ភ្នំពេញៈ មន្ត្រី​ជំនាញ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ជួប​ពិភាក្សាគ្នា​លើ​សេចក្ដីព្រាង​ប្រកាស​អន្តរក្រសួង​ក្រោម​ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ ជុំវិញ​ការផាកពិន័យ​ចំពោះ​បុគ្គល​ប្រព្រឹត្តល្មើស និង​ការបែងចែក​ចំណូល​ពី​ការពិន័យ​ទាំងនេះ មុន​ឈានទៅរក​ការអនុវត្ត​ច្បាប់​ពេញលេញ។

ការជួបពិភាក្សាគ្នា​នេះបានធ្វើ​ឡើង​នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ប្រតិភូ​ក្រសួងពាណិជ្ជកម្ម​ដឹកនាំ​ដោយ​លោក គឹម មាស​សុខ​សីហា ដែលមាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដឹកនាំ​ដោយ​លោក ជូ គឹម​ឡេង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម​ពី​តំណាង ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចពិភាក្សា​នេះ គឺ​បាន​ពិភាក្សា​ទៅលើ​សេចក្ដីព្រាង​ប្រកាស​អន្តរក្រសួង​ចំនួន២ គឺ​សេចក្ដីព្រាង​ប្រកាស​អន្តរក្រសួង​ស្ដីពី ការផាកពិន័យ​ចំពោះ​បុគ្គល​ប្រព្រឹត្តល្មើស​នឹង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ និង​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការបែងចែក​ចំណូល​ពី​ការពិន័យ​ចំពោះ​បុគ្គល​ប្រព្រឹត្តល្មើស​នឹង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ ដែល​បានដាក់​ស្នើឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម។

យ៉ាងណា​លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ(ក.ប.ប.) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី២៣ មីនា​ថា កិច្ចប្រជុំ​ក្នុង​ក្រម​ខណ្ឌ​តំណាង​ក្រសួង​នេះ មិនទាន់​ទទួល​​ការសម្រេច​ឯកភាពគ្នា​នៅឡើយ​ទេ។ លោក បាន​បន្តថា ក្រុមការងារ​នៃ​តំណាង​ក្រសួងនីមួយៗ នៅ​បន្ត​ពិភាក្សាគ្នា​បន្តទៀត ដើម្បី​ស្វែងរក​ចំណុចរួម និង​ធាតុ​ចូល​បន្ថែម​ក្នុងការ​ដាក់បញ្ចូល​ក្នុង​ប្រកាស​អន្តរក្រសួង​ទាំង២នេះ។

លោក បាន​បញ្ជាក់ថា៖«យើង​នៅ​បន្ត​ជជែក​គ្នា​ជា​លក្ខ​ណៈទ​ម្រង់ និង​ទស្សនទាន​អំពី​ប្រាក់​ជា​កម្រៃ​សេវា និង​ការពិន័យ​ជា​អន្តរការណ៍​នៃ​ការពិន័យ​ជា​អន្តរការណ៍។ យើង​នៅមាន​ការ​ខ្ទាស់​គ្នា​ត្រង់ចំណុច​មួយចំនួន»។

ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ ដែល​រដ្ឋសភា​បានអនុម័ត កាលពី​ថ្ងៃទី១១ ខែឧសភា នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៧ នីតិកាល​ទី៦ ហើយ​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​ទាំងស្រុង​កាលពី​ថ្ងៃទី១៨ ខែឧសភា​ឆ្នាំ២០២២ នា​សម័យប្រជុំ​ជា​វិសាមញ្ញ នីតិកាល​ទី ៤ ត្រូវបាន​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហមុនី ឡាយព្រះហស្តលេខា​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២។

ច្បាប់​នេះ​មាន១១ជំពូក និង ៤៣មាត្រា រៀបចំឡើង​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​នៃ​ពាណិជ្ជកម្ម​ក្នុងស្រុក និង អន្តរជាតិ ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ និង​ទំនិញ​មានគុណ​ភាព ព្រមទាំង​សុវត្ថិ​ភាពល្អ។ ច្បាប់​នេះ​កំណត់​អំពី​ក្របខ័ណ្ឌ​និង​យន្តការ​សម្រាប់​គ្រប់គ្រង និង​ធានា​សុវត្ថិភាព គុណភាព អនាម័យ និង​ភាពស្របច្បាប់ នៃ​ម្ហូបអាហារ ក្នុង​គ្រប់​ដំណាក់កាល នៃ​ខ្សែចង្វាក់​ផលិតកម្ម​ម្ហូបអាហារ ដើម្បី​ផ្តល់​ការការពារ​សុខភាព និង​សុវត្ថិភាព​ម្ហូបអាហារ សម្រាប់​អ្នកប្រើប្រាស់ និង​ធានាឱ្យមាន​ការធ្វើ​ពាណិជ្ជកម្ម​ម្ហូបអាហារ​ប្រកបដោយ​ភាពស្មោះត្រង់។

ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ការគ្រប់គ្រង​គុណភាព​និង​សុវត្ថិភាព​ម្ហូបអាហារ ដែល​គ្របដណ្តប់​គ្រប់​ដំណាក់​កាល​នៃ​ខ្សែចង្វាក់​ផលិតកម្ម​ម្ហូបអាហារ និង​លើ​អាជីវកម្ម​ម្ហូបអាហារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​ធានា​កម្រិត​នៃ​ការការពារ​អាយុជីវិត និង​សុខភាព​ប្រជាពលរដ្ឋ គ្រប់គ្រង ហានិភ័យ​ម្ហូបអាហារ ដែល​ចរាចរ​លើ​ទីផ្សារ និង​ម្ហូបអាហារ​នាំចូល និង​ធានា​ប្រសិទ្ធភាព​នៃ​ការការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់។

លោក មៀ​វ សុខ​ទ្រី ប្រធាន​សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា បាន​និយាយថា រាជរដ្ឋាភិបាល បាន​ប្រឹងប្រែង​យកចិត្តទុកដាក់​ណាស់ ក្នុងការ​បង្កើត​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​នេះ​ឡើង សម្រាប់​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​អ្នក​បរិភោគ​ឱ្យទទួល​បានការ​ផ្គត់ផ្គង់​ចំណីអាហារ​ប្រកបដោយ​សុវត្ថិភាព។ ប៉ុន្តែ​លោក មើលឃើញថា ការអនុវត្ត​ច្បាប់​នេះ នៅមានកម្រិត​នៅឡើយ ដោយសារតែ​ច្បាប់​ទើបតែ​ប្រកាស​ឱ្យ​អនុវត្ត​កាល​ពី​ពាក់កណ្តាល​ឆ្នាំមុន។

លោក បាន​បញ្ជាក់ថា៖«ការអនុវត្ត​ច្បាប់​នៅមានកម្រិត​នេះ ដោយសារតែ​សហគ្រាស​ចំណីអាហារ​មួយចំនួន​មិនទាន់​បាន​ចុះបញ្ជី​នៅឡើយ។ ដោយឡែក​ការចុះបញ្ជី​របស់​ហស​គ្រាស​ចំណីអាហារ​នានា​នោះ អាច​ថា​ដោយសារតែ​ភាពស្មុគ​ស្មាញ​នៃ​នី​តី​វិធី ក្នុងការ​ចុះបញ្ជី ដែល​ធ្វើឱ្យ​ពួកគាត់​រារែក​មិន​ចង់​ចុះបញ្ជី ជាហេតុ​ធ្វើឱ្យ​ការគ្រប់គ្រង​និង​ការយល់ដឹង​ពី​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​របស់​ពួកគាត់​នៅមានកម្រិត»៕