ព្រះសីហនុៈ សាខា​កាកបាទ​ក្រហម​កម្ពជា ខេត្ត​ព្រះសីហនុ និង​អង្គការ​ទ្រទ្រង់​សុវត្ថិភាព​កម្ពុជា(CAMSAFE) បើក​វគ្គបណ្ដុះបណ្ដាល​ “គ្រូ​បង្គោល​សុវត្ថិភាព​ចរាចរណ៍ ផ្ដោត​ទៅលើ​សុជីវធម៌​ផ្ទាល់ខ្លួន​ដើម្បី​ទប់ស្កាត់​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​រយៈពេល ២ ថ្ងៃ គឺចាប់​ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៤ ខែមីនា នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ក្រុង​ព្រះសីហនុ។

វគ្គ​បណ្ដុះបណ្ដាល​ត្រូវបាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក កែវ ឡាយ សមាជិក​គណៈ​កម្មាធិការ​សាខា និង​មានការ​ចូលរួម​ពី​សំណាក់ លោក​អនុ​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត លោក​ប្រធាន​ការិយាល័យ​ចរាចរណ៍​ខេត្ត នាយក​វិទ្យាល័យ​ក្រុង យុវជន​កាកបាទ​ក្រហម និង​លោក​គ្រូ អ្នក​គ្រូ ដែលជា​ទីប្រឹក្សា​យុវជន សរុប​ចំនួន ២០ នាក់​ស្រី ៦ នាក់។ នេះបើយោង​តាម​កាកបាទ​ក្រហម​កម្ពុជា។

លោក កែវ ឡាយ បាន​សម្ដែង​នូវ​មោទនភាព និង​អំណរគុណ​ចំពោះ​អង្គការ​ទ្រទ្រង់​សុវត្ថិភាព​កម្ពុជា ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ UNITAR សម្រាប់​បើក​វគ្គ​គ្រូ​បង្គោល​សុវត្ថិភាព​ចរាចរណ៍​នៅពេល​នោះ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ។

លោក​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ចូលរួម​ទាំងអស់ ឱ្យ​ប្រឹងប្រែង​ក្រេប​ជញ្ជក់​ចំណេះដឹង រួមទាំង​ការផ្លាស់ប្តូរ​បទ​ពិសោធន៍ ជំនាញ​និង​ចំណេះដឹង​ជាមួយ​ក្រុម​គ្រូ​ឧទ្ទេស​ពី​ថ្នាក់​ជាតិ ហើយ​ក្រោយ​ពីបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ត្រូវ​ប្រើប្រាស់​ចំណេះដឹង​ដែលទទួល​បាន​ពីវគ្គ​នេះ​យកទៅ​អនុវត្ត​បន្ត​នៅតាម​សាលា​គោលដៅ​រៀងៗ​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ៕