​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​សុំ​ការយោគយល់ និង​អធ្យាស្រ័យ​ពី​អតិថិជន ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង ខណៈ​អង្គភាព​នេះ អះអាងថា នឹង​ខំធ្វើការ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​បាន​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ និង​ជា​ជំហានៗ ចាប់ពី​ខែ​ឧសភា​ឆ្នាំ ២០២៣ តទៅ។​

​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ផ្គត់ផ្គង់​ទឹក​ក្នុង​រដូវប្រាំង​ឆ្នាំ ២០២៣ និង​ដំណោះស្រាយ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ចុះ​ថ្ងៃទី ២៣ ខែ​មីនា បាន​លើកឡើង​ថា ចាប់ពី​ដើមខែ​កុម្ភៈ ដល់​ខែមីនា ឆ្នាំ ២០២៣ នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (​រ​.​ទ​.​ស​.​ភ​) បាន​ទទួល​ព័ត៌មាន​អំពី​ការមិន​ពេញចិត្ត​របស់​អតិថិជន ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្វះទឹក​ប្រើប្រាស់ ទឹក​មាន​សម្ពាធ​ខ្សោយ និង​គ្មាន​ទឹក​ក្នុង​បណ្តាញទឹក​ជាដើម។​

​ជាមួយគ្នានេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក៏បាន​សុំ​ការយោគយល់ និង​អធ្យាស្រ័យ​ពី​អតិថិជន ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង និង​អំពាវនាវ​ដល់​អតិថិជន​ទាំងអស់​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ មេត្តាជួយ​សន្សំសំចៃ​ទឹកស្អាត ដោយសារ​តម្រូវការ​ទឹក​នៅ​ឆ្នាំ ២០២៣ បាន​កើន​ឡើង​ដល់​ជិត ៩០ ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ។​

​រដ្ឋាករទឹក បាន​បញ្ជាក់ដែរថា​៖ «​នៅ​ឆ្នាំ ២០២៣ នេះ តម្រូវការ​ទឹក​ប្រើប្រាស់​បាន​កើនឡើង​ជាង ៨៩ ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ នៅពេល​ដែល​សមត្ថភាព​ផលិត​ទឹក​ជាក់ស្តែង​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ មាន​ប្រមាណ​តែ ៦៤ ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ​តែប៉ុណ្ណោះ​។ មានន័យថា រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ខ្វះ​ទឹក​ផ្គត់ផ្គង់​ចំនួន ២៥ ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ»។​

​ជាមួយគ្នានេះដែរ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ចាត់ទុក​កង្វល់​របស់​អតិថិជន គឺជា​កង្វល់ និង​ការទទួល​ខុសត្រូវ​របស់​ខ្លួន និង​សូម​អតិថិជន​ដែល​ជួប​បញ្ហា​ទឹកស្អាត​ទាំងអស់​មេត្តា​យោគយល់ អធ្យាស្រ័យ ខន្តី​អភ័យទោស និង​សូមមេត្តា​ជឿជាក់ថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹងធ្វើ​ការដោះស្រាយ​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​បាន ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ និង​ជា​ជំហានៗ ចាប់ពី​ខែឧសភា​ឆ្នាំ ២០២៣ តទៅ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នេះដែរ ប្រធាន​កម្មវិធី​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា លោក ហង់ ហ៊ី ប៊ុណ្ណា ថ្លែង​គាំទ្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាករទឹក ខណៈ​លោក​ក៏​គាំទ្រ​ឱ្យ​ពលរដ្ឋ​ចូលរួម​សន្សំសំចៃ​ទឹក​ប្រើប្រាស់ ព្រោះ​កន្លងមក​មាន​ប្រជាពលរដ្ឋ​ខ្លះ​នៅ​មានការ​ប្រើប្រាស់​ទឹក​លើស​តម្រូវការ និង​ខ្ជះខ្ជាយ​ផងដែរ។

​លោក​បន្តថា​៖ «​ការចេញ​សេចក្តីជូនដំណឹង​របស់​រដ្ឋាករទឹក គឺជា​ការ​ពញ្ញាក់​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​មួយ​ដែរ ដើម្បីឱ្យ​ពួកគាត់​ចេះ​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ខណៈ​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​កំពុងមាន​ការអភិវឌ្ឍ​ខ្លាំង​លើ​សំណង់​ផ្ទះល្វែង បុរី អចលទ្រព្យ និង​សំណង់​នានា ដែល​ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ទឹក​មានការ​កើនឡើង ហើយ​ខ្ញុំ​សង្ឃឹមថា រដ្ឋាករទឹក នឹង​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​បាន​ឆាប់រហ័ស សម្រាប់​ឆ្លើយតប​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹកបាន​ទាន់ពេល»។​

​គួរ​បញ្ជាក់ដែរថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​កត់សម្គាល់ថា ខណ្ឌ​ដែលមាន​បញ្ហា​ទឹក​ប្រើប្រាស់ ភាគច្រើន​កើតឡើង​នៅ​ក្នុង​សង្កាត់​ជាយ​រាជធានី​ភ្នំពេញ ដែល​មាន​ជាអាទិ៍ សង្កាត់​ស្វាយប៉ាក សង្កាត់​គោករការ សង្កាត់​ក្រាំងធ្នង់ សង្កាត់​សម្រោងក្រោម សង្កាត់​ស្ទោ សង្កាត់​ភ្លើងឆេះរទេះ សង្កាត់​ពងទឹក សង្កាត់​កន្ទោក សង្កាត់​កំបូល សង្កាត់​ចោមចៅ ១ សង្កាត់​ចោមចៅ ២ និង​សង្កាត់​ចោមចៅ ៣ សង្កាត់​កាកាប ១ និង​សង្កាត់​កាកាប ២ សង្កាត់​ព្រៃវែង សង្កាត់​ព្រៃស សង្កាត់​ជើងឯក សង្កាត់​ស្ទឹងមានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ២ និង​សង្កាត់​ស្ទឹងមានជ័យ ៣ សង្កាត់​ព្រែកកំពឹស សង្កាត់​ព្រែកហូរ សង្កាត់​ស្វាយរលំ សង្កាត់​ព្រែកថ្មី សង្កាត់​ក្បាលកោះ។​

​យ៉ាងណាមិញ ស្ថិតក្នុង​បរិការណ៍​នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ អះអាង​ដែរ​ថា រាជរដ្ឋាភិបាល ក្រសួង​អាណាព្យាបាល ក្រុមប្រឹក្សាភិបាល បាន​យល់​អំពី​សភាពការណ៍​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ និង​បាន​ជួយ​គាំទ្រ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ យ៉ាង​ពេញទំហឹង​ក្នុងការ​ផ្តល់ទុន​វិនិយោគ ដើម្បីឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​លទ្ធភាព​សាងសង់​រោងចក្រ​ផលិត​ទឹកថ្មី ដែល​មាន​សមត្ថភាព​អាច​ផលិត​ទឹកស្អាត​បាន​ក្នុង​បរិមាណ ៤០ ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ និង​បំពង់​ចែក​ទឹកថ្មី​ជិត ១ ពាន់​គីឡូម៉ែត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះទឹក ជា​ជំហានៗ ឱ្យខាង​តែបាន ចាប់ពី​ឆមាស​ទី ១ ឆ្នាំ ២០២៣ នេះ​តទៅ។​

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ សង្ឃឹម​ជឿជាក់ថា នៅ​ដើមខែ​ឧសភា ឆ្នាំ ២០២៣ នេះ រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី នឹង​ផលិត​ចែកចាយ​ទឹកស្អាត​បាន​ក្នុង​បរិមាណ ២០ ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ បន្ថែម​លើ​សមត្ថភាព​ផលិត​បច្ចុប្បន្ន ៦៤ ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ​។ ពោលគឺ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​សមត្ថភាព​ផលិត ៨៤ ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ ធៀប​នឹង​តម្រូវការ​ទឹកស្អាត ៨៩ ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ និង​មានន័យថា​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ដោះស្រាយ​បញ្ហា ខ្វះ​ទឹកស្អាត​បាន​ជាង ៩០% ហើយ។​

ដោយឡែក​ចាប់ពី​ដើមឆ្នាំ ២០២៤ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​អាច​ផលិត​ទឹកស្អាត​បាន ២០ ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ​បន្ថែម​ទៀត ដែល​ធ្វើឱ្យ​សមត្ថភាព​សរុប​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​រហូតដល់​ជាង ១ លាន ម៉ែត្រគុប​ក្នុង​មួយថ្ងៃ ពោលគឺ​ចាប់ពី​ដើមឆ្នាំ ២០២៤ តទៅ សមត្ថភាព​ផលិត​ទឹកស្អាត​របស់ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ជាង ១ លាន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ ធៀប​នឹង​ការព្យាករណ៍​តម្រូវការ​ទឹក​ដែល​មាន​ប្រមាណ ៩០ ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ​។ មានន័យថា អតិថិជន​រស់នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ទាំងអស់​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់៕​