សៀមរាបៈ ការចិញ្ចឹម​ឃ្មុំជា​របរ​មួយ​ដែល​ទាម​ទារ​បទ​ពិសោ​ធន៍ ជំនាញ​ខ្ពស់ ​និង​មាន​ផល​វិបាក​ច្រើន ​តែ​របរ​មួយ​នេះ​អាច​ផ្តល់​អត្ថ​ប្រ​យោជន៍​ខ្ពស់​ រួម​ទាំង​អាច​ជួយ​បង្កាត់​ពូជ​ខ្វែង​ដល់​ដំណាំ ​និង​ជួយ​បង្កើន​ទិន្ន​ផល​ដំណាំ​របស់​ប្រជា​កសិករ​ផង​ដែរ​។​

​លោក​សួង ​ណយ ​អាយុ​៥៥​ឆ្នាំ ​ជា​អ្នក​ជំនាញ​កសិកម្ម​១រូប និង​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​១​កន្លែង​ នៅ​តំបន់​អង្គរ​ធំ ខេត្ត​សៀម​រាប បាន​ឱ្យ​ដឹង​ថា ​កាល​ណា​គេ​និយាយ​ពី​រឿង​ឃ្មុំ​គឺ​វា​មាន​ប្រយោ​ជន៍ ​បើ​ទោះបី​របរ​នេះ​ពិបាក ប៉ុន្តែ​ប្រសិន​បើ​គ្មាន​ឃ្មុំ​វិញ ​ការដាំ​ដំណាំ​មិន​សូវ​បាន​ផល​ទេ​។

​លោក​ថា ​ឃ្មុំ​ជួយ​យក​លម្អង​ញី និង​ឈ្មោល​ប៉ះគ្នា​ ដូច្នេះ​ហើយ​ផល​ដែល​ទទួល​បាន​ពី​ឃ្មុំ​មិន​សម្រាប់តែ​យើង​ទេ គឺ​បាន​ទៅ​ដល់​ប្រជាជន​នៅ​ជុំវិញ​កសិ​ដ្ឋាន​ទាំង​មូល​។

​សួង ណ​យ បាន​ប្រាប់​ថា​៖ «​បើ​សួរថា ​ពិបាក​ទេ គឺ​ពិបាក​ មិន​ស្រួល​ទេ ដោយ​សារ​យើង​មិនចេះ​និយាយ​ជា​មួយ​ឃ្មុំ ហើយ​ឃ្មុំ​យើង​ត្រូវ​ការដឹក​វា ដូច​ថា ​ឥឡូវ​នេះ​រដូវ​មាន​រដូវ​ផ្កា​ចំនួន​៤​ ដូចជា​ រដូវ​ផ្កាគ​ យើង​ត្រូវ​ដឹក​ទៅ​កន្លែង​ណា​ដែល​មាន​ដើម​គ ចេញ​ពី​រដូវផ្កាគ ម​ក​ត្រូវ​ទៅ​រដូវ​កៅស៊ូ​ បន្ត​ទៅ​តាង៉ែ​ន ហើយ​បាន​ទៅ​ដល់​រដូវ​ផ្កា​ព្រៃ​»​។​

​លោក សួង ណ​យ បាន​​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​ការដឹក​នេះ​ទៀត​សោត​ ត្រូវ​ដឹក​នា​ពេល​កណ្ដាល​អធ្រាត្រ និង​មិន​អាច​ដឹក​នៅ​ពេល​ថ្ងៃ​បាន​ទេ​។ ជា​ទូទៅ​ឃ្មុំ​ចិញ្ចឹម​ចូល​ក្នុង​ធុង​របស់​វា​នៅ​ម៉ោង​៧​យប់​ ដូច្នេះ​ការដឹក​ជ​ញ្ជូន​ធុង​ឃ្មុំ​នេះ​ត្រូវ​ឱ្យ​ដល់ទី​តាំង​យ៉ា​ងហោច​ណាស់​ម៉ោង​៨ព្រឹក ​ព្រោះ​បើ​ដឹក​ជញ្ជូន​នៅពេល​ថ្ងៃ​ ឃ្មុំ​ទាំង​នោះ​នឹង​ងាប់​អស់​។​

​លើស​ពី​នេះ លោក​ថា ការ​ចំណាយ​សម្រាប់​ចិញ្ចឹម​ឃ្មុំ​ក៏​ច្រើន​គួរ​សម​ ចំណែក​ចំណូល​អាស្រ័យ​ទៅ​លើ​ផ្កា ភ្លៀង និង​កត្តា​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។

​លោក ​សួង ណ​យ បាន​បញ្ជាក់​​ថា​៖ «​ឧទា​ហរណ៍​សម្រាប់​ឃ្មុំ ២០០​ធុង ​យើង​ធ្លាប់​បាន​ដល់៣​តោន ​តែ​ឆ្នាំនេះ​យើង​បានតែ ១​តោន​ ស្មើ​នឹង​៧០០​លីត្រ ហើយ​កត្តា​អាកាស​ធាតុ​ប្តូរ​លឿន​ពេក​ ទាំង​គេ និង​យើង​ជួប​ផលវិបាក​គ្រប់គ្នា​។ ជួន​កាល​ឃ្មុំ​មាន​ជំងឺ ​និង​ឆ្នាំ​ខ្លះ​ម្ចាស់​ចម្ការ​អាច​នឹង​គាត់​បាញ់​ថ្នាំពុល​ក៏​ងាប់​អស់​ពាក់​កណ្តាល​អ៊ីចឹ​ង​ទៅ ឬ​ម្ចាស់​ដំណាំ​ត្រសក់​គាត់​បាញ់​ថ្នាំ​គីមី​ក៏​ងាប់​ទៅ​»​។​

​លោក​បាន​បន្ត​ថា​៖«​និយាយ​រួម ការ​ចិញ្ចឹម​ឃ្មុំមានហា​និភ័យ​ខ្ពស់ ប៉ុន្តែ​បើ​ឱ្យ​បោះ​បង់​ចោល​យើង​អត់​ឈប់​ទេ​ ដោយសារ​យើង​ចង់​ឱ្យ​ការ​ចិញ្ចឹម​ឃ្មុំ​ហ្នឹង​វា​រីក​ដុះ​ដា​ល​កាន់តែ​ធំ​ទៅ​​ការដាំ​ដុះ​ដំណាំ​ហូប​ផ្លែ​របស់​កសិករ​នឹង​កើន»។​

​ក្រៅពី​ផល​វិបាក​ ម្ចាស់​កសិដ្ឋាន​ដែល​មាន​ឈ្មោះ​ថា«​ឃ្មុំ​អង្គរ​»រូបនេះ​ ក៏បាន​​ឱ្យ​ដឹង​ពី​ចំណុច​ពិសេស​នៃ​កា​រចិញ្ចឹម​ឃ្មុំ ដោយ​លោក​បាន​ឱ្យ​ដឹង​ថា ​របរ​នេះ​ត្រូវកា​រ​មនុស្ស​តិច និង​ឆាប់​ទទួល​បាន​ផល​គួរ​សម​។​

​លោក ​សួង ណ​យ បាន​ថ្លែង​ថា ប្រសិន​បើ​កសិករ​ដឹក​ឃ្មុំ​យក​ទៅ​ដាក់​នៅ​កន្លែង​ផ្កាត្រឹម​រយៈ​ពេល ២១​ថ្ងៃ គេ​អាច​យក​ផល​វា​បាន​ហើយ ពោល​គឺ​នៅ​ពេល​ដែល​វា​បិទ​គម្រប​ហើយ​ទឹក​របស់​វា​ឡើង​ក្រហម​បន្តិច​។

​ចំណែក​ឯ​មនុស្ស​មើលថែ​វិញ លោក​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា ការចិញ្ចឹម​ក្នុង​ចំនួន​២០០​ធុង​ ត្រូវការ​មនុស្ស​ត្រឹម​២​នាក់​ប៉ុណ្ណោះ ​ប៉ុន្តែ​ក៏ត្រូវ​មាន​ជំនាញ​ខ្ពស់​គួរ​សម​ផង​ដែរ​។​

​លោក​ សួង ណ​យ បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ចិញ្ចឹម​ឃ្មុំ​ត្រូវ​ស្វែង​យល់​ពីចំណុច​សំខាន់ៗ​មួ​យំ​នួន ក្នុ​ងនោះ​ត្រូវ​ដឹងថា​ ឃ្មុំ​ហ្នឹង​វា​មាន​ជំងឺឬ​អត់​? ត្រូវ​រក្សា​ធុង​ឃ្មុំកុំ​ឱ្យ​មាន​ស្រមោច សង្អារ ​ឬ​សត្វ​ដែល​ស៊ី​វា ពិសេស​សត្វ​ឪម៉ាល់​ ដែល​វា​នឹង​ស៊ី​ឃ្មុំ​។​

​ចំណែក​ចំណុច​សំខាន់​មួយ​ទៀត​គឺត្រូវ​មើល​ថែ​ក្នុង​ធុង​កុំ​ឱ្យ​មាន​មេរោគនិ​ង​ត្រូវ​ឧស្សាហ៍​បោស​សម្អាត ​ប្រសិនបើ​ឃ្មុំ​ខ្សោយ​គឺ​អ្នក​មើល​ថែ​ត្រូវ​រក​ម្សៅ​សណ្ដែក​ឱ្យ​ឃ្មុំ​នោះ​ស៊ីដើម្បី​ឱ្យ​វា​កើត​កូន ​និង​ដើម្បី​ឱ្យ​វា​មាន​ពង​ច្រើន​។

​លោក សួង ណ​យ ​បញ្ជាក់​បន្ថែម​ថា​៖ «​ឧទាហ​រណ៍​ថា​១ខែ​ទៀត យើ​ង​ត្រូវ​ទៅ​ចូល​ចម្ការ​គ ​អ៊ីចឹង​យើង​ត្រូវ​បំប៉ន​​ឱ្យ​វា​ខ្លាំង ឱ្យ​វា​មាន​ច្រើន ​កាល​ណា​ឃ្មុំ​យើង​តិច បឺត​ទឹក​ក៏បាន​តិច​ តែបើ​ឃ្មុំ​យើង​ច្រើន​ កម្មករ​[ឃ្មុំ​]យើង​ច្រើន​ បឺត​ទឹក​ក៏បាន​ច្រើន អ៊ី​ចឹង​ខំ​បំប៉ន​វា​»​។​

​លើស​ពី​នេះ​ម្ចាស់​កសិដ្ឋាន​ដែល​បាន​បង្កើត​កសិ​ដ្ឋាន​ចិញ្ចឹម​ឃ្មុំ​បែប​ស្តង់​ដា​អស់​រយៈពេ​ល​៥​ឆ្នាំ​មកនេះ ក៏​បាន​ផ្ដល់​ដំបូន្មាន​សម្រាប់​អ្នក​ចង់​ចិញ្ចឹម​ឃ្មុំ​ដែរ​ថា បើ​ចង់​ចិញ្ចឹម​ឃ្មុំ អ្នក​នោះ​ត្រូវ​ទៅ​រៀន​ទ្រឹស្តី​ ត្រូវ​ទៅ​កសិដ្ឋាន​ផ្ទាល់​១​ឬ​២​ខែម្តង​។ បើ​ពួក​គាត់​មិន​ឆ្លង​កាត់​ដំណាក់​កាល​ទាំង​នេះ​ទេ ពួក​គាត់​មិន​គួរ​ចិញ្ចឹម​ឃ្មុំ​ឡើយ​៕