
លោកស ខេង នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពីថ្ងៃទី ២៣ មីនា។ រូបថត ក្រសួងមហាផ្ទៃ
ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកទឹកចិត្តឱ្យមានការវិនិយោគ និងធ្វើអាជីវកម្ម ដែលមិនមែនជាការបើកអាជីវកម្ម ដើម្បីធ្វើជាខែល និងបិទបាំងសម្រាប់សកម្មភាពខុសច្បាប់ ដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់នោះទេ។
បើតាមផេកហ្វេសប៊ុកក្រសួងមហាផ្ទៃ លោកស ខេង បានថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ គ.ជ.ប.ជ នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា៖ «យើងលើកទឹកចិត្តឱ្យមានការវិនិយោគ និងធ្វើអាជីវកម្ម ប៉ុន្ដែមិនមែនបើកអាជីវកម្ម ដើម្បីខែល និងបិទបាំង ដើម្បីឱ្យសកម្មភាព ខុសច្បាប់ ការជួញដូរមនុស្ស ការរំលោភសិទ្ធិមនុស្ស ដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់នោះទេ»។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជនទាំងអស់ ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមានរបស់កម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស។
លោកគូសបញ្ជាក់ថា ការបង្ក្រាប និងទប់ស្កាត់អំពើជួញដូរមនុស្សនេះ បើពុំមានការជួយសហការគ្នាពី ភាគីពាក់ព័ន្ធ បណ្តាក្រុមហ៊ុនឯកជនទេ គឺមិនអាចទទួលបានលទ្ធផលល្អប្រសើរនោះទេ ដូច្នេះករណីនេះត្រូវតែខិតខំ បន្ថែមទៀតដើម្បីធ្វើយ៉ាងណាកុំឱ្យកម្ពុជាមានឈ្មោះជាប្រទេសត្រូវបានគេយកធ្វើជាជម្រក នៃការជួញដូរមនុស្ស។
លោកបានលើកឡើងថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ និងសកម្មយ៉ាងខ្លាំងក្នុងការទប់ស្កាត់ បង្ក្រាបអំពើជួញដូរមនុស្ស ហើយយុទ្ធនាការនេះទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់៕