​ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា (​រ៉ា​ក់​) និង UNFPA បានរួម​គ្នា​បើក​សិក្ខាសាលា​តម្រង់ទិស​ស្តីពី​ភាពជា​ដៃគូ ក្នុងការ​លើកកម្ពស់​កា​រ​ទទួលបាន​សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ ក្នុងចំណោម​កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ​។​

​សិក្ខាសាលា​នេះ​ត្រូវបាន​ធ្វើឡើង នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែមីនា ដោយមាន​ការឧបត្ថម្ភ​ថវិកា​ពី​មូលនិធិ​ប្រជាជន​ជប៉ុន JTF តាមរយៈ IPPF​។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ការងារ​។​

​លោក ហ៊ុយ ហាន​សុង រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ត្រីភាគី​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​គ្រឿងញៀន​នៅ​កន្លែងធ្វើការ ដែលជា​អធិបតី​នៅក្នុង​សិក្ខាសាលា​នេះ បាន​លើក​អំពី​ការយកចិត្តទុកដាក់​ចូល​រួម​អនុវត្ត​កម្មវិធី​លើកកម្ពស់​លក្ខខណ្ឌ​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ពី​សំណាក់ អង្គការ​ដៃគូ​ជាតិ អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​កន្លងមក ជាពិសេស អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា (​រ៉ា​ក់​)​។

​លោក​រដ្ឋលេខាធិការ បាន​គូសបញ្ជាក់ថា ការផ្តល់សេវា​សុខភាព​ការងារ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ហានិភ័យ​ទាំងឡាយ​ដែល​កើតមាន​ក្នុងអំឡុងពេល​បំពេញការងារ ដែលមាន​ដូចជា​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នៅ​កន្លែងធ្វើការ ដែល​ទាមទារ​ចាំបាច់​ឱ្យមាន​នីតិវិធី ឬ​គោលការណ៍​ណែនាំ​ច្បាស់លាស់​ក្នុងការ​អនុវត្ត និង​ពិនិត្យ​តាមដាន​ជំងឺ​វិជ្ជាជីវៈ សំដៅ​រៀបចំ​ប្រព័ន្ធ ធានារ៉ាប់រង​ហានិភ័យ​ការងារ​ប្រកបដោយ​គុណភាព​។​

​ក្នុងនាម​ក្រសួង​ការងារ លោក ហ៊ុយ ហាន​សុង បានស្នើ​ភាគី​និយោជក បង្កើន​ការ​អនុវត្តតាម​គោលការណ៍​ណែនាំ​ស្តីពី​ការរៀបចំ​គិលានដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​រៀបចំ​ឱ្យមាន​សេវា​ដែលជា​សេចក្តីត្រូវការ​របស់​ក​ម្មករ និយោជិត នៅក្នុង​គិលានដ្ឋាន​សហគ្រាស គ្រឹះស្ថាន​របស់ខ្លួន ដើម្បី​ឆ្ពោះទៅរក​ការធានាបាន​នូវ​សុខភាព និង​សុខុមាលភាព​នៅ​កន្លែងធ្វើការ​។​

​ជាមួយគ្នានេះ លោកស្រី​សា​ផន សុ​មោលី​រស្មី ជា​នាយិកា​រង​ប្រតិបត្តិ​នៃ អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា (​រ៉ា​ក់​) បាន​ថ្លែងថា អង្គការ​រ៉ា​ក់ ដែល​ធ្វើការ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៦ មាន​ឆន្ទៈ​ក្នុងការ​គាំទ្រ​ប្រជាជន​គ្រប់រូប​នៅ​កម្ពុជា ឱ្យមាន​សិទ្ធិ​ពេញលេញ​ទាក់ទង​នឹង​រឿង​ផ្លូវភេទ និង​ទទួលបាន​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​។

​បន្ថែម​ពីនេះ លោកស្រី បានបញ្ជាក់​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​រារាំង​ការទទួលបាន​ព័ត៌មាន និង​សេវា​សុខភាព​ផ្លូវភេទ សុខភាព​បន្ត​ពូជ ដែលមាន​ដូចជា​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ ការ​ទទួលរង​ផលប៉ះពាល់​ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ និង​ក្រោយ​ការ​រាតត្បាត ជំនឿ និង​បទដ្ឋាន​អវិជ្ជមាន​សង្គម​មួយចំនួន​។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ការងារ​៕​