ក្រសួង​ទេសចរណ៍ បានប្រកាស​ដាក់ឱ្យ​ដំណើរការ និង​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ «អាជីវកម្ម​ទេសចរណ៍​ឆ្នើម» ដើម្បី​ជំរុញ​ការចូលរួម​ក្នុងយុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ ស្របតាម​ទស្សនទាន IBEST ឱ្យបាន​កាន់តែ​ល្អ​ប្រសើរ សំដៅ​ត្រៀម​ទទួល​ភ្ញៀវទេសចរ​ប្រកបដោយ​គុណភាព និង​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ​បន្ថែម។

ក្នុង​ពិធី​ដំណើររ​កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការ​ក្រសួង​ទេសចរណ៍​លោក សុង តុងហាប់ រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​ថ្លែង​ថា ទស្សនទាន IBEST គឺសំដៅ​លើការគិតគូរ​ទៅលើ​គុណភាព​សេវាកម្ម បរិស្ថាន សុវត្ថិភាព បច្ចេកវិទ្យា ព្រមទាំង​ការសម្រួល​នូវការកក់ទុក​សេវាកម្ម​ជាដើម។

លោកបន្ត​ថា ទស្សនទាន IBEST នេះ​ប្រៀបបាន​នឹង​ឯកសារ​បង្ហាញផ្លូវ​សម្រាប់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ប្រើប្រាស់​ជាមូលដ្ឋាន​សម្រាប់​អនុវត្ត​ប្រែ​តម្រូវ​នូវ​រាល់​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​ស្របតាម​តម្រូវការ និង​ទីផ្សារ​នាពេល​បច្ចុប្បន្ន និង​ប្រើប្រាស់​ចូលរួម​គាំទ្រ​ដល់​វិធានការ​គោលនយោបាយ​អនុវត្ត​យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ (Visit Cambodia Year 2023)។

ជាមួយគ្នា​នេះ លោក សុង តុងហាប់ ស្នើ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​អនុវត្ត​ប្រកាស​លេខ ០៣៤ ប្រក.ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ស្ដីពី​ការដាក់​ឱ្យប្រើប្រាស់​គោលការណ៍​ណែនាំ​ស្ដីពី​អាជីវកម្ម​ទេសចរណ៍​ឆ្នើម ក្នុងយុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ ស្របតាម​ទស្សនទាន IBEST រួមជាមួយ​សារាចរ​ណែនាំ និង​សេចក្ដី​ជូនដំណឹង​ដែលបាន​ដាក់​ចេញ ដើម្បី​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​យក​ទៅ​អនុវត្ត ដែលនឹង​ផ្ដល់​ជាផល​វិជ្ជមាន​ដល់​គ្រប់​អាជីវកម្ម​ទាំងអស់ ក៏ដូចជា​ការចូលរួម​ដល់​ការអនុវត្ត​យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ ផងដែរ។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីកហ្វីក បានថ្លែង​ថា លោក​មិនមាន​ការភ្ញាក់​ផ្អើល​ចំពោះ​ការដាក់​ឱ្យ​ដំណើរការ និង​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ «អាជីវកម្ម​ទេសចរណ៍​ឆ្នើម» នេះ​ទេ ព្រោះ​វាជា​កិច្ចការងារ របស់​ក្រសួង​ទេសចរណ៍​ដែលតែងតែ​យកចិត្តទុក​ដាក់ ក្នុង​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

ទោះជា​យ៉ាងណា លោក​ថា ក្រសួង​គួរតែ​មានយន្តការ​ណាមួយ​ឱ្យ​បានច្បាស់​លាស់​ក្នុងការផ្សព្វផ្សាយ និង​ទាក់ទាញ​អាជីវកម្ម​ខាងក្រៅ ឱ្យ​មកចូល​ក្នុងប្រទេស​ឱ្យ​បាន​ច្រើន។

​លោក​ថា៖«កិច្ចការងារ​នេះ គឺជារឿង​ចាំបាច់​របស់​ក្រសួង​ដែល​ត្រូវតែ​ធ្វើ ហើយ​កន្លងមក​ក្រសួង​ក៏បាន​ធ្វើ​កិច្ចការ និង​ផែនការ​សម្រាប់​នៅក្នុង​ស្រុក​ក៏ច្រើន​ដែរ ប៉ុន្តែ​មិនទាន់​ឃើញ​មាន ផែនការ​ទាក់ទាញ​ជាសកល​ច្រើន ដើម្បី​ឱ្យ​កម្ពុជា​ក្លាយជា​ទិសដៅ​ទេសចរណ៍​ដ៏មាន​ប្រជាប្រិយ​ភាព​មាន​សកម្មភាព​នោះ​ទេ»។

យោងតាម​សេចក្ដី​ជូនដំណឹង​លេខ ១១៧ សជណ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ស្ដីពី​ការដាក់​ឱ្យ​អនុវត្ត​គោលការណ៍​ណែនាំ​ស្ដីពី​អាជីវកម្ម​ទេសចរណ៍​ឆ្នើម ក្នុង​យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ ស្របតាម​ទស្សនទាន IBEST ក្រសួង​ទេសចរណ៍​នឹងប្រកាស​លទ្ធផល​របស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដែលបាន​ជាប់​ជាអាជីវកម្ម​ទេសចរណ៍​ឆ្នើម ក្នុង​យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ ស្របតាម​ទស្សនទាន IBEST ចំនួន ៣ ដង (លើកទី១ ក្នុង​ខែ​ឧសភា លើក​ទី២ ក្នុង​ខែតុលា និង​លើក​ទី៣ ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ) ៕​