ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានលើក​ឡើង​ថា «សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និងស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច បាន​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា មាន​ឱកាស​ការងារ​ប្រសើរ​ជាង​មុន, កាត់​បន្ថយ​ស្ទើរតែ​ទាំងស្រុង​នូវ​ការពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ ថែម​ទាំង​មាន​ការគិតគូរ​អំពី​សុខុមាលភាព បរិស្ថាន និងជីវៈ​ចម្រុះ​ច្រើន​ជាងមុន»។

លោក សាយ សំអាល់ បានថ្លែង​បែប​នេះ កាលពី​ថ្ងៃ​ទី២៣ មីនា ក្នុងពេល​ដែលលោក​អញ្ជើញ​ជា​អធីបតី នៅក្នុង​ពិធី​សម្ពោធ​មូលនិធិ​កេរដំណែល​ទេសភាព (Legacy Landscape Fund) សម្រាប់​ឧទ្យាន​ជាតិ​ក្រវាញ​កណ្តាល ដែលជា​គំនិត​ផ្តួចផ្តើម​រួមគ្នា នៃ​រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់ ធនាគារ​អភិវឌ្ឍន៍ KfW, ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង(AFD) និង​អង្គការ CI កម្ពុជា។ នេះ​បើយោងតាម​ផេក​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន។

ជាមួយគ្នា​នេះ លោក​រដ្ឋមន្ត្រី សង្ឃឹម​ថា មូលនិធិ​កេរដំណែល​ទេសភាព​សម្រាប់​ឧទ្យាន​ជាតិ​ក្រវាញ​កណ្តាល នឹង​ក្លាយជា​គំរូ​ដ៏សំខាន់​មួយ​សម្រាប់​ហិរញ្ញប្បទាន​បៃតង គម្រោង​អភិរក្ស​និង​លើក​កម្ពស់​ជីវភាព​សហគមន៍ នៅក្នុង​និង​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា៕