
ជន២នាក់ប្តី ប្រពន្ធ ដែលកំពុងត្រូវបាននគរបាលសាកសួរ។ រូបថត នគរបាល
កណ្តាលៈជន ២ នាក់ប្តីប្រពន្ធ ដែលសង្ស័យថា កេងប្រវ័ញ្ចកម្លាំងពលកម្ម និងធ្វើទារុណកម្មលើក្មេងប្រុសស្រី២នាក់បងប្អូនកំពុងត្រូវនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសាកសួរ នៅថ្ងៃទី ២៣ មីនា នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្ទាប់ពីឃាត់ខ្លួនបាន ១ ថ្ងៃ នៅសង្កាត់-ក្រុង តាខ្មៅ ។
លោករស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលឱ្យដឹងនៅថ្ងៃទី២៣ មីនាថា បុរសជាប្តីឈ្មោះ សុខ សូដា អាយុ ៥៥ឆ្នាំ មានរបរជាអ្នកម៉ៅការសំណង់ និងស្រ្តីជាប្រពន្ធឈ្មោះ គីម ឡេង អាយុ៤៩ឆ្នាំ មានរបរជាអ្នកលក់បាយ រស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំណែកក្មេងរងគ្រោះឈ្មោះ ស.ញ អាយុ១៦ឆ្នាំ និងឈ្មោះ ស.ន អាយុ១៤ឆ្នាំ។
លោកថ្លែងថា៖«នៅថ្ងៃនេះ(ថ្ងៃទី២៣ មីនា)ជំនាញខ្ញុំកំពុងតែសាកសួរពួកគេនៅឡើយទេ។ យើងកំពុងតែស្រាវជ្រាវស៊ើបអង្កេតសាកសួរ និងប្រមូលព័ត៌មានជុំវិញរឿងនេះហើយ»។
លោក សាវិន បន្តថា កាលពីថ្ងៃទី២២ មីនា មានអង្គការមួយ ឈ្មោះអង្គការមេត្រីអន្តរជាតិ បានទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយថា មានក្មេងប្រុសស្រី២នាក់បងប្អូនបង្កើត កំពុងរស់នៅជាមួយជន២នាក់ប្តីប្រពន្ធខាងលើដែលជាអ្នកលក់បាយម្ហូប ហើយក្មេងទាំង២ នាក់ ត្រូវបានជន២នាក់ប្តីប្រពន្ធនេះ ប្រើឱ្យធ្វើការផ្ទះនិងវាយដំផង។
ក្រោយពីទទួលបានបណ្តឹងនេះមក ក៏ត្រូវបានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ សុំយោបល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងឱ្យលោកដឹកនាំកម្លាំងចុះទៅស្រាវជ្រាវរហូតដល់ភូមិរបស់ក្មេងរងគ្រោះរស់នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
លោកបញ្ជាក់ថា ការចុះទៅដល់គោលដៅដែលក្មេងរស់នៅនោះ គឺលោកបានសាកសួរតាំងពីប្រធានភូមិរហូតដល់អាជ្ញាធរសង្កាត់ និងក្រុមប្រឹក្សាខណ្ឌទៀតថា ក្មេងប្រុសស្រីទាំង២នាក់បងប្អូននេះ មានតែម្តាយដែលជាអ្នកញៀនស្រា រីឯឪពុកស្លាប់ចោល ហើយក៏គ្មានសំបុត្រកំណើតទៀត។ រីឯស្រ្តីជាម្តាយ និងយាយរបស់ក្មេងរងគ្រោះក៏ឆ្លើយថា មិនចាំអាយុកូនទៀត តែលោកបានសាកសួរក្មេងស្រីផ្ទាល់ប្រាប់ថា គេមានអាយុ១៤ឆ្នាំ ឯក្មេងប្រុសប្រាប់ថា មានអាយុ១៦ឆ្នាំ។
បើតាមលោក សាវិន កម្លាំងរបស់លោក បានពិនិត្យទៅលើខ្លួនប្រាណរបស់ក្មេងរងគ្រោះទាំង២នាក់ ឃើញមានស្លាកស្នាមរបួស ដែលស្លាកស្នាមខ្លះ ក៏រលុបបាត់ និងខ្លះនៅមានស្លាកស្នាមនៅឡើយទេ។ បើតាមការស្រាវជ្រាវគឺមុនដំបូង២នាក់ប្តីប្រពន្ធនោះ យកមកជួយធ្វើការងារលក់បាយម្ហូប ឱ្យពួកគេ ហើយឱ្យចូលរៀនទៀតផង ខណៈដែលគាត់ក៏មានកូនដែរនោះ។ ប៉ុន្តែក្រោយមក ពួកគេក៏ឈប់ឱ្យក្មេងរងគ្រោះរៀន។
លោកប្រាប់ថា៖«បើតាមយើងពិនិត្យមើលទៅ ជាការបង្ខំឱ្យធ្វើការដោយមិនស្ម័គ្រចិត្ត ហើយម្តាយគេឱ្យកូនមកធ្វើការងារនេះ តែពេលមកធ្វើការងារនេះ គាត់បែរជាបង្ខិតបង្ខំឱ្យធ្វើការទៅវិញ។ បញ្ហានេះយើងកំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត»៕