
ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន គឺមិនសម្រាប់តែសារព័ត៌មានផ្សាយកាសែតនោះទេ គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់តែម្តង។ រូបថត ក្រសួងព័ត៌មាន
ភ្នំពេញៈ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥)ដឹកនាំដោយលោកស្រី ទី បូរ៉ាស៊ី បានជួបពិភាក្សាការងារជាមួយក្រសួងព័ត៌មាន ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នាថ្ងៃទី២៣ខែមីនានេះ។
យោងតាមព្រឹទ្ធសភាបានឱ្យដឹងថា ជំនួបនោះគឺធ្វើឡើងដើម្បីស្តាប់របាយការណ៍ស្តីពី លទ្ធផលការងារសម្រេចបានរបស់ក្រសួងព័ត៌មានក្នុងឆ្នាំ២០២២ និងទិសដៅអនុវត្តសកម្មភាពបន្តឆ្នាំ២០២៣, យន្តការ និងវិធានការនៃការគ្រប់គ្រងសារព័ត៌មាន វិទ្យុ ទូរទស្សន៍ អ្នកសារព័ត៌មានតាមបណ្តាញសង្គម ( Facebook ) ដែលកំពុងមានសកម្មភាពនាពេលបច្ចុប្បន្ន, ការវិវត្តន៍នៃដំណើរការកសាងសេចក្តីព្រាងច្បាប់ស្តីពី“សិទ្ធិទទួលព័ត៌មាន" រួមនឹងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងវិស័យព័ត៌មានផងដែរ។
លោករដ្ឋមន្រ្តីបានធ្វើសេចក្តីរាយការណ៍ជម្រាបជូនអំពីវឌ្ឍនភាពរបស់ក្រសួងព័ត៌មាន ទាក់ទងនឹងការអនុវត្តន៍តួនាទីភារកិច្ច ដែលអនុវត្តស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។
លើសពីនោះ លោករដ្ឋមន្រ្តីក៏បានជម្រាបជូនអង្គប្រជុំអំពីការងារដែលក្រសួងព័ត៌មាន ទទួលបន្ទុកសម្រាប់ឆ្នាំ ២០២៣ រួមមាន បីសំខាន់ៗ។ ក្នុងនោះរួមមាន ការចូលរួមរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ការរៀបចំកម្មវិធីប្រកូតរ៉ូបូត (Robocon) នៅកម្ពុជា ដែលក្រសួងព័ត៌មានរៀបចំធ្វើជាម្ចាស់ផ្ទះ និងការ បោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧។
ក្រៅពីនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់អំពីការរៀបចំបោះពុម្ពសៀវភៅអំពី កម្ពុជាក្នុងក្រសែភ្នែកពិភពលោក ដែលមានភាសាខ្មែរ បារាំង អង់គ្លេស ចិន និងបន្តភាសាអារ៉ាប់ និងជប៉ុន។ ទន្ទឹមនេះ បណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត គឺធ្វើឯកសារវីដេអូ ដែលបង្ហាញអំពីសមិទ្ធផល ការងារធំៗ ៥ ឆ្នាំ របស់ខេត្តនីមួយៗ សម្រេចបាន ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ នេះបើយោងតាមក្រសួងព័ត៌មាននៅថ្ងៃទី២៤ ខែមីនា៕