
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣ នៅរសៀល ថ្ងៃទី២៤ ខែមីនា។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ទៅវិស័យឯកជន រដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីក្រោយៗ សុំកុំធ្វើការដោះដូរវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដែលលោកបានចាត់ទុកកន្លែងនោះថា ជាកូនបង្កើតរបស់លោក។
ការប្រកាសប្រាប់នេះត្រូវបានធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣ នៅរសៀល ថ្ងៃទី២៤ ខែមីនា។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ «ហើយអារឿងកាឌីហ្នឹងណា។ សុំកុំអ្នកណាមកលូកដៃ។ សុំបញ្ជាក់ជាសាធារណៈ។ កន្លងទៅមានប្រហែលជា ២០ក្រុមហ៊ុន បានលើកសំណើ ដើម្បីស្នើសុំ កាឌី យកទៅអភិវឌ្ឍន៍ ហើយគេសុំប្រគល់ដីនៅកន្លែងនេះ កន្លែងនោះ»។
លោកបានបញ្ជាក់បន្តថា៖ «ខ្ញុំបានចង្អុលថា ចាំដល់ថ្ងៃខ្ញុំងាប់សិន ហើយបើអ្នកណាហ៊ាន ដល់ខ្ញុំងាប់ហើយ អ្នកណាយកដី កាឌី យកទៅដោះដូរឱ្យឯកជន ធ្វើនេះ ធ្វើនោះ ខ្ញុំនឹងដាក់បណ្តាសាតាមកាច់កតែម្តង។ កាឌី វាជាកូនបង្កើតរបស់ខ្ញុំ ដែលខ្ញុំបង្កើតវា។ ខ្ញុំហ៊ាននិយាយដូច្នេះ ព្រោះស្អីដែលខ្ញុំមិនស្ថិតក្នុងហេតុការណ៍ទាំងអស់ហ្នឹង....អ៊ីចឹង បានផ្តាំផ្ញើទៅវិស័យឯកជននានា សុំកុំបន្ត ជាមួយនឹងការលើកសំណើយកដី កាឌី។ អត់ទេ»។
លោកនាយករដ្ឋមន្រ្តីក៏បានផ្តាំដល់រដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីកម្ពុជាក្រោយៗទៀតកុំឱ្យមានការដោះដូរដីកាឌី នោះឱ្យសោះ ព្រោះទីនោះជាកេរមរតក ដែលបានបង្កើតបាននូវពូជស្រូវប្រភេទល្អថ្មី។
នៅក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តីក៏បានសាទរពូជស្រូវបង្កាត់ថ្មី ២ ប្រភេទ គឺពូជចំប៉ីស និងពូជកង្រីរបស់ក្រសួង កសិកម្ម។ ពូជទាំង ២ប្រភេទនេះ អាចផ្តល់ទិន្នផលខ្ពស់ដោយប្រើរយៈពេលដាំដុះខ្លីតែប៉ុណ្ណោះ៕