
សិស្សសាលាបឋមសិក្សាចាក់អង្រែចេញពីរៀនពីថ្ងៃទី ២២ ខែមីនា។ ហុង មិនា
ភ្នំពេញៈ ចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ គ្រប់គ្រឹះស្ថានអប់រំ ទាំងរដ្ឋ និងឯកជនទាំងអស់ នឹងត្រូវបានឈប់សម្រាក ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រសួងអប់រំ។
លិខិតជូនដំណឹង ដែលចេញដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ បានជូនដំណឹងស្តីពី «ការឈប់សម្រាកក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងលិខិតនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។
ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ខាងលើនេះ លោក ហង់ជួន ណារ៉ុន បានណែនាំឱ្យសាកលវិទ្យាធិការ នាយកនាយិកា នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន រួមទាំងនាយកនាយិកានៃគ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំ កុមារតូច គ្រឹះស្ថានបឋមសិក្សា គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈ និងឯកជនទាំងអស់ ជាពិសេស ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត «ត្រូវអនុវត្តវិស្សមកាលធំ ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣»។
ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានអនុញ្ញាតឱ្យមានការបង្រៀន និងរៀនតាមអនឡាញ ឬការប្រឡងនានា ឬកម្មវិធីចាំបាច់ណាមួយ ឬការបង្រៀនក្នុងថ្នាក់តាមតម្រូវការជាក់ស្តែង អាស្រ័យលើកម្មវិធីសិក្សា និងកាលវិភាគសិក្សា របស់គ្រឹះស្ថានសិក្សាផ្ទាល់។
ក្រសួងក៏បានលើកទឹកចិត្តឱ្យបុគ្គលិកអប់រំ សិស្សានុសិស្ស និស្សិត ចូលរួមទស្សនាដោយផ្ទាល់ ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជា។
ជុំវិញសេចក្ដីណែនាំខាងលើនេះ លោកសេង អឿន នាយកសាលាបឋមសិក្សាភូមិថ្មី ក្នុងស្រុកអូរជ្រៅ និងលោកតាន់ កុសល នាយកសាលាបឋមសិក្សាកោះពងសត្វ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បញ្ជាក់ថា សាលានឹងរៀបចំឱ្យមានការឈប់សម្រាកតាមការណែនាំរបស់ក្រសួង។
លោក សេង អឿន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជាទូទៅការឈប់សម្រាប់វិស្សមកាលធំ គឺត្រូវធ្វើឡើងក្នុងខែតុលា ប៉ុន្តែបន្ទាប់ពីមានការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ មក ការឈប់សម្រាកវិស្សមកាលធំ ត្រូវបានផ្លាស់ប្ដូរ។
លោកបញ្ជាក់ថា៖ «កាលពីឆ្នាំមុន ការឈប់សម្រាកវិស្សមកាលធំ ត្រូវបានធ្វើឡើងនៅខែធ្នូ ប៉ុន្តែនៅឆ្នាំនេះ ក្រសួងបានតម្រូវឱ្យឈប់តាំងពីថ្ងៃទី ២០ ខែមេសា ទៅដល់ថ្ងៃទី ១៨ ខែឧសភា ដើម្បីចូលរួមគាំទ្រ ដែលកម្ពុជាយើងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដូច្នេះយើងត្រូវតែអនុវត្តតាម»។
ដូចគ្នានេះដែរ លោក តាន់ កុសល បាននិយាថា៖ «ទោះជាសាលាយើងនៅតំបន់ដាច់ស្រយាល ដែលមិនបង្កឱ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់ សន្តិសុខសាធារណៈ ក្នុងអំឡុងពេលនៃការរៀបចំពិធីប្រកួតកីឡាខាងលើនេះក៏ដោយ ក៏យើងចាំបាច់ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួង»។
បើតាមការអះអាងរបស់លោកនាយកសាលាទាំង ២ នេះសិស្សានុសិស្ស នឹងត្រូវចូលរៀនវិញ ក្រោយបញ្ចប់កម្មវិធីប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយការរៀននឹងបន្តរហូតដល់ចុងខែធ្នូ ឆ្នាំ ២០២៣។
ថ្វីដ្បិតយ៉ាងដូច្នេះក្ដី កញ្ញា តាន់ រតនា ដែលអះអាងថា មានប្អូនប្រុសរៀននៅសាលាបឋមសិក្សាឯកជនមួយក្នុងរាជធានីភ្នំពេញ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រសួងគួរផ្ដល់ដំណឹង ឱ្យបានមុននេះ ព្រោះនៅពេលនេះ នាងបានបង់ថ្លៃសាលា សម្រាប់ប្អូនប្រុសរបស់នាង សម្រាប់វគ្គសិក្សាប្រចាំត្រីមាសទី២ រួចទៅហើយ៕