
កំពង់ឆ្នាំងៈ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការឌីវីវី អន្តរជាតិ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ជំនាញទន់ និងលើកកម្ពស់ការអប់រំមនុស្សពេញវ័យនៅកម្ពុជា ដល់មន្ត្រីទទួលបន្ទុក និងយុវជនស្ម័គ្រចិត្ត” នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង។
សិក្ខាសាលាបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ អង្គការ ឌីវីវី អន្តរជាតិ មន្ត្រីទទួលបន្ទុកយុវជនខេត្ត យុវជនស្ម័គ្រចិត្តប្រមាណជា ៧០ នាក់។
យោងតាមក្រសួងអប់រំបានឱ្យដឹងថា គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលនេះគឺដើម្បីកសាងសមត្ថភាពផ្នែកជំនាញទន់ដល់មន្ត្រីទទួលបន្ទុកការងារយុវជន និងយុវជនស្ម័គ្រចិត្តរាជធានី ខេត្ត ដែលត្រូវទៅធ្វើការស្ម័គ្រចិត្តនៅក្នុងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (មសជ) ទាំង ១០, ផ្តល់ឱកាសក្នុងការចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តដើម្បីឱ្យយុវជនបានអនុវត្តនូវជំនាញទន់ និងជំនាញរឹង ពង្រឹងសមត្ថភាព បទពិសោធ ក្នុងការដោះស្រាយបញ្ហាជាក់ស្តែង និងលើកកម្ពស់ការងារអភិវឌ្ឍសហគមន៍តាមរយៈការងារស្ម័គ្រចិត្តក្នុងគោលបំណងផ្សារភ្ជាប់ការងារស្ម័គ្រចិត្ត ជាមួយការងារអភិវឌ្ឍសហគមន៍។
លើសពីនេះ សិក្ខាសាលានេះក៏មានគោលបំណងបង្កើត និងអនុវត្តកម្មវិធីយុវជនស្ម័គ្រចិត្តថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស ផ្តោតលើកម្មវិធីការងារស្ម័គ្រចិត្តសម្រាប់បង្កើនការងារ ដើម្បីឱ្យបង្កើតបានលទ្ធផលជាក់លាក់ និងមានការទទួលស្គាល់ទូលំទូលាយនៅក្នុងប្រទេសកម្ពុជាផងដែរ។
កម្មវិធីយុវជនស្ម័គ្រចិត្តសហគមន៍នេះ មានយុវជនស្ម័គ្រចិត្តចូលរួមចំនួន ៥០ នាក់ ដែលត្រូវទៅធ្វើការរយៈពេល ៦ ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ ២០២៣ នៅតាមមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (មសជ) ទាំង ១០ ដែលត្រូវបានប្រែក្លាយពីមជ្ឈមណ្ឌលសិក្សាសហគមន៍ចំនួន ៥ និងមជ្ឈមណ្ឌលយុវជន ចំនួន ៥ នៃខេត្តចំនួន ៩។ ក្នុងនោះរួមមាន ខេត្តកណ្តាល តាកែវ កំពត ស្វាយរៀង កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ ពោធិ៍សាត់ និងខេត្តព្រះវិហារ៕