កំពង់ឆ្នាំងៈ កងទ័ព​កម្ពុជា និង​កងទ័ព​ចិន​នា​ថ្ងៃទី ​២៣ ខែមីនា បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ដោយ​ភាគី​ចិន​បញ្ជាក់ថា សមយុទ្ធ​នេះ​អាច​ពង្រឹង​និង​ពង្រីក​មិត្តភាព​ប្រពៃណី​ចិន​និង​កម្ពុជា​ឱ្យ​កាន់តែ​ត្រចះត្រចង់​។​

​លោក​ ឈិន មិន​ធាន នាយរង​សេនាធិការ​កងទ័ពជើងគោក​តំបន់​ខាងត្បូង​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន ថ្លែង​ក្នុង​ពិធី​បើក «​សមយុទ្ធ​រួម​នាគ​មាស​ឆ្នាំ​២០២៣»​ នៅ​ខេត្តកំពង់ឆ្នាំងថា ចិន​ និង​កម្ពុជា​ជា​អ្នកជិតខាង​ល្អ​ដែលមាន​មិត្តភាព​យូរលង់​ជា​ដៃគូ​ល្អ​ដែល​ជឿទុកចិត្ត​គ្នា​ទៅវិញ​ទៅ​មក​។ កងទ័ព​ចិន និង​កម្ពុជា​ជា​បងប្អូន​ប្រៀប​ដូច​ដៃជើង ជា​មិត្ត​ភ​កិ្ត​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​។​

​លោក​ថា តាំងពី​បង្កើត​ទំនាក់​ទំនង​ការទូត​អស់​រយៈពេល​ ៦៥​ ឆ្នាំ​រៀងមក​មិត្តភាព​ប្រពៃណី​ចិន​និង​កម្ពុជា​ដែល​ពូន​ជ្រំ​ដោយ​មេដឹកនាំ​ជំនាន់​មុន​កាន់តែ​យូរ​កាន់តែ​រឹងមាំ បានក្លាយ​ទៅជា​គំរូ​នៃ​ទំនាក់​ទំនង​អន្តរជាតិ​បែប​ថ្មី​។ ក្នុង​យុគសម័យ​ថ្មី ក្រោម​ការជំរុញ​ដោយ​មេដឹកនាំ​ប្រទេស​ទាំង​ ២ ទំនាក់ទំនង​ចិន​និង​កម្ពុជា​បានទទួល​ការ​អភិវឌ្ឍ​ថ្មី​។

​លោក ឈិន មិន​ធាន ថ្លែងថា​៖ «​សមយុទ្ធ​លើក​នេះ កងទ័ព​ទាំង​ ២ ​មិន​ត្រឹមតែ​អាច​ដក​បទពិសោធន៍​និង​លើកកម្ពស់​ជាមួយ​គា្ន​លើ​មុខជំនាញ​ប្រតិបត្តិ​ការការពារ​សន្តិ​សុខ​ក្នុង​ព្រឹត្តិការណ៍​ធំៗ និង​សកម្មភាព​យោធា​តែប៉ុណ្ណោះ​ទេ ថែមទាំង​ត្រូវ​បង្កើន​ការ​ស្វែង​យល់​គ្នា​ទៅវិញទៅមក លើ​គោល​គំនិត និង​វប្បធម៌ ពង្រឹង​និង​ពង្រីក​មិត្តភាព​ប្រពៃណី​ចិន​និង​កម្ពុជា​ឱ្យ​កាន់តែ​ត្រចះត្រចង់​»​។​

​លោក​ថ្លែងថា សមយុទ្ធ​រួម​នាគ​មាស គឺជា​គម្រោង​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​ចិន និង​កម្ពុជា បានរៀបចំ​ដោយ​ជោគជ័យ​ចំនួន ​៤ ​លើក​រួចមកហើយ​។ សមយុទ្ធ​លើក​នេះ ភាគី​ចិន ចាត់​នាវា​ដឹកជញ្ជូន​ ០៧១ ​នៃ​កងទ័ពជើងទឹក​ទទួល​ខុសត្រូវ​ដឹកជញ្ជូន​កង​កម្លាំង​និង​យុទ្ធោបករណ៍ ធ្វើ​លំ​ហាត់​នាវាចរណ៍​និង​ទូរគមនាគមន៍​លើ​ផ្ទៃសមុទ្រ​ជាមួយ​កង​​ទ័ពជើងទឹក​កម្ពុជា​។

​លោក​បន្ថែមថា ភាគី​ចិន​បាន​ចាត់​ជំនាញ​ទ័ព តួយ៉ាង​ដូចជា​កង​ប្រតិបត្តិការ​យោធា​ពិសេស កង​ដោះមីន និង​កង​សុខាភិបាល​ជាដើម ចូលរួម​ញ៉ាំងឱ្យ​សមយុទ្ធ​កាន់តែ​មាន​ធាតុ​សម្បូរបែប វិសាល​ភាព​កាន់តែ​ធំធេង​និង​យុទ្ធោបករណ៍​កាន់តែ​ទំនើប ហើយ​ថា​៖ «​សូមអ្នក​ទាំងអស់គ្នារ​ក្សា​ថា្នក់​ថ្នម​ឱកាស​មួយ​នេះ បង្កើន​ការផ្លាស់ប្តូរ រួមចំណែក​សម្រាប់​ពង្រឹង​និង​ពង្រីក​មូលដ្ឋាន​គ្រឹះ នៃ​កិច្ចសហប្រតិបត្តិការ និង​ការជឿទុកចិត្ត​គ្នា​រវាង​កងទ័ព​ចិន​និង​កម្ពុជា​»​។​

​លោក ឈិន មិន​ធាន ​ថ្លែងថា សមយុទ្ធ​នឹង​ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​ប្រតិបត្តិ​ការការពារ​សន្តិ​សុខ​ក្នុង​ព្រឹត្តិការណ៍​ធំៗ តាមរយៈ​លំ​ហាត់​រួម លំ​ហាត់​សហការ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​។ ភាគី​ទាំង ​២ ​នឹង​ហ្វឹកហ្វឺន​លើ​វិញ្ញាសា​យាមកាម​និង​ហ៊ុមព័ទ្ធ បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង ដោះមីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ការពារ​ឥស្សរជន​នយោបាយ​ជាដើម​។​

លោកហ៊ុន ម៉ាណែត និងនាយរងសេនាធិការកងទ័ពជើងគោកចិន​ក្នុងពិធីធ្វើសមយុទ្ធថ្ងៃ​ ២៣ មីនា។ហេង ជីវ័ន

​លោក​ថ្លែងថា​៖ «​សូម​យើង​ទាំងអស់​គា្ន ពួតដៃ​ប្រកៀក​ស្មា ខិតខំ​ជំរុញ​ការកសាង​សហគមន៍​ជោគវាសនា​រួម​ចិន​និង​កម្ពុ​ជានា​យុគសម័យ​ថ្មី ដែលមាន​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់ រួមចំណែក​កាន់តែច្រើន​សម្រាប់​ការ​គាំពារ​សន្តិភាព តំបន់​និង​ជំរុញ​ការអភិវឌ្ឍ​រួម​»​។​

​ជាមួយគ្នានេះ គេហទំព័រ​ក្រសួង​ព័ត៌មាន​បាន​ស្រង់​សម្តី លោក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​​បញ្ជា​ការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​នេះ​ថា ការចាត់​តាំងធ្វើ​សម​​យុទ្ធ​លើក​នេះ ពិតជា​ឆ្លើយតប​ទៅនឹង​គោល​បំណង និង​សំណូមពរ​ភារកិច្ច​ចំពោះមុខ​របស់​កងទ័ព​នៃ​ប្រទេស​ទាំង ​២ រួមទាំង​តម្រូវការ​នៃ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ថែរក្សា​សន្តិសុខ​នៅក្នុង​តំបន់​។

​លោក​ត្រូវបាន​ស្រង់​សម្តី​ថា​៖ «​យើង​មិនអាច​ប្រមើល​មើលឃើញ​ជាមុន​អំពី​ការកើតឡើង​នូវ​គ្រោះមហន្តរាយ ឬ​ជំងឺ​​ឆ្លង​រាតត្បាត​ថ្មី​ទៀត នៅពេល​ខាងមុខ​ឡើយ ជាពិសេស​ក្នុង​បរិការណ៍​នៃ​ការប្រែប្រួល​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី និង​ការ​កើន​កម្តៅ​នៃ​អាកាស​​ធាតុ​ពិភពលោក​។ កត្តា​នេះ​បាន​តម្រូវឱ្យ​កម្ពុជា ក៏ដូចជា​ប្រទេស​ក្នុង​តំបន់ និង​សកលលោក ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​ឆ្លើយតប​»​។

​លោក​បន្ថែមថា អនុលោម​តាម​ស្ថានភាព​នេះ សមត្ថភាព​ប្រុងប្រៀប​ត្រៀមលក្ខណៈ​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ក្នុងការ​ឆ្លើយតប​ចំពោះ​ស្ថានភាព​ជាយថាហេតុ​នានា​ឱ្យបាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព គឺជា​អាទិភាព​ដ៏​សំខាន់​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​កម្ពុជា​។​

​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២៣ ខែមីនា ថា ផ្អែកទៅលើ​កិច្ច​សហ​ប្រតិបត្តិការ​រវាងរ​ដ្ឋ​និង​រដ្ឋ ឥឡូវនេះ​ប្រទេស​ទាំង​ ២ ស្ថិតក្នុង​នយោបាយ​នៃ​មិត្តភាព​ដែក​​ថែប និង​បាន​វិ​វត្ត​ទៅកាន់​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​។

​លោក​ថា​៖ «​អ៊ីចឹង​ដូច្នេះ​រាល់​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត​រវាង​ប្រទេស​ទាំង ​២​ សុទ្ធតែ​ត្រូវបាន​ផ្ចុងផ្ដើម​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ស្វែងយល់​គ្នា ទាំង​វប្បធម៌ ទាំង​ប្រពៃណី​អី​ជាដើម ដូចដែល​បានលើកឡើង​ហ្នឹង​គឺ​ពិតជា​ត្រឹមត្រូវ​ហើយ ពីព្រោះ​ផ្អែកទៅលើ​នយោបាយ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​របស់​ប្រទេស​ទាំង​ ២​ ហ្នឹង​»៕