
ក្រុមបច្ចេកទេសជំនាញនគរបាលកូរ៉េ បានសិក្សាទីតាំងងាយរងគ្រោះដើម្បីលើកគម្រោងបំពាក់កាម៉េរាសុវត្ថិភាពស្វ័យប្រវត្តិ។ រូបថត នគរបាលជាតិ
ភ្នំពេញៈ ក្រុមបច្ចេកទេសជំនាញ នៃប្រតិភូនគរបាលជាតិសាធារណរដ្ឋកូរ៉េ បានសិក្សាទីតាំងងាយរងគ្រោះក៏ដូចជាតាមផ្លូវសាធារណៈសំខាន់ៗ ដែលអាចបង្កឱ្យមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ ក្នុងការលើកគម្រោងបំពាក់កាម៉េរាសុវត្ថិភាពស្វ័យប្រវត្តិដើម្បីបម្រើដល់ការងារជំនាញ និងលើកកម្ពស់សមត្ថភាពរបស់មន្រ្តីអនុវត្តច្បាប់កម្ពុជា។
ក្នុងនោះក៏នឹងបំពាក់ និងលើកកម្ពស់សមត្ថភាពប្រព័ន្ធ CCTV និងបណ្តាញទូរស័ព្ទ ១១៧ ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ តាមបែបបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ផងដែរ។ នេះបើយោងតាមផេកហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយនៅថ្ងៃទី២៤មីនានេះ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ អនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៣មីនា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ដកពិសោធន៍ការងារវិភាគ និងធ្វើកោសលវិច្ច័យរូបភាពតាមប្រព័ន្ធកាម៉េរា សុវត្ថិភាព របស់នាយកដ្ឋានអង្គភាពជំនាញ ដោយមានការចូលរួមពីក្រុមបច្ចេកទេសជំនាញ នៃប្រតិភូនគរបាលជាតិសាធារណរដ្ឋកូរ៉េ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់ របស់អង្គភាពនាយកដ្ឋានជំនាញនីមួយៗ ភាគីនគរបាលជាតិសាធារណរដ្ឋកូរ៉េ នឹងពិនិត្យលើកគម្រោង បណ្តុះបណ្តាលគ្រូបង្គោលលើជំនាញពាក់ព័ន្ធចំនួន ៦ រូប ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ និងបញ្ជូនគ្រូមកបណ្តុះបណ្តាលមន្រ្តីជំនាញនៅកម្ពុជាក្នុងរយៈពេលសមស្របណាមួយផងដែរ។
ឆ្លើយតបទៅនឹងគម្រោងខាងលើ ក្នុងនាម លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានធ្វើការវាយតម្លៃខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលជាតិសាធារណរដ្ឋកូរ៉េ ក្នុងការលើកកម្ពស់សម្ថភាពមន្រ្តីអនុវត្តច្បាប់ក្នុងគោលបំណងរួមសហការ បង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ដើម្បីបម្រើឱ្យផលប្រយោជន៍ប្រទេស និងប្រជាជន៕