ភ្នំពេញៈ ប្រតិភូ​កម្ពុជា​ចូលរួម​ប្រជុំ​ស្តីពី "​ការឆ្លើយតប​អន្តរ​ស្ថាប័ន​រួមគ្នា លើ​បទល្មើស​បរិស្ថាន និង​ការគំរាម​កំហែង​ជីវសាស្ត្រ​" ដែល​ត្រូវបាន​រៀបចំ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣។​

​យោងតាម​ក្រសួងបរិស្ថាន​បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​គោលបំណង​ចំនួន ៣ ដែល​រួមមាន​ដូចជា ១) ហានិភ័យ​ជីវសាស្ត្រ​ឆ្លងដែន ២) កាលានុវត្តភាព និង​បញ្ហា​ប្រឈម​ក្នុង​ការកសាង​ភាពជា​ដៃគូ​រវាង​អ្នកពាក់ព័ន្ធ និង ៣) ធនធាន​សម្រាប់​អនុវត្ត​នៅ​ក្នុង​ប្រទេស​មហា​អនុតំបន់​មេគង្គ GMS។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ប្រតិភូ​ចំនួន ១០ ប្រទេស ដែល​តំណាងឱ្យ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​។ ក្នុងនោះ ប្រតិភូ​កម្ពុជា​មាន​សមាជិក​ចំនួន ៧ រូប​ផងដែរ​។ ប្រធានបទ​សំខាន់ៗ​ចំនួន ៥ វគ្គ ដែល​ត្រូវបាន​លើក​យកមក​ពិភាក្សា ដូចជា​វគ្គ​១) លំហូរ​ទំនិញ​ស្របច្បាប់ និង​ខុសច្បាប់ ឆ្លងកាត់​ព្រំដែន​ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​, វគ្គ​២) បច្ចុប្បន្នភាព​ព័ត៌មាន​អំពី គោលនយោបាយ​និង​កម្មវិធី​ដែល​នៅ​ជាធរមាន​, វគ្គ​៣) សមត្ថភាព លទ្ធភាព និង​ភាពជា​ដៃគូ​, វគ្គ​៤) ការចូលរួម​របស់​ស្ថាប័ន​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ក្នុង​ការងារ​សុខុមាលភាព មនុស្ស​សត្វព្រៃ​ប្រព័ន្ធ​អេកូឡូស៊ី និង វគ្គ​៥) ការបង្កើត ការចូលរួម​ធនធាន និង​ការពង្រីក​ភាពជា​ដៃគូ​នៅ​ថ្នាក់ជាតិ ទ្វេភាគី និង​ពហុភាគី៕