ក្រសួង​បរិស្ថាន និង​បណ្តា​ស្ថាប័ន អង្គការ​ដៃគូ បានរៀបចំ «ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី»នៅ​កម្ពុជា​ដែល​ទិវា​នេះ​គឺជា​និមិត្តរូប​នៃ​ការបង្រួប​បង្រួម និង​បាន​អំពាវនាវ​ដល់​ប្រជាជនក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ពិភពលោក​ឱ្យ​អនុវត្ត​សកម្មភាព​វិជ្ជមាន​បន្ថែមទៀត ដើម្បី​ស្តារ​ភពផែនដី​ឡើងវិញ​សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី នឹង​ត្រូវបាន​រៀបចំ​ឡើង​នៅ​វេលាម៉ោង ៨ និង៣០យប់ថ្ងៃ​ទី២៥ ខែមីនា​នេះ ខណៈ​ដែល​មនុស្ស​ប្រមាណ​ជាង ១ ពាន់​នាក់​នឹង​ចូលរួម​បិទ​ភ្លើង​មួយ​ម៉ោងនៅ​FACTORY Phnom Penh ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ តាមបណ្តោយ​ផ្លូវ​ជាតិ ​លេខ​២ រាជធានី​ភ្នំពេញ។

រដ្ឋលេខាធិការ​និង​ជាមន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្រ្តា មាន​ប្រសាសន៍​ថា ក្នុងនាមជា​ប្រជាជន​នៃ​ភពផែនដី យើង​សូម​ឧទ្ទិស​ការដឹង​គុណ​ចំពោះ​ភពផែនដី​ដែល​បានផ្តល់​ខ្យល់​អុកស៊ីសែន​ដល់​យើង​សម្រាប់​ដក​ដង្ហើម ទឹក​និង​អាហារ​សម្រាប់​ទទួល​ទាន ទ្រទ្រង់​ការសាយ​ភាយ​លំអង​រុក្ខ​ជាតិ​ច្រើន​ប្រភេទ ការពារ​មនុស្ស​ជាតិ​ពី​គ្រោះ​ធម្មជាតិ​នានា ព្រមទាំង​ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​ផ្សេង​ទៀត​ចាំបាច់​សម្រាប់​គាំទ្រ​ដល់​ជីវិត​មនុស្ស។

លោក​បន្ត​ថា៖«យើង​ត្រូវ​រួមគ្នា​ធ្វើ​សកម្មភាព​ពេល​នេះ​ជាង​ពេល​ណាៗ​ទាំងអស់ ដើម្បី​តបស្នង​ដល់​ភពផែនដី​វិញ​ក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ​តាមរយៈ​សកម្មភាពផ្សេងៗ រាប់​ចាប់តាំង​ពី​ការកាត់​បន្ថយ​នូវ​ធនធាន​ដែល​យើង​មាន (Reduce) ការប្រើប្រាស់ឡើង​វិញ​ធនធាន​ដែល​យើង​មាន (Reuse) និង​ការកែច្នៃ​ឡើងវិញ​ធនធាន​ដែល​យើង​មាន (Recycle) ក៏ដូចជា​ការមិន​បរិភោគ​សាច់​សត្វព្រៃ មិន​ជាវ​ផលិតផល​ពី​សត្វព្រៃ ដើម្បី​កាត់បន្ថយ​ហេតុ​ប៉ះពាល់​អវិជ្ជមាន​លើ បរិស្ថាន​ធម្មជាតិ រហូត​ដល់​ការរួម​ចំណែក​សកម្មភាព​ធំ ឧទាហរណ៍​ដូចជា​ការវិនិយោគ​លើជម្រើស​ថាមពល​កកើត​ឡើងវិញ ដើម្បី​ចូលរួម​ការពារ​ជីវៈ​ចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី​កម្ពុជា»។

លោក តុប សុភ័ក រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​បានលើក​ឡើង​ថា វិធី​សាស្រ្ត​នៃ​ការអនុវត្ត​ការងារ​តាម​ទម្លាប់​ចាស់​លែង​គ្រប់គ្រាន់​ទៀតហើយ ដូចនេះ​យើង​ទាំងអស់​គ្នា​ត្រូវតែ​ចូលរួម​បង្កើន​សកម្មភាព​បន្ថែមទៀត។

លោក​ថា​៖«សុខភាព​សាធារណៈ សង្គមប្រកប​ដោយ​បរិយាប័ន្ន និង​ការអភិរក្ស​ជីវៈ​ចម្រុះ​សុទ្ធសឹង​ជាធាតុ​ផ្សំ​ដ៏សំខាន់​សម្រាប់​ប្រទេស​កម្ពុជា និង​សង្គម​ជុំវិញ​ពិភពលោក អនុវត្ត​ក្នុងការ​ស្តារ​ភពផែនដី​ឡើងវិញ​ប្រកបដោយ​ភាព​ធន់និង​រឹងមាំ»។ ក្នុងន័យ​នេះ​លោក​ថា ការអនុវត្ត​ស្តង់ដា​នៃ​គោលការណ៍​ទេសចរណ៍ប្រកបដោយ​ការទទួល​ខុសត្រូវ​អាច​ជួយ​ដល់​ប្រតិបត្តិករ​ទេសចរណ៍ និង​សហគមន៍ទេស​ចរណ៍ ក្នុង​ការស្តារ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

លោក សេង ទៀក នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ( WWF) បាន​លើកឡើង​ថា ធម្មជាតិ​គឺ​ជាសម្ព័ន្ធមិត្ត​ដ៏ចាំបាច់​បំផុត​មួយ​របស់​មនុស្ស​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ហេតុ​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​កសាង​អនាគត​មួយ​ប្រកប​ដោយនិរន្តរ​ភាព ព្រោះ​ធម្មជាតិ​និង​ជីវៈ​ចម្រុះ​ជាអ្នក​ទ្រទ្រង់​ជីវិត​មនុស្ស និង​សុខុមាល​ភាព​ក៏ដូចជា​ផ្តល់​អត្ថ​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​សង្គម។

លោកបន្ត​ថា៖ «ការស្តារ​ធម្មជាតិ​និង​ជីវៈ​ចម្រុះ​ឡើងវិញ ជាដំណោះស្រាយ​ឈ្នះឈ្នះ​ដើម្បីសង្គ្រោះ​សុខុមាលភាព​បរិស្ថាន និង​មនុស្ស​ជាតិ »។

នៅក្នុង​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​ឆ្នាំ២០២៣​នេះ គ្រឹះស្ថាន​សាធារណៈ សហគមន៍ វិស័យ​ឯកជន និង​ប្រជាជន​គ្រប់រូប​នៅ​គ្រប់​ទិសទី​ត្រូវបាន​លើក​ទឹកចិត្ត​ឱ្យ​ផ្តល់​ពេលវេលាចំនួន​មួយ​ម៉ោង​សម្រាប់​ភពផែនដី​តាមរយៈ​ការធ្វើ​សកម្មភាព​វិជ្ជមាន ​ទោះ​តិច​ឬ​ច្រើន​ក្តី សកម្មភាព​តូច​ឬ​ធំ​ក្តី ដើម្បី​ស្តារ​ភពផែនដី​ឱ្យ​កាន់តែ​ប្រសើរ​ឡើងវិញ។

ទិវា​មួយ​ម៉ោងសម្រាប់​ភពផែនដី ធ្វើឡើង​ក្រោម​ប្រធានបទ «ឈាន​ទៅមុខ​រួមគ្នា ស្តារ​ផែនដី​ស្រស់​បំព្រងឡើងវិញ» ហើយនេះ​គឺ​ជា​ខួប​ទី១៤ ហើយ ដែល​ប្រទេស​កម្ពុជា​ប្រារព្ធ​ទិវា​មួយ​ម៉ោងសម្រាប់​ភពផែនដី ដែល​ប្រព្រឹត្ត​ឡើង​ដោយ​មាន​ការតាំង​ពិព័រណ៍​សមិទ្ធផល​ការងារ​បរិស្ថាន ផលិតផល​ការងារ​សហគមន៍ វេទិកា​ពិភាក្សា ព្រមទាំង​ការប្រគំ​តន្រ្តី ការសម្តែង​សិល្បៈ សំដៅ​បង្កើន​ការយល់ដឹង​ពី​បរិស្ថាន​ក៏ដូចជា​សម្រាប់​ការកម្សាន្ត​ផងដែរ៕