ព្រះសីហនុៈ ការ​អនុវត្ត​គោល​នយោបាយ​ភូមិឃុំ សង្កាត់​មាន​សុវត្ថិភាព ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់ នៃ​ការ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម អាជីវកម្ម​ផ្លូវភេទ និង​ការ​ធ្វើ​អធិការកិច្ច​ហត្ថពលករ​បរទេស នឹង​ត្រូវ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ធ្វើ​ការ​ពិនិត្យ និង​ពិភាក្សា​គ្នា​ ដើម្បី​ដាក់​ឱ្យ​បន្ត​អនុវត្ត​នៅ​ក្នុង​ឆ្នាំ ២០២៣ នេះ​ជា​បន្ត​ទៀត។

បន្ថែមពីនេះ ការ​ផ្តល់​សេវា​រដ្ឋបាល ការ​ដោះស្រាយ​សំណើ សំណូមពរ​របស់​ប្រជាពលរដ្ឋ នៅ​អង្គភាព​ច្រកចេញ​ចូល​តែ​ ១ខេត្ត ក្រុង ស្រុក និង​យន្តការ​ច្រក​ចេញ​ចូល​តែ​ ១ឃុំ សង្កាត់ យន្តការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ យន្តការ​គាំទ្រ​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ការ​គ្រប់គ្រង​កាក​សំណល់​រឹង រាវ និង​អនាម័យ​បរិស្ថាន និង​ការងារ​ទេសចរណ៍ ក៏​នឹង​ត្រូវ​ធ្វើការ​ពិភាក្សា​តាម​ក្រុម​នីមួយៗ ក្នុង​ការ​ប្រមូល​ធាតុចូល​យក​មក​អនុវត្ត​នៅ​ឆ្នាំ​បន្ត​ផងដែរ។

ទាំងនេះ​គឺជា​ការ​លើកឡើង​របស់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី ២៤ មីនា ក្នុង​ពេល​ដែល​លោក​ដឹកនាំ​កិច្ច​ប្រជុំ​ត្រួតពិនិត្យ សម្រាប់​ការ​ត្រៀម​រៀបចំ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៣ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ ២០២៣។ នេះ​បើ​យោង​តាម​ផេក​ហ្វេសប៊ុក រដ្ឋបាល​ខេត្តព្រះសីហនុ។

លោក គួច ចំរើន ថ្លែងទៀតថា ដោយឡែក​នៅ​ឆ្នាំក្រោយ រដ្ឋបាលខេត្ត នឹង​ជ្រើសរើស​យក​ប្រធានបទ​ចំនួន ៤ មាន​ដូចជា ១ ការងារសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ២ ការអភិវឌ្ឍ​មូលដ្ឋាន ៣ ការបម្រើ​សេវាសាធារណៈ និង៤ ការងារសង្គម ហើយ​ចំណុច​ទាំង ៤​នេះ ជាការ​ទាក់ទង​ទៅ​នឹង​ប្រធានបទ​ដែល​រដ្ឋបាល​ខេត្ត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការងារ ​នៅ​ឆ្នាំ ២០២២៣ និង​ឆ្នាំ ២០២៤ ខាង​មុខ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិទ្ធផល​ក្នុង​ការ​បម្រើ​ការងារ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន នៃ​ខេត្ត​ព្រះសីហនុ ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត៕