
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសធុរកិច្ចអន្តរជាតិ នៃប្រទេសកុំមិនវែលដូមីនីក ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។ រូបថត SPM
ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសកុំមិនវែលដូមីនីកលោក វីន ហេនដឺសាន់ (Vince Henderson) នៅវិមានសន្តិភាពនាថ្ងៃទី២៤ ខែមីនានេះ។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ទស្សនកិច្ចរបស់លោកពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសតាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងនេសាទ។ នេះបើយោងតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី។
ជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើទិដ្ឋាការ ដែលនេះជាការចាប់ផ្តើមដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសពីរ។ លោកនាយករដ្ឋមន្រ្តី ក៏បានស្វាគមន៍ផងដែរចំពោះបំណងរបស់លោករដ្ឋមន្ត្រី ដែលចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ លោក ហ៊ុន សែន ក៏បានស្នើដល់ឯកឧត្តមរដ្ឋមន្ត្រីឱ្យពិនិត្យលទ្ធភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ជាដើម។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានជួបប្រជុំទ្វេភាគីជាមួយលោក វីន ហេនដឺសាន់ ផងដែរ។
បន្ទាប់ពីជំនួប ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសកុំមិនវែលដូមីនីក ស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ៕