ភ្នំពេញៈ កាកបាទក្រហម​កម្ពុជា បានរៀបចំ​កិច្ចពិភាក្សា​ស្តីពី ​«​រួមគ្នា​ជាមួយ​កាកបាទ​​ក្រហម​កម្ពុជា ដើម្បី​បរិ​យា​ប័ន្ន​សង្គម​» ដើម្បី​អបអរ​ខួប​ទី​ ១៦០ ទិវា​ពិភពលោក​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៣ ដែល​នឹង​ប្រព្រឹត្តឡើង​នៅពេល​ខាងមុខនេះ​។​

​លោកស្រី ម៉ែន នារី​សោ​ភ័គ ​អគ្គលេខាធិការរង​ទី​១ កាក​បាទ​ក្រហម​កម្ពុជា បាន​ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​នោះ ថា កាកបាទក្រហមកម្ពុជា គឺជា​សមាជិក​ទី​ ៨៥ ​របស់​ចលនា​​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដូចនេះ​កាកបាទ​ក្រហម​កម្ពុ​ជាមាន​គោលការណ៍​គ្រឹះ​ជា​មូលដ្ឋាន​។​

​គោលការណ៍​គ្រឹះ​សំខាន់​ទាំង ​៧​ គឺ ភាព​មនុស្សធម៌ ភាព​មិន​លម្អៀង អព្យាក្រឹតភាព ឯករាជភាព គោលការណ៍​ស្ម័គ្រ​ចិត្ត ឯកភាព និង​សកល​ភាព​។​

​លោកស្រីថ្លែងថា​៖ «​នៅក្នុង​ការបំពេញ​ការងា​រ​របស់​យើង នៅក្នុង​គោលការណ៍​នេះ យើង​អត់​មានការ​រើសអើង បែងចែក​ឋានៈ វណ្ណៈ ពូជសាសន៍ ឬ​និ​ន្នា​ការ​នយោបាយ​នៅក្នុង​ការជួយ​បងប្អូន​ប្រជាពលរដ្ឋ​នោះទេ​»​។​

​នៅក្នុង​ការបំពេញ​ការងា​រ​របស់​កាកបាទក្រហម​កម្ពុជា ក៏មាន​ការងារ​ជាក់លាក់​មួយចំនួន​ដែល​តម្រូវឱ្យ​ធ្វើការ​គូស​បញ្ជាក់​ពី​ភាព​បរិ​យា​ប័ន្ន​នៅក្នុង​សង្គម​ដូចជា គោ​លន​យោ​បាយ​គាំពារ​សង្គម រួមជាមួយ​នឹង​សមធម៌​យេនឌ័រ ដោយ​មិន​ទុក​នរណាម្នាក់​ចោល និង​ការងារ​សំខាន់ៗ​មួយចំនួនទៀត​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី ម៉ែន នារី​សោ​ភ័គ​។​

​ប្រធានការិយាល័យ​ការពារ​ជំងឺឆ្លង និង​មិន​ឆ្លង​នៃ​កាកបាទ​​ក្រហម​កម្ពុជា លោក វ៉ា សុ​ភ័​ក្ត បានលើកឡើង​ផងដែរ​ថា កាក​បាទ​ក្រហម​កម្ពុជា​បាន​ជួយ​ជា​​ច្រើន​ទៅដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ការលើកកម្ពស់​ជីវភាព​អ្នក​ទីទ័លក្រ​ជួប​ការលំបាក ដោយបាន​ផ្តល់​ជា​ផ្ទះ ផ្តល់​ជា​ប្រាក់​កម្ចី ជាពិសេស​ដល់​ជនពិការ​សម្រាប់​ប្រកប​អាជីវ​កម្ម​ផងដែរ​។​

​លោក វ៉ា សុ​ភ័​ក្ត បាន​ថ្លែងថា​៖ «​នេះ​ជាការ​យកចិត្តទុកដាក់​របស់​កាកបាទក្រហម​កម្ពុជា ដោយ​បន្ថែម​ពី​ការជួយ​ទាំង​អស់នេះ យើង​ក៏បាន​ផ្តល់នូវ​ការអប់រំ​ផងដែរ ដូចជា​ការអប់រំ ផ្សព្វផ្សាយ​ឱ្យមាន​ការយល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន រួម​នឹង​ការចូលរួម​ផ្តល់​ជា​ថវិកា​ដល់​អាជ្ញាធរ​មីន​ផងដែរ ដើម្បី​ឈានឆ្ពោះ​ទៅរក​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥ ​ខាងមុខ​»​។​

​ក្នុង​កិច្ចពិភាក្សា​នោះដែរ លោក រឿ​ត សុខុន ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍ នៃ​កាក​បាទ​ក្រហម​កម្ពុជា បាន​ថ្លែងថា កាកបាទក្រហមកម្ពុជា​បានផ្តល់​ឱកាស​ឱ្យ​យុវជន និង​អ្នក​ស្ម័គ្រ​ចិត្តបាន​ចូល​ជា​សមាជិក​ក្នុងការ​បំពេញការងារ​មនុស្ស​ធម៌​នៅក្នុង​គ្រឹះស្ថានសិក្សា និង​សហគមន៍​របស់​ពួកគាត់​។​

​លោក​បាន​បន្តថា ការផ្តល់​ឱកាស​នេះដែរ កាកបាទក្រហម​​កម្ពុជា​ក៏បាន​ផ្តោត​សំខាន់​លើ​សមត្ថភាព​យេនឌ័រ ដែល​ក្នុងនោះ យុវជន​ស្ម័គ្រចិត្ត​ដែលជា​នារី​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ប្រមាណ​ជាង ​៥០% ​ជា​មួយ​នឹង​កាកបាទក្រហមកម្ពុជា​។​

​លោក រឿង សុ​ផុន បាន​ថ្លែងថា​៖ «​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ទ្រទ្រង់​សកម្មភាព និង​អ្នក​ស្ម័គ្រចិត្ត បានផ្តល់​ឱកាស​ឱ្យមាន​សំឡេង​យុវជន និង​អ្នក​​ស្ម័គ្រ​ចិត្តបាន​ចូលរួមចំណែក​ក្នុង​ការកសាង​យុទ្ធសាស្ត្រ​កាក​បាទ​ក្រហម​កម្ពុជា ២០២១-២០៣០»​។​

​លោក​បាន​បន្តថា​៖ «​នេះ​គឺជា​យន្តការ​មួយ​ដ៏​សំខាន់​ដើម្បីឱ្យ​កាកបាទក្រហមកម្ពុជា​ក​សាង​ភាព​ធន់​នៅក្នុង​សហគមន៍​ប្រកបដោយ​ចីរភាព​ផងដែរ ហើយ​កាកបាទក្រហមកម្ពុជា​ក៏បាន​បង្កើតជា​គោ​លន​យោ​បាយ​យុវជន និង​អ្នកស្ម័គ្រចិត្ត សេចក្តីណែនាំ​ដើម្បី​បង្ហាញ​ឱ្យដឹងពី​តួនាទី​របស់ខ្លួន​ផងដែរ​»​។​

​សូមបញ្ជាក់​ផងដែរ​ថា កិច្ចពិភាក្សា​ស្តីពី «​រួមគ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា ដើម្បី​បរិ​យា​ប័ន្ន​សង្គម​» នេះ​ក៏មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​នៃ​ទីស្នាក់ការ​កណ្តាល ទី​​ប្រឹក្សា​យុវជន និង​យុវជន​កាក​​បាទ​ក្រហម​កម្ពុជា នៃ​គ្រឹះស្ថាន​​ឧ​ត្ត​ម​សិក្សា​ចំនួន​ ២៤ ក្នុង​រាជ​ធានី​ភ្នំពេញ និង​មន្ត្រី​ប្រចាំការ​នៃ​អនុសាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌ​ទាំង ​១៤ ​ក្នុង​រាជ​ធានី​ភ្នំពេញ សរុប​ប្រមាណ ១០០​ នាក់​។

​ខួប​ទី​ ១៦០ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ ឧសភា​នេះ កាកបាទក្រហមកម្ពុជា បាន​អំពាវនាវ​ឱ្យមាន​ការចូល​​រួម​បរិច្ចាគ​ថវិកា​តាម​សទ្ធា​ជ្រះថ្លា​ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​សមាគមជាតិ​មាន​ធនធាន​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌ ដោះ​​ស្រាយ​បញ្ហា​ប្រឈម​នានា ជួយ​សម្រាល​ទុក្ខលំបាក​ពលរដ្ឋ​រង​​គ្រោះ និង​ងាយ​រងគ្រោះ​បំផុត តាម​គោលការណ៍​គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​៕