ភ្នំពេញៈ កងទ័ព​ជើងគោក​កម្ពុជា-ជប៉ុន បានឯកភាពគ្នា​បន្ត​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​ក្នុងកម្រិត​កងទ័ព​ជើងគោក​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត និង​បន្ត​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុងក្រប​ខ័ណ្ឌ​តំបន់ ដើម្បី​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ។

ការឯកភាពគ្នា​នេះធ្វើឡើង​ក្នុង​ជំនួប​តាម​ទូរស័ព្ទ​រវាង​លោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជាមេ​បញ្ជាការ​កងទ័ព​ជើងគោក និង​លោក យុស៊ីដា យុស៊ីហ៊ីដេ (Yoshida Yoshihide) មេបញ្ជាការ​កងស្វ័យ​ការពារ​ជើងគោក​ជប៉ុន កាលពី​រសៀលថ្ងៃ​ទី២៤ ខែមីនា។

ហ្វេសប៊ុក​កងទ័ព​ជើងគោក​កម្ពុជា​បញ្ជាក់​នាថ្ងៃ​ទី២៥ មីនា ថា ក្នុង​ជំនួប​នេះ ភាគី​ទាំង២​បានរំឭក​ឡើងវិញ «ប្រកបដោយ​ការពេញ​ចិត្ត​ចំពោះ​វឌ្ឍនភាព​រីកចម្រើន​គួរទី​មោទនៈ» នៃទំនាក់ទំនង​ក្នុងកម្រិត​កងទ័ព​ជើងគោក​ក្នុង​រយៈកាល​កន្លងមក​នេះ។

ភាគី​ទាំង២​បានចាត់ទុក​ការចុះហត្ថលេខា​លើ​ឯកសារ​លក្ខខណ្ឌ​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ (TOR) កាលពី​ខែមុន រវាង​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំង២​ថា​ជាសមិទ្ធផល​កេរដំណែលរវាង​មេបញ្ជាការ​កងទ័ព​ជើងគោក​ទាំង២ ក្នុង​ការចាប់ផ្តើម​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​តាមរយៈ​យន្តការ​អចិន្ត្រៃយ៍​មួយ​នេះ​សម្រាប់​អ្នកបន្ត​វេន​ខាង​មុខទៀត។

លោក ហ៊ុន ម៉ាណែត ក៏បានថ្លែង​អំណរគុណ​ចំពោះ​លោក Yoshida ដែល​តែងបាន​ផ្តល់តម្លៃ និង​សារៈសំខាន់​ប្រកបដោយ​មនោសញ្ចេតនា​ស្និទ្ធស្នាល ចំពោះ​ចំណង​មិត្តភាព សាមគ្គីភាព និង​ទំនាក់ទំនង​រវាង​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំង២ ជាពិសេស​ការប្តេជ្ញាចិត្ត​របស់​ជប៉ុន​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​វិស័យ​បោសម្អាតមីន ប្រតិបត្តិការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា៖ «សមភាគី​ទាំង២​បាន​ឯកភាពគ្នា​បន្ត​គាំទ្រ និង​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​កម្រិត​កងទ័ព​ជើងគោក ឱ្យ​កាន់តែ​សកម្ម និង​រឹងមាំ​បន្ថែមទៀត តាម​រយៈ​ការប្រឹងប្រែង​យកចិត្ត​ទុកដាក់​អនុវត្ត​ខ្លឹមសារ​នៃTOR ដែលត្រូវ​បាន​ចុះហត្ថលេខា​រួច​ឱ្យ​មានប្រសិទ្ធភាព និង​ប្រសិទ្ធផល​ខ្ពស់ រួម​នឹង​ការបន្ត​គាំទ្រ​គ្នាទៅវិញ​ទៅមក​ក្នុង​ក្របខ័ណ្ឌ​តំបន់ ដើម្បី​លើកកម្ពស់​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ​ប្រកបដោយ​បរិយាប័ន្ន»៕