
ក្មេងៗកំពុងលេងទឹកព្រែកនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីខែមករាឆ្នាំ២០២៣។ ហុង មិនា
ភ្នំពេញៈ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ១៩៩៣ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ នេះ គឺមានរយៈពេល ៣០ ឆ្នាំហើយ ដែលពិភពលោកបានរួមគ្នារំឭក និងអបអរសាទរទិវាទឹកពិភពលោក ដើម្បីលើកកម្ពស់ការយល់ដឹងពីគុណតម្លៃនៃទឹក ខណៈការប៉ាន់ស្មាន មានប្រជាជនប្រមាណ ២ ពាន់លាននាក់ ដែលកំពុងរស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់។
អង្គការសហប្រជាជាតិ (UN) បានប្រកាសថា៖«ឆ្នាំនេះ ទិវាទឹកពិភពលោក គឺផ្តោតលើប្រធានបទ «ការពន្លឿនការផ្លាស់ប្តូរ ដើម្បីដោះស្រាយវិបត្តិទឹក និងអនាម័យ»។ ទិវាពិភពលោកនេះ គឺដើម្បីរំឭកឡើងវិញ អំពីទំហំនៃភាពផ្ទុយគ្នាជាអចិន្ត្រៃយ៍រវាងទឹកនឹងព្រំដែនរបស់មនុស្ស ដែលវដ្តនេះកើតឡើងជាសកល។
ក្នុងនោះ UN បានជំរុញដល់រដ្ឋាភិបាលនៃប្រទេសនីមួយៗ និងអ្នកពាក់ព័ន្ធមកពីគ្រប់កម្រិតនៅក្នុងសង្គម សហការរួមគ្នាដើម្បីធ្វើការប្តេជ្ញាចិត្តដោយស្ម័គ្រចិត្តក្នុងការជំរុញសកម្មភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG 6 ) ទឹក និងអនាម័យសម្រាប់ទាំងអស់គ្នានៅឆ្នាំ ២០៣០។
ទឹក គឺជាធនធានដ៏មានតម្លៃបំផុត។ “ទឹក” ផ្ដល់នូវសុខភាព អនាម័យ ភាពស្អាតស្អំ និងការប្រើប្រាស់សម្រាប់ជីវិតរស់នៅ។ លំហូរនៃទឹកបាននាំយកនូវទ្រព្យសម្បត្តិដ៏ហូរហៀរ ដូចជា ត្រី ធនធានជីវិតនានា ដែលផ្ដល់សារសំខាន់ណាស់សម្រាប់ប្រទេសជាតិនីមួយៗ។
ប៉ុន្តែយោងតាមរបាយការណ៍របស់ UN ឆ្នាំ២០២៣នេះ បានប្រកាសថា តម្រូវការទឹក នឹងមានការកើនឡើង៤០ភាគរយខ្ពស់ជាងបរិមាណទឹកដែលមាន បន្ទាប់ពីការប៉ាន់ប្រមាណក្នុងឆ្នាំ២០២១ បង្ហាញថា ២៦ភាគរយនៃពិភពលោកខ្វះទឹកស្អាតបរិភោគ និង៤៦ ភាគរយ ជួបប្រទះបញ្ហាអនាម័យ។
ជាការឆ្លើយតបបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការសង្គមស៊ីវិលនៅកម្ពុជា បានរួមគ្នាប្រារព្ធទិវាទឹកពិភពលោកនេះ ជារៀងរាល់ឆ្នាំ ដើម្បីជំរុញគ្រប់គ្នាឱ្យដឹងពីគុណតម្លៃនៃទឹក និងបានចាត់វិធានការលើវិបត្តិទឹកដែលកំពុងជួបប្រទះជាបន្តបន្ទាប់ ដើម្បីដោះស្រាយវិបត្តិទឹក និងអនាម័យនេះផងដែរ។
លោក យី គឹនថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែន ដែលជាអង្គការមួយក្នុងចំណោមអង្គការដទៃទៀតនៅកម្ពុជា ដែលចូលរួមធ្វើការលើបញ្ហាទឹកស្អាត និងអនាម័យ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សម្រាប់ទិវាទឹកពិភពលោក ឆ្នាំ២០២៣ អង្គការភ្លែន និងអង្គការដៃគូ មានគោលដៅពន្លឿនការផ្លាស់ប្តូរវិជ្ជមាន ដោយពន្លឿនការផ្ដល់សេវាកម្មទឹកស្អាត និងអនាម័យ ដើម្បីដោះស្រាយវិបត្តិកង្វះទឹកស្អាត និងអនាម័យនៅតំបន់ជនបទ។
លោក បានលើកឡើងថា ដើម្បីដោះស្រាយវិបត្តិនេះ និងពន្លឿនឱ្យប្រជាពលរដ្ឋខ្មែរ ទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្នា អង្គការភ្លែន បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ រួមគ្នាធ្វើសកម្មភាពជាច្រើន ដើម្បីធានាថា ប្រជាជនកម្ពុជា នឹងមានទឹកប្រើប្រាស់ឱ្យបានគ្រប់គ្នា ត្រឹមឆ្នាំ២០៣០។
លោក បានបញ្ជាក់ថា៖«អង្គការភ្លែនយើងមានសកម្មភាពជាច្រើនដើម្បីចូលរួមដូចជា បន្តសាងសង់ប្រភពទឹក និងជំរុញបន្ទប់អនាម័យ ផ្សព្វផ្សាយពីការផ្លាស់ប្តូរឥរិយាបថទឹកស្អាត និងអនាម័យ ដល់តំបន់គោលដៅ ខេត្ត សៀមរាប ស្ទឹងត្រែង និងរតនគិរី»។
យោងតាមគម្រោង USAID មរតកបៃតង បានអះអាងថា ទឹក ស្ទើរតែទាំងអស់នៅលើពិភពលោក គឺជាទឹកក្រោមដីហើយវាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយព្រៃឈើ ដែលមិនអាចញែកចេញពីគ្នាបាននោះទេ ព្រោះទឹកក្រោមដីពឹងផ្អែកយ៉ាងខ្លាំងទៅលើគម្របព្រៃឈើ ដើម្បីរក្សាទប់ទឹកនៅក្នុងដីប្រកបដោយប្រសិទ្ធភាព។
គម្រោង USAID មរតកបៃតង បានលើកឡើងថា ការកាប់បំផ្លាញព្រៃឈើ នឹងអាចនាំឱ្យបាត់បង់ទឹកក្នុងទីជម្រាលទឹកនៃប្រទេសកម្ពុជា ហើយអាចពន្លឺផលប៉ះពាល់ផ្សេងទៀតនៃការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងកម្តៅ និងគ្រោះធម្មជាតិធ្ងន់ធ្ងរជាច្រើន ដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត។
គម្រោងនេះ បន្តថា ផ្នែកខ្លះនៃប្រទេសកម្ពុជា ដូចជាឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គឺជាទីជម្រាលទឹកសម្រាប់បឹងទន្លេសាប ដែលទីជម្រាលទឹកទាំងនេះ សម្រាប់រក្សាទុកទឹកសាបនៅក្នុងដី ដើម្បីផ្តល់ទឹកទៅផ្នែកខាងក្រោមនៃបឹងទន្លេសាប និងជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។
លោក នេត្រ ភត្ត្រា អ្នកនាំពាក្យក្រសួងបរិសា្ថន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២២ មីនាថា កម្ពុជាបច្ចុប្បន្ន មានផ្ទៃដីអភិរក្សទំហំ៧,៣លានហិកតា ឬស្មើរប្រមាណ ៤១ភាគរយនៃផ្ទៃប្រទេសកម្ពុជា។
លោកបន្តថា ពិភពលោកបានប្រារព្ធទិវាទឹកពិភពលោក និងបានលើកកម្ពស់ការយល់ដឹងអំពីប្រជាជនចំនួន ២ ពាន់លាននាក់ ដែលកំពុងរស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់។
លោកបន្តថា ទឹកក្រោមដី គឺពិតជាកំណប់ទ្រព្យលាក់កំបាំងដែលធ្វើឱ្យជីវិតរបស់មនុស្សកាន់តែសម្បូរបែប ហើយការរក្សាប្រភពទឹកទាំងនេះ និងការចូលរួមសន្សំសំចៃការប្រើប្រាស់ទឹក ទើបអាចចូលរួមរក្សានិរន្តរភាពប្រភពទឹកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
ដូច្នេះ លោក នេត្រ ភត្ត្រា ជឿជាក់ថា តាមរយៈទិវាទឹកពិភពលោកដែលកម្ពុជា បានចូលរួមដាក់ចេញជាសកម្មភាពបន្តបន្ទាប់ នឹងជួយជំរុញបន្ថែមទៀតឱ្យគ្រប់គ្នាមានការយល់ដឹងពីគុណតម្លៃទឹក តាមរយៈការចូលរួមការពារប្រភពទឹកសម្រាប់មនុស្សជំនាន់ក្រោយ។
លោក បញ្ជាក់ថា៖«ដើម្បីរក្សាបាននូវប្រភពទឹកសាបសម្រាប់ប្រើប្រាស់ និងទប់ស្កាត់វិបត្តិខ្វះទឹក យើងទាំងអស់គ្នាត្រូវចូលរួមអភិរក្សធនធានធម្មជាតិ ព្រៃឈើដែលជាប្រភពទាក់ទាញទឹកយ៉ាងសំខាន់។ ទឹកក្រោមដី គឺមើលមិនឃើញ ប៉ុន្តែឥទ្ធិពលរបស់វាអាចមើលឃើញនៅគ្រប់ទីកន្លែង។ ស្ទើរតែទាំងអស់នៃទឹកសាបនៅក្នុងពិភពលោកគឺជាទឹកក្រោមដី។ នៅពេលដែលការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ ទឹកក្រោមដីនឹងកាន់តែធ្ងន់ធ្ងរឡើង។ យើងត្រូវធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងធនធានដ៏មានតម្លៃនេះប្រកបដោយនិរន្តរភាព»៕