​បន្ទាយ​មាន​ជ័​យៈ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានលើកឡើង​ថា កម្ពុជា​បាន​ខិតខំ​បញ្ចប់សង្គ្រាម​បាន​ដោយ​ខ្លួនឯង ហើយ​បាន​អំពាវនាវ​ឱ្យមាន​ការរៀបចំ​ផែនការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​វិធាន​សុខាភិបាល​នៅតាម​វត្ត​អា​រ៉ា​ម​ក្នុង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​។

​ការលើកឡើង និង​អំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​ធ្វើ​អធិបតី​ក្នុង​ពិធី​សាសនា​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃទី​២៣ ខែមីនា ដែលមាន​ពលរដ្ឋ​ចូលរួម​រាប់ពាន់នាក់​។ នេះ​បើ​យោងតាម​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន (NACD)​។​

​លោក​បាន​អំពាវនាវ និង​ណែនាំ​ឱ្យ​រួមគ្នា​ការពារ​ដាច់ខាត​សុខសន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម បន្ត​រួមគ្នា​អភិវឌ្ឍ និង​ធ្វើ​សុខដុម​នីយ៍កម្ម​គ្រប់​ជំនឿ សាសនា ដើម្បី​សុខសន្តិភាព និង​ការអភិវឌ្ឍ​មូលដ្ឋាន និង​បន្ត​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​ឃុំ សង្កាត់​ឆ្នាំ​២០២២-២០២៧​។​

​ក្នុងឱកាស​នោះ​លោក​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ​គ្រប់រូប​វិស័យ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​សហការគ្នា​រៀបចំ​ផែនការ​សន្តិសុខ សណ្តាប់ធ្នាប់ វិធាន​សុខាភិបាល​នៅតាម​វត្ត​អា​រ៉ា​ម និង​គោលដៅ​ទេសចរណ៍ ដើម្បី​ត្រៀម​ទទួល​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរណ៍​មកពី​ខេត្ត​នានា​ទៅ​កម្សាន្ត​ក្នុង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ខេត្តបន្ទាយមានជ័យ ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃទី​១៤ ដល់​១៦ ខែមេសា ឆ្នាំ​២០២៣​។​

​ក្រៅពីនោះ​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​បន្ត​បញ្ជ្រាប​ការយល់ដឹង​ពី​បញ្ហា​គ្រឿងញៀន​ទាំង​ក្នុង​ទី​វត្ត​អារាម និង​ការ​សម្តែងធម៌​ទេសនា​តាម​ពិធីបុណ្យ​សាសនា​នានា បន្ត​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​៕​