
អ្នកចូលរួមក្នុងកម្មវិធី«អំណានឮៗ»កាលពីថ្ងៃទី២៦មីនា។ រូបថត World Vision Cambodia
ភ្នំពេញៈអង្គការទស្សនៈពិភពលោក បានឱ្យដឹងថា សៀវភៅជាង ២ ០០០ ក្បាល និងថវិកាជាង ២ ០០០ ដុល្លារ ទទួលបានពីសាធារណជន ដើម្បីចូលរួមក្នុងយុទ្ធនាការសៀវភៅអាន ១ ម៉ឺន ក្បាល ដើម្បីកុមារកម្ពុជា ខណៈការទទួលការបរិច្ចាគ នឹងនៅតែបន្តរហូតដល់ដាច់ខែកញ្ញា។
យុទ្ធនាការសៀវភៅអាន១ ម៉ឺនក្បាល ដើម្បីកុមារកម្ពុជា ត្រូវបានបង្កើតឡើងដោយអង្គការទស្សនៈពិភពលោក កាលពីឆ្នាំ២០២២ ហើយក្នុងឆ្នាំនេះ អង្គការ បានរៀបចំកម្មវិធី«អំណានឮៗ» ដើម្បីធ្វើការផ្សព្វផ្សាយ និងប្រមូលការចូលរួមពីសាធារណជននៅថ្ងៃទី២៦ មីនា ឆ្នាំ២០២៣ នៅបរិវេណ Coconut Park កោះពេជ្រ ដែលមានសិស្សានុសិស្ស និងអាណាព្យាបាលជាច្រើនបានចូលរួម។
នៅក្នុងកម្មវិធីអំណានឮៗ លោក ឡេង វិរៈ នាយកប្រតិបត្តនៃអង្គការទស្សនៈពិភពលោក បាននិយាយថា ការធ្វើយុទ្ធនាការសៀវភៅអាន១ ម៉ឺន ក្បាល ដើម្បីកុមារកម្ពុជាក្នុងពេលនេះ គឺដើម្បីកៀរគរការចូលរួមពីសាធារណជនក្នុងការរួមចំណែកជួយដល់កុមារកម្ពុជា។
លោក បានបន្តថា ការអាន គឺជាកត្តាសំខាន់ ដើម្បីជួយពង្រឹងសមត្ថភាពកុមារ និងបណ្តុះធនធានមនុស្ស ប៉ុន្តែតាមការចុះដោយផ្ទាល់នៅតាមមូលដ្ឋាន គឺបានសង្កេតឃើញថា កុមារនៅតាមជនបទដាច់ស្រយាលជាច្រើន នៅតែជួបប្រទះនូវការខ្វះសៀវភៅសម្រាប់អាន។
លោក បានបញ្ជាក់ថា៖«យើងគឺជាអង្គការដែលផ្តោតទៅលើអនាគតកុមារ។ យើងចង់ឃើញកុមាររបស់យើង យុវជនរបស់យើង ក្លាយទៅជាអ្នកដឹកនាំ ឬក៏ក្លាយទៅជាប្រជាពលរដ្ឋដែលមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ មានការទទួលខុសត្រូវសម្រាប់គ្រួសារ សម្រាប់សហគមន៍ និងសម្រាប់ជាតិរបស់គាត់។ អ៊ីចឹងខ្ញុំ ពេញចិត្តពាក្យជាច្រើន ដែលយើងបាននិយាយថា ថ្ងៃនេះ យើងអ្នកអាន ថ្ងៃក្រោយ យើងជាអ្នកដឺកនាំ។ ការអានមានសារៈសំខាន់ យើងត្រូវធ្វើការគាំទ្របន្តទៀត»។
តាមការប្រកាសរបស់អង្គការទស្សនៈពិភពលោក គិតត្រឹមថ្ងៃទី២៦ ខែមីនា មានសាធារណជន បានចូលរួមបរិច្ចាគសៀវភៅដោយផ្ទាល់ប្រមាណជាង២ ០០០ ក្បាល និងជាថវិកាប្រមាណ២ ០០០ដុល្លារ ដោយ សាធារណជនអាចបរិច្ចាគសៀវភៅមកកាន់ការិយាល័យរបស់អង្គការទស្សនៈពិភពលោក ដែលស្ថិតនៅផ្ទះលេខ២០ ផ្លូវលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឬបរិច្ចាគថវិកា តាមរយៈគណនីលេខ ABA: 000 880 848 ចាប់ពីពេលនេះ រហូតដល់ខែកញ្ញា ឆ្នាំ២០២៣។
នេះជាលើកទី២ហើយ ដែលអង្គការទស្សនៈពិភពលោក រៀបចំកម្មវិធី «អំណានឮៗ»។ សម្រាប់ឆ្នាំនេះ អង្គការទស្សនៈពិភពលោក មានគោលដៅកៀរគរសៀវភៅឱ្យបានចំនួន ១ម៉ឺនក្បាល ដើម្បីឱ្យកុមារកាន់តែច្រើន ដែលរស់នៅតាមតំបន់ដាច់ស្រយាល មានឱកាសទទួលបានសៀវភៅអាន និងអភិវឌ្ឍបំណិនអានរបស់ខ្លួន។
លោក វ៉ា សុរិន្ទ ប្រធានកម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោក បាននិយាយថា ការអប់រំ ជាវិស័យមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីការបិទខ្ទប់រយៈពេលយូរបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។ លោកបន្តថា ផលប៉ះពាល់នៃការបិទសាលារៀនរយៈពេល១៨ ខែបានធ្វើឱ្យការអប់រំរបស់កុមាររាប់លាននាក់ត្រូវប្រឈមនឹងហានិភ័យកាន់តែខ្ពស់ ហើយក្រសួងអប់រំ កាលពីចុងឆ្នាំ២០២១ បានរកឃើញថា កុមារសិក្សាថ្នាក់ទី៦ ដែលអាចអានបានមានត្រឹម៤៥% ចំណែក៥៥% ទៀតមិនមានសមត្ថភាពអានដោយសារកត្ដាជីវភាពនិងភូមិសាស្ដ្រ។
លោក បានបញ្ជាក់ថា៖«ការវិនិយោគលើការអានជាពិសេសសម្រាប់កុមារពិតជាមានសារៈសំខាន់ណាស់។ សៀវភៅជាឃ្លាំងផ្ទេរចំណេះដ៏សំខាន់បំផុតមួយសម្រាប់សិស្សានុសិស្សសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីមុខវិជ្ជាផ្សេងៗ តាំងពីវប្បធម៌ និងមុខវិជ្ជាវិទ្យាសាស្ត្រផ្សេងទៀត»។
លោក ច័ន្ទ បេត្តា អនុប្រធានសហគមន៍នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ ដែលជាស្ថាប័នស្ម័គ្រចិត្ត ចូលរួមគាំទ្រដល់យុទ្ធនាការនេះ បាននិយាយថា វប្បធម៌អាននៅកម្ពុជា ថ្វីដ្បិតមានភាពល្អប្រសើរជាងមុន ក៏ប៉ុន្តែនៅមានកម្រិតនៅឡើយ ជាពិសេសនៅក្នុងចំណោមកុមារតូចៗនៅតំបន់ដាច់ស្រយាល។
លោក បេត្តា និយាយដូច្នេះ៖ «ការអាននៅកម្ពុជាជាពិសេសនៅក្នុងចំណោមកុមារតូចៗនៅតំបន់ដាច់ស្រយាលមានទម្លាប់តិចតួច ឬកុមារខ្លះ មិនមានទម្លាប់អានសៀវភៅនោះទេ ដោយសារតែកត្តាមួយចំនួន ដូចជា កត្តាធនធាន កង្វះទម្លាប់អានសៀវភៅ និងកត្តាមជ្ឈដ្ឋានជុំវិញ ជាដើម។ ដូច្នេះហើយយើងជឿជាក់ថា ការបរិច្ចាគរបស់សាធារណជនពិតជាមានសារៈសំខាន់សម្រាប់សាលារៀន ដែលកំពុងខ្វះខាតសៀវភៅអានសម្ភារសិក្សាសម្ភារបណ្ណាល័យ ឬបណ្ណាល័យសម្រាប់សិស្សានុសិស្សស្រាវជ្រាវបន្ថែមជំរុញអក្ខរកម្មនិងអំណានរបស់កុមារកម្ពុជា»។
ក្នុងយុទ្ធនាការសៀវភៅ១ម៉ឺនក្បាល កាលពីឆ្នាំ២០២២ កន្លងទៅ អង្គការទស្សនៈពិភពលោក បានទទួលបានថវិកាចំនួនជាង២ ៤០០ ដុល្លារ និងសៀវភៅអានចំនួនជាង ៥០០ ក្បាល ហើយក៏បានប្រគល់ជូនជំរំអំណាន និងសាលារៀនគោលដៅ ដែលស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកស្រី មាស សិរី អ្នកសម្របសម្រួលស្ម័គ្រចិត្តនៅជំរំអំណាន ស្ថិតនៅឃុំកន្ទួត ដែលទទួលបានការបរិច្ចាគពីកម្មវិធី«អំណានឮៗ» និយាយថា ជំរំអំណាននៅទីនេះ មានកុមារចន្លោះពី៣០ ទៅ៤០ នាក់ មកអានសៀវភៅជុំគ្នា បន្ទាប់ពីទំនេរពីការសិក្សា នៅថ្ងៃចុងសប្តាហ៍។ ជំរំអំណាន មិនត្រឹមតែជួយអភិវឌ្ឍបំណិនអំណានរបស់កុមារប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យពួកគេបង្កើនមិត្តភាព និងសាមគ្គីភាពផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកសម្របសម្រួលស្ម័គ្រចិត្តរូបនេះ បានបញ្ជាក់ថា៖ «សៀវភៅដែលមាននៅក្នុងជំរំមានចំនួនតិច ហើយមិនទាន់ឆ្លើយតបតម្រូវការរបស់កុមារនៅឡើយទេ។ ដូច្នេះពួកយើងសង្ឃឹមថា សាធារណជន នឹងចូលរួមបន្តទៀតជាមួយអង្គការទស្សនៈពិភពលោក តាមរយៈការបរិច្ចាគថវិកា ឬសៀវភៅ ដើម្បីជាផ្នែកមួយជួយដល់កុមារដែលកំពុងជួបភាពខ្វះខាត»៕