
លោកកែ គឹមយ៉ាន ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ មីនា។ រូបថត អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន
បន្ទាយមានជ័យៈ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានកត់សម្គាល់នូវបញ្ហាប្រឈម ដែលនៅសេសសល់ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះមានការអនុវត្តនូវគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ល។ ដែលអាជ្ញាធរត្រូវខិតខំបន្ដពុះពារអនុវត្តឱ្យបានល្អ នៅក្នុងឆ្នាំ២០២៣នេះ។
បន្ថែមពីនេះលោកបានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវធានាឱ្យបាននូវការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជោគជ័យ។ នេះបើយោងតាមផេកហ្វេសប៊ុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពេលដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមីនា នេះ។
ក្រៅពីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ រស់នៅខេត្តបន្ទាយមានជ័យ ដែលបានសហការចូលរួមថែរក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ហើយធានាបាននូវសុវត្ថិភាពយ៉ាងល្អប្រសើរ លោកកែ គឹមយ៉ាន បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវបន្តរួមគ្នាសាងអំពើល្អ និងបន្តរួមគ្នាដោះស្រាយនូវការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា រហ័ស និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។
បន្ថែមពីនេះ ត្រូវកៀរគរវិនិយោគទុនឱ្យចូលមកវិនិយោគក្នុងខេត្ត ការពារធនធានធម្មជាតិ ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមតំបន់ព្រំដែន៕