មណ្ឌលគិរីៈ ក្រសួងបរិស្ថាន បានបង្ហាញពីការសោកស្ដាយដែលសត្វដំរីព្រៃញី ១ ក្បាលនៅខេត្តមណ្ឌលគិរី ត្រូវបានបាត់បង់ជីវិត ដោយសង្ស័យថា រអិលជើងធ្លាក់ជម្រាលភ្នំបណ្តាលឱ្យងាប់កាលពីថ្ងៃទី ២៤ ខែមីនា។
យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២៥ មីនាបានឱ្យដឹងថា សាកសពដំរីព្រៃញី ១ ក្បាលនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់ នៅជម្រាលភ្នំថ្ម ១ កន្លែងត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង។
បន្ទាប់ពីបប្រជាពលរដ្ឋបានរាយការណ៍ពីករណីដំរីងាប់នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សហការជាមួយកម្លាំងបរិស្ថាន និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ។
សត្វដំរីព្រៃញីនេះ ត្រូវបានក្រុមការងារជំនាញសង្ស័យថា រអិលជើងធ្លាក់ពីជម្រាលភ្នំ ដែលទីតាំងជាក់ស្តែង បានឃើញសាកសពដំរីងាប់នៅជាប់អូរ ដែលមានភិនភាគ ហើមស្អុយ ស្ថានភាពសណ្ឋានដីច្រាំងថ្មចោតខ្លាំង។ ពេលដល់ទីតាំងកើតហេតុ ក្រុមការងារជំនាញបានធ្វើការវាស់វែងសត្វដំរីដែលងាប់នោះគឺមានបណ្តោយ ៤,២ ម៉ែត្រកម្ពស់ ២,៣ ម៉ែត្រទំហំជើងមុខ ០,៧២ ម៉ែត្រ និងជើងក្រោយ ០,៥៨ ម៉ែត្រ។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងទៀតថា ៖ «ក្រោយពីក្រុមការងារមន្ទីរបរិស្ថានបានពិនិត្យ និងធ្វើកោសល្យវិច័យ ជាមួយក្រុមការងារមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងក្រុមបសុពេទ្យរបស់អង្គការ WCS រួមជាមួយអង្គការ WWF បានពិនិត្យឃើញថា ដំរីបានងាប់នោះមិនមានកូននៅក្នុងពោះឡើយ»។
ទាក់ទិនរឿងនេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃទី២៦ មីនាថា ក្រសួងបរិស្ថានមានការសោកស្ដាយជាខ្លាំង ដែលត្រូវបាត់បង់សត្វដំរីព្រៃ១ក្បាលនេះដោយសន្និដ្ឋានថា បានងាប់ដោយសារកត្តាធម្មជាតិ។
លោកបន្តថា អ្វីដែលមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងបន្ត គឺការអនុវត្តនូវផែនការអភិរក្សសត្វដំរី រយៈពេល១០ឆ្នាំទៅមុខទៀត ដែលកម្ពុជាបានដាក់ផែនការ ទាំងការការពារ និងអភិរក្សទីជម្រក ការដោះស្រាយជម្លោះរវាងមនុស្ស និងដំរី ហើយនិងការជំរុញទៅលើការការពារ អភិរក្សនៅតំបន់ដែលជាទីជម្រកសំខាន់ៗ។
ជាពិសេសគឺការដោះអន្ទាក់ពីតំបន់ការពារធនធានធម្មជាតិ ដើម្បីកាត់បន្ថយសម្ពាធទៅលើការរស់នៅរបស់សត្វព្រៃ។
លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា៖ «យើងមានតែការសោកស្ដាយ ចំពោះការបាត់បង់សត្វដំរីនេះហើយបច្ចុប្បន្ននេះ មន្ត្រីជំនាញបាននិងកំពុងតែយកសំណាករបស់សត្វដំរីស្លាប់ហ្នឹង ទៅពិនិត្យមើលឱ្យបានដឹងច្បាស់ថា តើវាបានស្លាប់ដោយសារអ្វី?»។
លោកបន្តថា ៖ «ប៉ុន្តែជាបឋមការពិនិត្យមើលទៅលើជុំវិញសាកសពសត្វដំរីហ្នឹង គឺវាអត់មានរបួសស្នាមនោះទេ ហើយក៏អត់មានការបាញ់ និងក៏អត់មានការជាប់អន្ទាក់ ឬក៏បញ្ហាអីទេ។ អ៊ីចឹងបានជាយើងយកសំណាកហ្នឹងដើម្បីយកទៅពិនិត្យមើល ដើម្បីឱ្យដឹងថា តើការស្លាប់ហ្នឹងដោយសារមូលហេតុអ្វីឱ្យពិតប្រាកដ?»។
បើតាម លោក នេត្រ ភក្ត្រា នៅកម្ពុជា មានសត្វដំរីចន្លោះពីជាង ៤០០ ទៅ៦០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់អភិរក្សធនធានធម្មជាតិ និងតំបន់ដែនជម្រកព្រៃកែវសីមា ដែលជាកន្លែងដំរី១ក្បាលនេះបានងាប់។ ទីនោះជាតំបន់ដែលសម្បូរសត្វដំរី នៅភូមិភាគឦសាន ក្នុងនោះមានខេត្តរតនគិរី មណ្ឌលគិរី ហើយនិងខាងតំបន់ជួរភ្នំក្រវាញ ព្រមទាំងតំបន់ព្រៃឡង់ផងដែរ សុទ្ធតែជាកន្លែងដែលមានដំរីរស់នៅច្រើន៕