ក្នុងឱកាស​អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៣ របស់​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ កាល​ពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៣ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា ការ​បោះឆ្នោត​សកល​អាណត្តិ​ទី៧ នា​ពេល​ខាង​មុខ ច្បាស់​ណាស់​អាច​នឹង​កើត​មាន​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន ដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់​ការបោះឆ្នោត ដូច្នេះ​សារព័ត៌មាន​ទាំងអស់ ត្រូវ​បង្កើន​ការ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​ប្រភព​ត្រឹមត្រូវ ច្បាស់លាស់ ដើម្បី​ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេល​វេលា។

លោករដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​សង្កត់​ធ្ងន់​ថា៖ «សម្រាប់​ការ​បោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​នា​ពេល​ខាង​មុខ ព័ត៌មាន​ក្លែងក្លាយ នឹង​កើត​មាន​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ក៏​មាន​ប៉ះពាល់​ខ្លះ​ផងដែរ ដល់​ការ​បោះឆ្នោត​នេះ»។

លោក​បាន​បន្ថែម​ថា អ្នក​សារព័ត៌មាន​អាជីព និង​វិជ្ជា​ជីវៈ​ត្រឹមត្រូវ ត្រូវ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ព័ត៌មាន​ក្លែងក្លាយ ហើយ​ដើម្បី​អាច​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ​បាន ទាល់​គ្រប់​អង្គភាព​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​ទាំងអស់ ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដែលមាន​ប្រភព​ច្បាស់លាស់ និង​មាន​ការ​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ត្រឹមត្រូវ មុន​នឹង​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ទៀត​ថា៖ «ព័ត៌មាន​ក្លែងក្លាយ​មាន​ពីរ ឃើញ​ភ្លាម​យក​មក​ផ្សាយ​ភ្លាម តែ​អចេតនា និង​ព័ត៌មាន​ក្លែងក្លាយ​មានចេតនា ដែល​ការ​មាន​ចេតនា​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សង្គម។ ខ្ញុំ​ក៏​សូម​កោតសរសើរ​ពី​ការ​រីកចម្រើន​អ្នក​កាសែត​អាជីព​កម្ពុជាដែរ​នៅ​មួយ​រយៈ​ចុងក្រោយ»។

តែ​យ៉ាង​ណា​ក៏​ដោយ​លោក លោក ខៀវ កាញារីទ្ធ ស្នើឱ្យ​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ ក៏​ដូចជា សមាគម​សារព័ត៌មាន​ដទៃ​ទៀត ដែល​មាន​ប្រមាណ​ជាង ៥០ ស្ថាប័ន​នៅ​កម្ពុជា ត្រូវ​បណ្តុះ​បណ្តាល​សមាជិក​ជា​អ្នកសារព័ត៌មាន ពី​ផលវិបាក​នៃ​ព័ត៌មាន​ក្លែងក្លាយ និង​ជំរុញ​សរសេរ​តែ​ព័ត៌មានពិត ដែល​មាន​ប្រភព​ច្បាស់លាស់ ជាពិសេស នៅ​មុន និង​ក្នុង​ពេល​នៃ​ការ​បោះឆ្នោត​សកល​ខាង​មុខនេះ។

លោក​រដ្ឋមន្រ្តី​បាន​បន្ត​ថា ចំពោះ​ការ​បន្សាប​នូវ​ព័ត៌មាន​ក្លែងក្លាយ​នេះ ត្រូវ​រក​ប្រភព​ពិត ឬ​រក​ប្រភព​គ្រប់​ភាគី​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នោះ ដើម្បី​បកស្រាយ និង​ត្រូវ​ពិនិត្យ​មើល​ផ្ទៀតផ្ទាត់​ឱ្យ​បាន​ហ្មត់ចត់ មុន​នឹង​ផ្សាយ​ព័ត៌មាន​អ្វីមួយ។

លោកថា ៖«ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ឬ​ព័ត៌មាន​ក្លែងក្លាយ​នឹង​អាច​ធ្វើ​ឱ្យ​មាន​ការ​សម្រេច​ចិត្ត​ខុស​លើ​កិច្ចការ​ណាមួយ។ បើ​ព័ត៌មាន​ក្លែងក្លាយ​នោះ មាន​ចរិត​នយោបាយ ញុះញង់ បំបែក​បំបាក់​ថែម​ទៀត​នោះ នឹង​កាន់តែ​ប្រឈម​នឹង​ហានិភ័យ​សង្គម​ខ្ពស់ ដែល​បង្ក​ជា​ភាពចលាចល ភាព​វឹកវរ​ក្នុង​ប្រទេស និង​អាច​ឈាន​ទៅ​កើត​មាន​សង្គ្រាម​ក៏​ថាបាន»៕