
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិគ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ារ៉ុក និងអេហ្ស៊ីបចាប់ពីដើមសប្តាហ៍ក្រោយ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណង និងកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលមានស្រាប់ រវាងកម្ពុជា ជាមួយបណ្តាប្រទេសទាំងពីរនៅទ្វីបអាហ្វ្រិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី២៤ខែមីនានេះ។
ក្រសួងការបរទេសបានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុននឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែមីនា និងសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោកNasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រម៉ារ៉ុក និងលោកSameh SHOUKRY រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ អារ៉ាប់អេហ្ស៊ីប។
នៅប្រទេសម៉ារ៉ុកលោកឧបនាយករដ្ឋមន្ត្រីគ្រោងនឹងមានជំនួបទ្វេភាគីជាមួយលោកNasser BOURITA ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ម៉ារ៉ុក លើវិស័យផ្សេងៗ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីបារម្ភរួម។
បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រួមមានកិច្ចព្រមព្រៀងស្ដីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍ ធុរកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសអេហ្ស៊ីប លោកឧបនាយករដ្ឋមន្ត្រីក៏នឹងជួបពិភាក្សាការងារជាមួយលោក Sameh SHOUKRY ដើម្បីពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីការវិវត្តនៃស្ថានភាពក្នុងតំបន់ និងអន្តរជាតិសំខាន់ៗ។ នៅប្រទេសអេហ្ស៊ីប ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការសិក្សាការទូត និងកិច្ចការកុងស៊ុល។
ក្រសួងការបរទេសបានបញ្ជាក់ថា៖«គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ារ៉ុក និងអេហ្ស៊ីបនាពេលខាងមុខនេះ គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណង និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដែលមានស្រាប់ រវាងកម្ពុជា ជាមួយបណ្តាប្រទេសទាំងពីរនៅទ្វីបអាហ្វ្រិក»៕