ភ្នំពេញៈ គណៈ​ឱសថ​ការី​កម្ពុជា​បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះ​បញ្ជិកា​ឱសថការី​តាម​អនឡាញ (RMS) ជាផ្លូវការ​នៅ​ថ្ងៃទី២៤​ខែមីនា ដើម្បី​ផ្ដល់​ភាពងាយ​ស្រួល​ច្រើន​ដល់​ឱសថការី​ទូទាំង​ប្រទេស​ក្នុង​ការចុះ​បញ្ជិកា និង​ចូលរួម​ទប់ស្កាត់​អ្នកដែល​ក្លែងបន្លំ​ធ្វើ​ជាឱសថ​ការី ដែល​អាចនាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ។

លោក បាន បុត្តា ប្រធាន​គណៈ​ឱសថ​ជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា សិក្ខា​សាលា​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ការដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះ​បញ្ជិការ​អនឡាញ RMS របស់​គណៈ​ឱសថ​ការី​កម្ពុជា​ចាប់ពី​ឆ្នាំ២០២៣ នេះ​តទៅ និង​ដើម្បី​ឱ្យ​មន្ត្រី​អនុវត្ត​បាន​យល់ដឹង​កាន់តែ​ច្បាស់​អំពី​ការអនុវត្ត​ប្រព័ន្ធ​ចុះ​បញ្ជិកា​អនឡាញ​នេះ និង​ផ្សព្វផ្សាយ​បញ្ជ្រាប​ដល់​អ្នកប្រកប​វិជ្ជាជីវៈ​ឱសថ​សាស្ត្រ​ទាំងអស់​ឱ្យ​ចូលទៅ​ចុះបញ្ជិកា មុន​ស្នើ​សុំ​អាជ្ញាបណ្ណ​យកទៅ​ប្រកប​ការងារ។ នេះ​បើយោងតាម​ក្រសួង​ព័ត៌មាន។

លោកបាន​បញ្ជាក់​ថា៖«ប្រព័ន្ធ​ចុះ​បញ្ជិកា​ឱសថ​ការី​តាម​អនឡាញ​នេះដែរ គឺ​ជួយ​សម្រួល​ដល់​ឱសថ​ការី​ទូទាំង​ប្រទេស​ឱ្យ​ទទួល​ភាព​ងាយស្រួល ចំណេញ​ពេលវេលា​និង​ថវិកា និង​មានភាព​ឆាប់​រហ័ស​ជាងមុន ដោយ​កន្លងមក​រាល់ការ​ចុះ​បញ្ជិកា​ឱសថ​ការី​ត្រូវ​មក​ធ្វើ​ដោយ​ផ្ទាល់​នៅ​គណៈ​ឱសថ​ការី​កម្ពុជា រាជធានី​ភ្នំពេញ»។

លោកបាន​បន្ថែម​ថា ដើម្បី​អាច​ចុះ​បញ្ជិកា​ឱសថ​ការី​កម្ពុជា​បាន អ្នកប្រកប​វិជ្ជាជីវៈ​ឱសថ​សាស្ត្រ​ត្រូវតែ​មាន​គុណវុឌ្ឍ​សំខាន់ៗ​មួយ​ចំនួន។ ក្នុងនោះ​រួម​មាន អ្នក​ប្រកប​វិជ្ជាជីវៈ​ឱសថ​សាស្ត្រ​ត្រូវ​បញ្ចប់​ការសិក្សា​បញ្ញាបត្រ​ឱសថ​សាស្ត្រ​ពី​មហា​វិទ្យាល័យ និង​ត្រូវ​មាន​សញ្ញាបត្រ​ដែល​ទទួល​ស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង​សុខាភិបាល ឬ​ក្រសួង​អប់រំ យុវជន និងកីឡា ឬក៏​មហា​វិទ្យាល័យ​នៅក្រៅ​ប្រទេស​ជាដើម, អ្នក​ប្រកប​វិជ្ជាជីវៈ​ឱសថ​សាស្ត្រ​ត្រូវ​មាន​សមត្ថភាព ឬ​គុណវុឌ្ឍ​គ្រប់គ្រាន់​ក្នុង​ការប្រកប​វិជ្ជាជីវៈ​ជាឱសថ​ការី, អ្នកប្រកប​វិជ្ជាជីវៈ​ឱសថ​សាស្ត្រ​ត្រូវមាន​សុខភាព​ល្អ ពោល​គឺ​ត្រូវមាន​កាយសម្បទា​គ្រប់គ្រាន់ គ្មាន​ជំងឺ និង​អ្នកប្រកប​វិជ្ជាជីវៈ​ឱសថ​សាស្ត្រ​ត្រូវតែ​មិនមែន​ជាអ្នក​ជាប់​ទោស​ទណ្ឌ ឬមិនមែន​ជា​ពិរុទ្ធ​ជន។

លោក បាន បុត្តា បានបញ្ជាក់​បន្ថែម​ថា៖​«មុននឹង​ឱសថ​ការី​ទាំងនោះ​ស្នើ​សុំ​អាជ្ញាបណ្ណ​ពីក្រសួង​សុខាភិបាល ដាច់ខាត​ត្រូវចុះ​បញ្ជិកា​ឱសថ​ការី​ជាមុន​សិន ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់​សុខភាព​សាធារណៈ ​ពិសេស​ដើម្បី​ពង្រឹង​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព​ក្នុងការផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ។ នេះ​ជាលក្ខខណ្ឌ​ដែលបាន​កំណត់​ដោយ​ច្បាប់»។ នេះ​បើយោង​តាម​ក្រសួង​ព័ត៌មាន​ដដែល​នេះ៕