ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​អាជ្ញាធរ​ផ្តល់​ប័ណ្ណ​ក្រីក្រ​ដល់​ប្រជានេសាទ​នៅ​តំបន់​សត្វផ្សោត ដើម្បី​ធានា​ថា ពួកគាត់​បញ្ឈប់​ការ​បន្ត​ដាក់​មង ដើម្បី​ទប់ស្កាត់​ការ​បន្ត​ងាប់​របស់​សត្វផ្សោត​ត​ទៅ​ទៀត។

ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឆ្នាំ ២០២២ និង​លើក​ទិសដៅ​ឆ្នាំ ២០២៣ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា លោក ហ៊ុន សែន ជំរុញ​ឱ្យ​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​និង​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​អភិរក្ស​ធនធាន​ជលផល​ប្រកប​ដោយ​ចីរភាព ព្រម​ទាំង​ពង្រឹង​ការ​ទប់ស្កាត់​បទល្មើស​ជលផល និង​ការ​អនុវត្ត​ច្បាប់ ដោយ​ពង្រឹង​កិច្ច​សហការ​ល្អ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ផ្តល់​ជម្រើស​មុខរបរ​ដល់​ប្រជានេសាទ។

លោកថ្លែងថា៖ «ចំណុច​នេះ ខ្ញុំ​គួរតែ​រំឭក​ទី១ ខ្ញុំ​ចង់​សុំ​ឱ្យ​ពេល​ដែល​យើង ក្រោយ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ស្លាប់​ហើយ​ថត​បញ្ជូន​មក​ឱ្យ​ខ្ញុំ​នូវ​សត្វ​ផ្សោត​ត្រូវ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​នេះ។ បើ​យើង​គិតតែ​ពី​វិធានការ​រដ្ឋបាល​សុទ្ធ​គឺ​អត់​បាន​គេ។ អ៊ីចឹងទេ យើង​ស្រង់​មើល​យើង​សុំ​ឱ្យ​បងប្អូន​កុំ​ប្រើប្រាស់​មង​នៅ​ក្នុង​តំបន់​ស្នូល​ទាំងនោះ ប៉ុន្តែ​យើង​អាច​ជំនួស​មក​វិញ តើ​ប៉ុន្មាន​គ្រួសារ​ទៅ​ដែល​គាត់​ប្រកប​មុខរបរហ្នឹង។ យើង​ឱ្យ​គាត់​មាន​មុខរបរ​ផ្សេង»។

លោក​នាយក​រដ្ឋ​មន្ត្រី​បន្ត​ថា៖ «បន្ថែម​លើ​នោះ យើង​អាច​លើក​ទឹក​ចិត្ត​ឱ្យ​គាត់​នូវ​ប័ណ្ណ​ក្រីក្រ​ជូន​ពួកគាត់​ដើម្បី​ជំនួស​មក​វិញ​នូវ​ការ​ថែទាំ។ បើមិន​អ៊ីចឹង​ទេ គឺ​គាត់​នៅ​តែ​បន្ត ព្រោះ​គាត់​អត់​មាន​ជម្រើស។ គាត់​អត់​មាន​ប្រាក់​ចំណូល។ បើ​អ៊ីចឹង​ទេ រាជរដ្ឋាភិបាល​មាន​លទ្ធភាព​ដើម្បី​ផ្ដល់ជូន​ថា​ប៉ុន្មាន ដែល​ធ្លាប់​តែ​ដាក់​មង​នោះ»។

លោកថ្លែងថា រាជរដ្ឋាភិបាល​អាច​ផ្តល់​ប័ណ្ណ​ក្រីក្រ​ទៅ​ប្រជានេសាទ ដើម្បី​ធានា​ថា ពួកគាត់​បញ្ឈប់​ការ​បន្ត​ដាក់​មង​នៅ​តំបន់​ដែល​មាន​ផ្សោត។ បើ​មិន​ដូច្នេះ សត្វផ្សោត​នឹង​ងាប់​ផុតពូជ៕