ភ្នំពេញៈ តំណាង​អង្គការ OIF ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​លោក Edgar DOERIG បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ជួប​ជាមួយ​ដៃគូ​សំខាន់ៗ​នៅ​កម្ពុជា ហើយ​បន្ត​អនុវត្ត​គម្រោង​ដែល​មាន​ស្រាប់ និង​បង្កើត​គម្រោង​ថ្មីៗ ស្របតាម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​របស់​អង្គការ OIF​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​លទ្ធផល​នៃ​ជំនួប​សម្តែង​ការគួរសម​រវាង​លោក DOERIG និង​លោក​ឈីវ យីស៊ាង រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​នៅ​ថ្ងៃទី ២២ ខែមីនា។​

​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​របស់លោក Edgar DOERIG នៅ​កម្ពុជា បន្ទាប់ពី​ចូលកាន់​តំណែង​ជា​តំណាង​របស់​អង្គការ OIF ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​នៅ​ទីក្រុង​ហាណូយ​នា​ពាក់កណ្តាល​ខែមីនា​កន្លងមក។​

​លោក​ឈី​វ យី​ស៊ា​ង​បាន​ថ្លែង​ក្នុងជំនួប​នោះ​ថា នៅ​ឆ្នាំ ២០២២ បន្ទាប់ពី​ងើប​ចេញពី​ជំងឺ​រាតត្បាត កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ចំនួន ៥.២%​។ លទ្ធផល​ដ៏ល្អប្រសើរ​នេះ​ទទួល​បាន តាមរយៈ​ការគ្រប់គ្រង វិបត្តិ​កូវីដ ១៩ ដ៏ល្អ​របស់​រាជរដ្ឋាភិបាល ការផ្តល់​ទំនុកចិត្ត​របស់​វិនិយោគិន​អន្តរជាតិ និង​ជោគជ័យ​នៃ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ទោះ​ស្ថិត​នៅក្នុង​បរិបទ​នៃ​ជម្លោះ​រុស្ស៊ី-អ៊ុយក្រែន និងការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​ក្តី។

​លោក​រដ្ឋលេខាធិការ​ក៏បាន​ទាញ​ចំណាប់អារម្មណ៍​របស់លោក DOERIG ទៅលើ​សារៈសំខាន់​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ពីមួយថ្ងៃ ទៅ​មួយថ្ងៃ បាន​ក្លាយជា​តំបន់​ទាក់ទាញ​នៃ​ពិភពលោក ដែល​អង្គការ OIF ត្រូវ​យកចិត្ត​ទុកដាក់​កាន់តែខ្លាំង​ថែមទៀត។​

​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក DOERIG បាន​គូសបញ្ជាក់ថា​លោក​ចង់​ជួប​ជាមួយ​ដៃគូ​ហ្វ្រង់កូហ្វូន​សំខាន់ៗ​នៅ​កម្ពុជា ដើម្បី​បន្ត​អនុវត្ត​គម្រោង​ដែល​មាន​ស្រាប់ និង​បង្កើត​គម្រោង​ថ្មីៗ ស្របតាម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​របស់​អង្គការ OIF​។ ចាប់ពី​ពេល​ចាប់ផ្តើម​បំពេញ​ការងារ​ប៉ុន្មាន​ថ្ងៃ​ដំបូង លោក​បាន​បញ្ជាក់​ពីភាព​ពាក់ព័ន្ធ​ដែល​ត្រូវ​ស្វែងយល់​ពី​បណ្ដាញ​ហ្វ្រង់កូហ្វូន​នៅ​កម្ពុជា​។ លើស​ពីនេះ​ទៀត លោក DOERIG បាន​លើក​ឡើង​ពី​ចំណាប់អារម្មណ៍​របស់​អង្គការ OIF ក្នុងការ​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

​លោក​ឈី​វ យី​ស៊ា​ង​បានបញ្ជាក់​ជាថ្មី​ពី​ដំណើរការ​យ៉ាង​ល្អ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា និង​ការគោរព​ដ៏ល្អ​របស់​កម្ពុជា នៅក្នុង​វិស័យ​សិទ្ធិមនុស្ស​។ ការដក​កម្ពុជា​ចេញពី​ស្ថានការណ៍ "La mise sous alerte" របស់ សភា​ប្រើប្រាស់​ភាសា​បារាំង (APF) កាលពី​ខែ​មករា ឆ្នាំ ២០២៣ ជា​ភ័ស្តុតាង​បញ្ជាក់​ពី​ការ ទទួល​ស្គាល់ថា​ប្រជាជន​កម្ពុជា​ផ្ដោត​សំខាន់​ទៅ​ការគោរព​សេរីភាព​បុគ្គល។ ប្រធាន​គណៈកម្មាធិការ នយោបាយ​នៃ​សភា APF បាន​មក​បំពេញ​បេសកកម្ម​សុឆន្ទៈ​នៅ​កម្ពុជា ដែល​នៅក្នុង​អំឡុង​ពេលនោះ លោក​បាន​ជួប​ជាមួយ​ស្ថាប័ន​សាធារណៈ និង​ឯកជន​ពាក់ព័ន្ធ​ទាំងអស់។​

​លើសពីនេះ​ទៀត លោក DOERIG និង​លោក​ឈី ស៊ា​ង បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​ដោយស្មោះ​ត្រង់ និង​ប្រកបដោយ​ផ្លែផ្កា ទៅលើ​ប្រធានបទ​សំខាន់ៗ​ជាច្រើន ទាក់ទង​នឹង​ការពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​រវាង​កម្ពុជា និង​ស្ថាន​តំណាង​អង្គការ OIF នៅ​អាស៊ីប៉ាស៊ីហ្វិក ការអនុវត្ត​គម្រោង​បច្ចុប្បន្ន ជាពិសេស​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​បណ្តាញ​រចនាសម្ព័ន្ធ និង​ស្ថាប័ន​ទទួលបន្ទុក​ហ្វ្រង់កូហ្វូនី​នៅ​អាស៊ីប៉ាស៊ីហ្វិក (RESIFAP) ការបណ្តុះបណ្តាល​ជា​ភាសា​បារាំង​សម្រាប់​មន្ត្រីរាជការ​និង​កង​មួកខៀវ​កម្ពុជា។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ផងដែរ​លើ​បរិបទ​ភូមិសាស្ត្រ​នយោបាយ នៅ​ក្នុង​ពិភពលោក ក្នុង​នោះ មានការ​វិវត្តន៍​នៃ​តំបន់​អាស៊ីប៉ាស៊ីហ្វិក និង​ជាអាទិ៍ ការ​ងើប​ឡើងវិញ នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក និង​តំបន់។​

​ក្រសួង​បាន​បញ្ជាក់ថា​៖ «​កិច្ចសន្ទនា​នេះ មាន​សារៈសំខាន់ និង​ផ្តល់នូវ​លទ្ធផល​ជាទី​គាប់ប្រសើរ​ជាច្រើន​។ លោក Edgar DOERIG បាន​ធានាថា​លោក​នឹង​ដើរ​តួនាទី​ជា​មេធាវី ដើម្បី​ការពារ​គុណ​តម្លៃ​ហ្វ្រង់កូហ្វូនី​នៅ តំបន់​អាស៊ីប៉ាស៊ីហ្វិក និង​បាន​បង្ហាញ​ឆន្ទៈ​ក្នុងការ​នាំយក​កង្វល់​របស់​កម្ពុជា​ទៅ​បង្ហាញ​ដល់​ទីស្នាក់ការ​កណ្តាល​អង្គការ OIF»៕​