
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣។ រូបថត ក្រសួងព័ត៌មាន
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអបអរសាទរពូជស្រូវបង្កាត់ថ្មី ២ ប្រភេទគឺពូជចំប៉ី ស និងពូជកង្រីរបស់ក្រសួងកសិកម្ម ដែលអាចផ្តល់ទិន្នផលខ្ពស់ដោយប្រើរយៈពេលដាំដុះខ្លី ហើយបានប្រកាសផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន ១០០ គ្រឿងដល់ក្រសួងកសិកម្ម ដើម្បីចែកជូនសហគមន៍កសិកម្មផងដែរ។
ការសាទរនេះត្រូវបានធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅរសៀលថ្ងៃទី២៤ ខែមីនានេះ។
លោកនាយករដ្ឋមន្រ្តីបានថ្លែងថា៖«ខ្ញុំសូមកោតសរសើរចំពោះ របបគំហើញពូជស្រូវថ្មីគឺ ពូជចំប៉ី ស និងពូជកង្រី... ខ្ញុំពិតជាមានការសាទរជាមួយនឹងការស្រាវជ្រាវបច្ចេកទេសជាបន្តបន្ទាប់ ដែលផ្សារភ្ជាប់ជាមួយនឹងការស្រាវជ្រាវ និងការដាំដុះ»។
លោកបានបន្តថា ទាក់ទងនឹងពូជថ្មីដែលមានរយៈពេលខ្លីនេះ វាជាសមិទ្ធផលថ្មីមួយ ដែលកម្ពុជាបានឈានមុខមួយនៅក្នុងការបង្កាត់ពូជខ្លួនឯង ហើយជាប់ចំណាត់ថ្នាក់ទៀតផង។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា បើទោះបីស្ថានភាពពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនខ្វះស្បៀងអាហារដូចកាលលើកមុននោះដែរ។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តីក៏បានប្រកាសផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន ១០០ គ្រឿងដល់ក្រសួងកសិកម្ម ដើម្បីចែកជូនសហគមន៍កសិកម្ម ដែលផលិតស្រូវពូជ។
ក្នុងឱកាសនោះ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្រសួងបានបញ្ចេញពូជស្រូវថ្មី ២ ប្រភេទ គឺចំប៉ី ស ៧០ និងកង្រី ដែលទើបនឹងបង្កាត់បាននោះ។ លោកបានបន្តថា ពូជចំប៉ី ស ៧០ គឺជាប្រភេទស្រូវស្រាល ដែលមានអាយុកាលពី ៩៣ ដល់ ៩៧ ថ្ងៃ ហើយវាមានគ្រាប់អង្ករថ្លា និងក្លិនក្រអូបឆ្ងុយ និងផ្តល់ទិន្នផលជាមធ្យម ពី ៣,២ ដល់ ៤,៩ តោនក្នុង ១ ហិកតា។
ដោយឡែកពូជស្រូវថ្មី កង្រី កាន់តែស្រាលជាងនោះទៅទៀត ដែលមានអាយុកាលខ្លីបំផុតគឺត្រឹម ៧៨ ដល់ ៨៤ ថ្ងៃប៉ុណ្ណោះ ហើយជាស្រូវមិនប្រកាន់រដូវ ដែលផ្តល់ទិន្នផលមធ្យម ៤,៣ ដល់ ៧,១ តោនក្នុង ១ ហិកតា។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ពូជចំប៉ី ស ៧០ គឺជាស្នាដៃបង្កាត់របស់លោក អ៊ុក មករា អតីតនាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ហើយពូជកង្រីវិញគឺជាស្នាដៃរបស់លោក ឃុន លាងហាក់ ដែលធ្វើការក្នុងអង្គការអភិវឌ្ឍន៍កសិកម្ម។ លោកនាយករដ្ឋមន្រ្តីក៏បានបំពាក់មេដៃជូនលោកទាំងពីរផងដែរ៕