
ពិធីប្រកាសទទួលស្គាល់ស្រុកបន្ទាយស្រី ក្លាយជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កាលពីថ្ងៃទី២១មីនា។ រូបថត សហការី
សៀមរាបៈ ស្រុកបន្ទាយស្រីក្នុងខេត្តសៀមរាប ក្លាយជាស្រុកទី៣ ត្រូវបានប្រកាសទទួលស្គាល់ថា បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដោយមានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យសម្រេចបាន ១០០ ភាគរយ ខណៈស្រុកអង្គរធំក្នុងខេត្តនេះនឹងឈានទៅរកភាពជោគជ័យនេះក្នុងពេលឆាប់ៗ។
ពិធីប្រកាសទទួលស្គាល់ជាផ្លូវការត្រូវបានធ្វើឡើង កាលពីថ្ងៃទី ២១ ខែមីនា រៀបចំដោយរដ្ឋបាលស្រុកបន្ទាយស្រីសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទតំណាងរដ្ឋបាលខេត្តមន្ទីរជំនាញមន្ត្រីរាជការអង្គការដៃគូពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានក្នុងឃុំទាំង ៦ ក្នុងស្រុកជិត ២៥០ នាក់។
រដ្ឋបាលស្រុកបន្ទាយស្រីបានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ស្រុកបន្ទាយស្រីគឺជាស្រុកទី៣ ក្នុងចំណោមស្រុកទាំង ១២ ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការដោយមានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យសម្រេចបាន១០០ភាគរយដូចទៅនឹងស្រុកស្រីស្នំនិងស្រុកអង្គរជុំដែលបានប្រកាសជោគជ័យកន្លងមក។
លោកទូចម៉ាឡាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបានឱ្យដឹងថាក្រៅពីស្រុកជោគជ័យទាំង៣នេះក្រុងសៀមរាបនិងស្រុកប្រាសាទបាគងគឺជាក្រុង-ស្រុកដែលមានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យសម្រេចបានអត្រាចន្លោះពី ៨៥,១ភាគរយទៅ៩៧ភាគរយ។
លោកឱ្យដឹងបន្តថាចំណែកស្រុកក្រឡាញ់និងស្រុកសូទ្រនិគមកំពុងស្ថិតជាស្រុកដែលមានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យសម្រេចបានពី៨០,១ភាគរយដល់៨៥ភាគរយខណៈស្រុកពួកស្រុកអង្គរធំនិងស្រុកជីក្រែងជាស្រុកដែលមានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យសម្រេចបានក្នុងអត្រាពី៧០,១ភាគរយទៅ៨០ភាគរយដោយនាំមុខស្រុកវ៉ារិននិងស្រុកស្វាយលើដែលមានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យសម្រេចបានចន្លោះពី៦៥ទៅ៧០ភាគរយ។
លោកទូចម៉ាឡាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបានបញ្ជាក់ថា៖«ស្ថានភាពអនាម័យនៅខេត្តសៀមរាបគិតត្រឹមថ្ងៃទី៣០ខែធ្នូឆ្នាំ២០២២សម្រេចបានជាង៨០ភាគរយដោយក្នុងចំណោមស្រុកនិងក្រុងទាំង១២គឺមានខ្នងផ្ទះសរុប២៤៨ ៤៩០ក្នុងនោះមានខ្នងផ្ទះដែលមិនទាន់ប្រើប្រាស់បង្គន់អនាម័យចំនួន៣៦ ១១៨ខ្នងផ្ទះ»។
លោកយីគីមថាននាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិបាននិយាយថាការឈានទៅរកភាពជោគជ័យនេះបន្ទាប់ពីភាគីពាក់ព័ន្ធបានសហការរួមគ្នាដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋពីសារៈសំខាន់នៃការប្រើប្រាស់បង្គន់អនាម័យ។ក្រុមការងារក៏បានរួមគ្នាផ្តល់ការសាងសង់បង្គន់អនាម័យទៅដល់គ្រួសារក្រីក្រមួយចំនួននៅខេត្តនេះផងដែរដើម្បីឱ្យពួកគេមានបង្គន់ប្រើប្រាស់។
លោកបានរៀបរាប់ថា៖«ស្រុកបន្ទាយស្រីនេះគឺជាស្រុកទី៣ហើយដែលជាស្រុកក្នុងចំណោមស្រុកគោលដៅទាំង៤របស់អង្គការភ្លែនដែលបានសម្រេច ODF។នៅក្នុងផែនការគឺយើងត្រូវធ្វើម៉េចឱ្យស្រុកទី៤គឺស្រុកអង្គរធំនៅក្នុងឆ្នាំក្រោយក្លាយជាស្រុក ODF។យើងនឹងបន្តជំរុញឱ្យស្រុកអង្គរធំនេះក្លាយជាស្រុក ODF ថែម១ទៀតដែរ»។
ជាមួយនឹងជោគជ័យនេះលោកយីគីមថានបានឱ្យដឹងថាអង្គការភ្លែនក៏មានគោលដៅក្នុងការជំរុញខេត្តនេះទាំងមូលឱ្យសម្រេចបានជាខេត្ត ODF ឱ្យបាននៅក្នុងឆ្នាំ២០២៤ដែលកិច្ចពិភាក្សាក្នុងពេលនេះគឺដើម្បីធ្វើយ៉ាងណាក្នុងការពន្លឿនផែនការ ODF នៅក្នុងខេត្តនេះទោះបីមានស្រុកមួយចំនួនដែលនៅជាប់បឹងទន្លេសាបមានការប្រឈមនឹងបញ្ហាដោយសារជាតំបន់ទឹកលិច។
កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ស្រុកស្រីស្នំត្រូវបានប្រកាសជាស្រុកដំបូងគេនៅក្នុងខេត្តដែលទទួលបានជោគជ័យក្នុងការបញ្ចប់ODF ហើយបន្ទាប់មកនៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២២ស្រុកអង្គរជុំក៏ត្រូវបានប្រកាសជោគជ័យបន្ទាប់ពីរដ្ឋបាលឃុំនីមួយៗ ក្នុងស្រុកទាំងនោះ បានសហការជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីការប្រើប្រាស់បង្គន់អនាម័យនិងធ្វើសកម្មភាពភាគទានថវិកាមូលនិធិឃុំសាងសង់បង្គន់និងផ្សព្វផ្សាយពីអនាម័យដល់ពលរដ្ឋ៕