​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ម្ចាស់​សហគ្រាស​កសិដ្ឋាន​កសិក​ម្ម និង​គ្រួសារ​កាន់កាប់​កសិកម្ម​ទាំងអស់​ចូលរួម​ផ្តល់​ទិន្នន័យ​ព័ត៌មាន ឱ្យបាន​ត្រឹម​ត្រូវ ពេញលេញ និង​ស្មោះត្រង់​ដល់​មន្ត្រី​ជំរឿន​កសិកម្ម​ដែល​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី ​១ ដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​ ២០២៣ ខាងមុខនេះ​។​

​តាមរយៈ​សារ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​ ២៣ ខែមីនា បានឱ្យដឹងថា ជំរឿន​កសិកម្ម ឆ្នាំ​ ២០២៣ ជា​ជំរឿន​កសិកម្ម​លើក​ទី​ ២ នៅ​កម្ពុជា​ស្របតាម​ច្បាប់​ស្តីពី​ស្ថិតិ​ដែល​បានកំណត់​នូវ​កាតព្វកិច្ច​របស់​ម្ចាស់​អង្គភាព​កសិកម្ម​ទាំងអស់ មាន​ជាអាទិ៍​សហគ្រាស​កសិដ្ឋាន​កសិកម្ម និង​គ្រួសារ​កាន់កាប់​កសិកម្ម​នីមួយៗ ត្រូវ​ចូលរួម​សហការ​ក្នុងការ​ផ្តល់ព័ត៌មាន​ទិន្នន័យ​ដល់​មន្ត្រី​ជំរឿន​កសិកម្ម​។

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ជំ​រឿន​កសិកម្ម ធ្វើឡើង​ដើម្បី​ទទួលបាន​ព័ត៌មាន​សំខាន់​ពី​វិស័យ​កសិកម្ម ស្តីពី​ស្ថានភាព​កសិកម្ម ដើម្បី​ធ្វើជា​មូលដ្ឋាន​ទិន្នន័យ​គ្រឹះ​សម្រាប់​រៀបចំ​ធ្វើ​គោលនយោបាយ យុទ្ធសាស្ត្រ​ផែនការ​សកម្មភាព និង​គម្រោង​កម្មវិធី​នានា ដើម្បី​ជំរុញ​កិច្ចអភិវឌ្ឍន៍​វិស័យ​កសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច និង​សុខុមាលភាព​ប្រជាជន​។​

​លោក ហ៊ុន សែន បាន​លើកឡើងថា​៖ «​ជំរឿន​កសិកម្ម​ជាការ​ងារ​ដ៏​ធំ និង​ជា​ប្រវត្តិសាស្ត្រ​ដែលមាន​សារៈសំខាន់​សម្រាប់​ប្រទេសជាតិ ហើយក៏​ជាការ​ងារ​ស្ថិតិ​របស់​ប្រទេស​កម្ពុជា ដែល​នាំមក​នូវ​ព័ត៌មាន និង​ទិន្នន័យ​ទាំងឡាយ របស់​សហគ្រាស​កសិដ្ឋាន​កសិកម្ម​និង​គ្រួសារ​កាន់កាប់​កសិកម្ម​គ្រប់​ប្រភេទ និង​គ្រប់​ទំហំ​ខ្នាត​ទាំងអស់​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ប្រទេស​ជាច្រើន​នៅលើ​សកលលោក សុទ្ធតែ​មានការ​ចាំបាច់​ក្នុង​ការធ្វើជំរឿន​កសិក​ម្ម ក្នុងប្រទេស​ដែលមាន​សុខ​​សន្តិភាព ស្ថិរភាព​នយោបាយ​អាច​ដំណើរការ និង​ប្រព្រឹត្តទៅ​បានល្អ​នូវ​ជំរឿន​កសិកម្ម​នេះ ហើយ​លទ្ធផល​ទិន្ន​​ន័យ​ដែល​បានមកពី​ជំរឿន​ក​សិ​ម្ម និង​ត្រូវ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ ដល់​សហគ្រាស​ក​សិ​​ដ្ឋា​ន​កសិកម្ម និង​គ្រួសារ​កាន់កាប់​ក​សិ​កម្ម គ្រប់​ប្រភេទ​ទាំងអស់ សូម​ចូលរួម គាំទ្រ​ការងារ​នេះ និង​សូម​ផ្តល់ព័ត៌មាន ទិន្នន័យ​តាម​សំណូមពរ​សម្ភាស​ឱ្យបាន​ពេញលេញ ត្រឹមត្រូវ និង​ស្មោះ​ត្រង់​ដល់​មន្ត្រី​ជំរឿន​កសិកម្ម​ដើម្បី​បង្កើតបាន​នូវ​ស្ថិតិ​ល្អ​ពីព្រោះ​ស្ថិតិ​ល្អ​បង្កើតបាន​នូវ​គោលនយោបាយ​ល្អ ហើយ​គោលនយោបាយ​ល្អ​នឹង​ជំ​រុញឱ្យ​ប្រទេសជាតិ​បាន​ជឿនលឿន​»​។

​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំរឿន​កសិកម្ម ស្តីពី​ការប្រមូល​ទិន្នន័យ​ជំរឿន​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ ២០២៣ ​កាលពី​ថ្ងៃទី​ ២១ ខែមីនា លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ក៏បាន​លើកឡើង​ដែរ​ថា ជំរឿន​កសិកម្ម​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ចូល​រួមចំណែក​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​ឆ្នាំ​ ២០៣០​។​

​លោក​បាន​បន្តថា ការងារ​ជំរឿន​ក​សិ​​កម្ម​នៅ​កម្ពុជា ឆ្នាំ​ ២០២៣ គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត​ដែល​ត្រូវធ្វើ​មិនអាច​ខ្វះ​បាន ដើម្បី​ឆ្លើយតប​សេចក្តី​ត្រូវ​ការប្រើប្រាស់​ទិន្នន័យ សម្រាប់​ជា​ធាតុ​ចូល​ដ៏​សំខាន់បំផុត ក្នុងការ​រៀបចំ​ធ្វើ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ក​សិ​កម្ម សេដ្ឋកិច្ច​បរិស្ថាន សង្គម ការ​​ប្រែប្រួល​អាកាសធាតុ​និង​សុខុមាល​ភាព​របស់​ប្រជាជន​កម្ពុជា​។ វា​ក៏​ជា​សូចនាករ​យ៉ាងសំខាន់​ស​ម្រា​ប់​តាម​ដាន ត្រួតពិនិត្យ វាយតម្លៃ​លើ​កម្មវិធី​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ យុទ្ធសាស្ត្រ​នៃ​ការលុបបំបាត់​ភាពក្រីក្រ និង​គោល​​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា (CSDGs) ​ឆ្នាំ​ ២០១៦-២០៣០​។​

​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ឆាយ ថន ថ្លែងថា​៖ «​ការងារ​ជំរឿន​កសិកម្ម​ឆ្នាំ​ ២០២៣ ត្រូវបាន​ធ្វើជា​លើក​ទី​ ២ បន្ទាប់ពី​ជំរឿន​កសិកម្ម​លើក​ទី​ ១​ នៅ​ឆ្នាំ ​២០១៣ ហើយ​ជំរឿន​លើក​ទី ​២ ​នេះ មាន​វិសាលភាព​ធំធេង ដោយ​ផ្អែក​តាម​ការប៉ាន់ស្មាន​ចំនួន​ប្រជាជន​កម្ពុ​ជាមាន​កំណើន​ដល់​ជាង ១៧​ លាន​នាក់ ដែលមាន​ប្រមាណ ៣,៩​ លាន​គ្រួសារ និង​គ្រួសារ​ប្រកបមុខរបរ​កសិកម្ម​នៅ​ទូ​ទាំ​ប្រទេស​កម្ពុ​ជាមាន​ប្រមាណ​ជាង ២,៧​ លាន​គ្រួសារ​»​។​

​លោក​រដ្ឋមន្ត្រី ថ្លែង​ដោយបាន​ស្នើឱ្យ​ម្ចាស់​គ្រឹះស្ថាន​សហគ្រាស​កសិដ្ឋាន អ្នកគ្រប់គ្រង ក៏ដូចជា​គ្រួសារ​កសិករ​ទាំងអស់ ត្រៀមខ្លួន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដើម្បីឱ្យ​យុទ្ធនាការ​នេះ​ប្រកបទៅដោយ​ភាពជោគជ័យ​៕