំដៅ​ដល់​ការ​​ទប់ស្កាត់ ការ​បង្វែរ​យកទៅ​ផលិត​គ្រឿង​ញៀន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​លើសពីនេះ​ទៀត លោក​បាន​លើក​ឡើង​ថា គ្រប់​ក្រសួង​-​ស្ថាប័ន វិស័យ​ឯកជន វិស័យ​សាសនា កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រូវ​បង្កើន​ការអប់រំ​ផ្សព្វ​ផ្សាយ​អំពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​កើតចេញពី​ការប្រើប្រាស់​គ្រឿងញៀន​ដល់​គ្រប់​ស្រទាប់​មហាជន​មុខសញ្ញា​ប្រឈម និង​ជន​ងាយ​រងគ្រោះ​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បន្ថែមថា ជាពិសេស​គឺ​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​សម្រាប់​ព្យាបាល និង​ស្ដារ​នីតិ​ស​ម្ប​ទា អ្នកញៀន​គ្រឿងញៀន​ប្រកបដោយ​លក្ខណៈ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៅតាម​មជ្ឈមណ្ឌល​ជាតិ មណ្ឌល​បណ្តោះ​អាសន្ន និង​តាម​សហគមន៍ សំដៅ​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​កាត់បន្ថយ​តម្រូវ​ការប្រើ​ប្រាស់ និង​ឈានទៅ​កាត់ផ្តាច់​ទីផ្សារផ្គត់ផ្គង់​គ្រឿងញៀន​ឱ្យខាងតែបាន​។​

​ជុំវិញ​ករណីនេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែងថា បើ​ពិនិត្យ​លើ​បញ្ហា​សំណុំរឿង​បទល្មើស​គ្រឿងញៀន​ឃើញថា ទាក់​​ទង​នឹង​ពន្ធនាគារ​ចង្អៀត​នៅ​មិនទាន់​អាច​ដោះស្រាយបាន​នៅឡើយ​។​លោក​បន្តថា​ហេតុនេះ​ទោះបី​កន្លងមក​ក្រសួងយុត្តិធម៌​មាន​យុទ្ធនាការ​ព​ន្លឿ​ន​នីតិវិធី​សំណុំរឿង​នៅតាម​តុលាការ ដើម្បី​កុំឱ្យ​កកស្ទះ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​លោក​មើលឃើញថា ប្រភេទ​នៃ​បទល្មើស​គ្រឿងញៀន​ក្នុង​ពន្ធនាគារ គឺ​វា​ច្រើនជាង​បទល្មើស​ផ្សេងៗ​ដែល​ស្ទើរ​តែ​ជាង​ពាក់កណ្ដាល​ទៅហើយ​។​

​លោក​បាន​សម្តែង​ក្ដីបារម្ភ​ថា បញ្ហា​គ្រឿងញៀន ប្រសិនបើ​ត្រូវ​អូសបន្លាយ​ពេល នោះ​ភាព​កកស្ទះ​សំណុំរឿង​ក៏​វា​ច្រើន​ផងដែរ ហេតុនេះ​ទើប​ក្រសួងមហាផ្ទៃ​មើលឃើញ​បញ្ហា ហើយ​ជំរុញ​ឱ្យ​ក្រសួងយុត្តិធម៌​សម្រួល​ជាមួយ​តុលាការ​ដើម្បី​ឆាប់​ដោះស្រាយបាន​។​

​លោក ​អំ សំអាត បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា ការស្នើ​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ទៅ​ក្រសួងយុត្តិធម៌​នេះ​វា​ជា​រឿង​មួយ ប៉ុន្តែ​ក្រសួងយុត្តិធម៌​កាលពី​លើក​​មុននេះ លោក​ក៏មាន​យុទ្ធនាការ​ព​ន្លឿ​ន​សំណុំរឿង​កកស្ទះ គឺ​យើង​ឃើញថាមាន​ប្រសិទ្ធភាព​។ អ៊ីចឹង​នៅពេលដែលព​ន្លឿ​ន​សំណុំរឿង​គ្រឿងញៀន​បើ​ក្រសួងយុត្តិធម៌​លោក​គឺជា​អ្នកសម្របសម្រួល ហើយ​ជំរុញឱ្យមាន​កា​រព​ន្លឿ​ន​នីតិវិធី ក៏​អាច​នឹងមាន​ប្រសិទ្ធភាព​ផងដែរ​»​។​

​សូមបញ្ជាក់ថា បើតាម​របាយការណ៍រ​បស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​នៅ​ឆ្នាំ ២០២២ គឺមាន​អ្នកញៀន​និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ដែល​គ្រប់​គ្រង​បាន​ដោយ​អាជ្ញា​ធរមាន​ចំនួន ២២ ២១៣​នាក់ បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ មាន​ចំនួន ១៦ ២៦៤​ នាក់ គឺមាន​ការ​កើន​ឡើង​ ៥ ៩៤៩ ​នាក់​។​

​របាយការណ៍​ដដែល​ប​ន្ថែ​ម​ថា ក្នុង​ឆ្នាំ​ ២០២២ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​បាន​ចំនួន ៦ ៣៩០​ ករណី​ស្មើនឹង​ ១០១,៣០​ ភាគរយ ធៀប​នឹង​ឆ្នាំ ​២០២១ (៦ ៣០៨ ​ករណី​) ឃាត់ខ្លួន​ជនសង្ស័យ​ ១៥ ០០២​ នាក់​ស្មើនឹង ១០៧,៣២ ​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ (១៣ ៩៧៩​ នាក់​)​។​ដោយឡែក​គ្រឿងញៀន​សរុប​ដែល​រឹបអូស​បាន​ក្នុង​ឆ្នាំ​ ២០២២ មាន​ជាង​ ១៤ ​តោន​ស្មើនឹង​ ៣១៨,១៤ ​ភាគ​​រយ​ប្រៀបធៀប​នឹង​ឆ្នាំ ២០២១៕