​ភ្នំពេញៈ បន្ទាប់ពី​ប្រជាពលរដ្ឋ​ត្អូញត្អែរ​អំពី​ការខ្វះ​ទឹក​ប្រើប្រាស់ ដោយ​គ្មាន​ទឹក​ក្នុង​បណ្ដាញ​ផ្គត់​​ផ្គង់ ក្រុមការងារ​រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ​ដែនដី កំពុង​សហការ​ជាមួយ​អង្គភាព​ពន្លត់​អគ្គិភ័យ ដើម្បី​ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ទឹក​ប្រើប្រាស់ ក្នុង​តំបន់​ជាយ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។

​អ្នកស្រី ពេជ្រ ច​ន្ធី អាយុ ​៣៩ ឆ្នាំ មាន​ទីលំនៅ​ក្បែរ​ផ្សារ​ពិភពថ្មី​ឈូក​វ៉ា ​១ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា អ្នកស្រី​ពិតជា​ពិបាក​ក្នុងការ​រស់​នៅ​ដោយសារ​មិនមាន​ទឹក​គ្រប់​គ្រាន់​ប្រើប្រាស់​រយៈពេល​ជិត​ ១​ ខែ​ហើយ​។​

​អ្នកស្រី​បាន​ចំណាយ​ប្រាក់​ទិញ​ទឹក​គេ​បន្ថែម ដើម្បី​យកមកប្រើ​ប្រាស់ ប៉ុន្តែ​វា​មានតម្លៃ​ថ្លៃ រហូតដល់​អ្នកស្រី​មិនអាច​បន្ត​ទិញ​បាន​។​

​អ្នកស្រី​ថ្លែងថា​៖ «​កាលពី​ឆ្នាំ​មុន ក្នុងអំឡុង​ខែ​ ៣ [​ខែមីនា​] ហ្នឹង​ដែរ គឺ​ទឹក​នៅ​ចេញ​ប្រើ​បាន​គ្រប់គ្រាន់​តាម​ផ្ទះ គឺ​វា​អត់​មាន​បញ្ហា​អ្វី​ទេ​។ ប៉ុន្តែ​ដល់​ឆ្នាំ​នេះ​គឺ​គ្រប់​ផ្ទះ​អត់​មានទឹក​ចេញ​សោះ រហូតដល់​ម៉ោង​ ១ ម៉ោង​ ២ ​យប់​ទើប​មាន​តិចៗ គឺ​វា​ពិបាក​ណាស់​»​។

​ជុំវិញ​ករណីនេះ លោក​ សោម សុវណ្ណ ប្រធាន​នាយកដ្ឋាន​អា​ជីវ​កម្ម​នៃ​រដ្ឋាករទឹក​ស្វយ័ត​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី​ ២៦ មីនា​ថា នៅពេលនេះ​ក្រុមការងារ​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដឹក​ទឹកស្អាត​ចែកជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​កំពុង​ជួប​ប្រឈម​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។

​លោក​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ន យើង​ផលិត​ទឹកស្អាត​បាន​ត្រឹម​​តែ​ ៦៤ ​ម៉ឺន​ម៉ែត្រគុប​ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ ខណៈ​តម្រូវការ​ទឹក​ប្រើ​ប្រាស់​មាន​ដល់​ ៨៩​ ម៉ឺន​ម៉ែត្រគុប​ ក្នុង​ ១ ​ថ្ងៃ​។ ប៉ុន្តែ​បញ្ហា​នេះ​យើង​កំពុង​តែមាន​ដំណោះស្រាយ​ជា​បណ្ដើរៗ​ហើយ តាមរយៈ​កិច្ច​រួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អង្គភាព​ពាក់ព័ន្ធ ចុះ​អន្តរាគមន៍​ដឹក​ទឹក ចែកជូន​ប្រជាពលរដ្ឋ​នៅតាម​តំបន់​គោល​ដៅ​ដោយ​ឥតគិតថ្លៃ​»​។​

​បើតាម​លោក ​សុវណ្ណ ការដឹក​ទឹក​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​ក្នុង​តំបន់​ដែល​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​នេះ​នឹង​បន្ត​រហូតដល់​ដើមរដូវ​វស្សា​ខាងមុខ​។

​ជាមួយគ្នានេះ លោក​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជួយផ្ដល់​ទិន្នន័យ​អំពី​ភូមិសាស្ត្រ និង​ចំនួន​គ្រួសារ​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ឱ្យបាន​ច្បាស់លាស់​ដើម្បី​សម្រួល​ដល់​ក្រុមការងារ​អន្តរាគមន៍​ដឹកជញ្ជូន​ទឹក​ទៅ​ផ្គត់ផ្គង់​ដល់ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ទឹក ប្រើប្រាស់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​ខណៈ​នេះ​យើងទាំងអស់គ្នា ត្រូវ​ចូលរួម​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ដោយ​កាត់បន្ថយ​ការប្រើប្រាស់​ទៅលើ​កិច្ច​ការដែល​មិនចាំបាច់ ជា​បណ្ដោះអាសន្ន ដើម្បី​យក​ទឹក​នោះ​ទៅ​ផ្គត់ផ្គង់​ដល់​អ្នក​ដែល​ខ្វះខាត​»​។

​នៅ​ថ្ងៃទី ​២៦ ​មីនា ​ក្រុមការងារ​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​​ជ័យ​បាន​សហការ​ជាមួយ​អង្គ​ភាព​ពន្លត់​អគ្គិភ័យ​ចុះ​អន្តរា​គម​ន៍​ដឹក​ទឹក​ចែកជូន​ដល់​ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ​នៅក្នុង​សង្កាត់​សំរោងក្រោម និង​ដាក់​តាម​សាលារៀន​មួយចំនួន​ផង​ដែរ​។ ចំណែក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ខណ្ឌ​ច្បារ​​អំពៅ ខណ្ឌមានជ័យ និង ខណ្ឌឫស្សីកែវ ក៏​បាននិងកំពុង​បន្ត​ដឹក​ទឹកស្អាត​ចែកជូន ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក ក្នុង​មូលដ្ឋាន​របស់ខ្លួន​ផងដែរ​។​

​លោក ធឹ​ម សំអាន អភិបាលខណ្ឌ​ព្រែក​ព្នៅ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ប្រជាពលរដ្ឋ នៅក្នុង​មូល​​ដ្ឋា​ន​សង្កាត់​គោក​រកា សង្កាត់​ព​ន្សាំ​ង និង​សង្កាត់​ពញា​ពន់ មាន​បញ្ហា​ខ្វះខាត​ទឹកស្អាត​ប្រើ​​ប្រាស់​តាំងពី​ចុងខែ​កុម្ភៈ​មក​ម្ល៉េះ ហើយ​អាជ្ញាធរ​ក៏បាន​ដឹក​ទឹក​ទៅ​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​របស់​ពួកគាត់​ដោយផ្ទាល់​និង​ដោយ​មិន​គិតថ្លៃ​ផង​ដែរ​។ លោក​បញ្ជាក់ថា​៖ «​ទឹក​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ដូច្នេះ​យើង​ចាំបាច់​អន្តរាគមន៍​ដឹក​ទឹក​ចែកជូន​ដល់​ពលរដ្ឋ​របស់​យើង​ដែល​ខ្វះខាត​ទឹក ដើម្បី​ទទួលបាន​ទឹក​ប្រើប្រាស់​ទាំង​អស់​គ្នា​»​។​

​ចំណែក​លោក គុយ គឹម​ហ៊ាង នាយករង​រដ្ឋបាល​សាលាខណ្ឌ​ច្បារអំពៅ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា នៅក្នុង​រដូវក្ដៅ​នេះ ការផ្គត់ផ្គង់​ទឹក​របស់​រដ្ឋាករទឹក​មាន​ភាពរអាក់រអួល ជាពិសេស​នៅពេល​ថ្មីៗ​នេះ​ខាង​រដ្ឋាករទឹក​បានរៀបចំ​ដំណើរ​ការតភ្ជាប់​បណ្ដាញ​ទឹក​ថ្មី បានធ្វើឱ្យ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ក្នុង​មូលដ្ឋាន​សង្កាត់​ក្បាលកោះ ជួប​ប្រឈម​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​។​

​លោក​ថ្លែងថា​៖ «​ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ក្នុង​មូលដ្ឋាន រដ្ឋបាល​ខណ្ឌ​យើង​បាន​សហការ​ជាមួយ​អង្គភាព​កង​ពន្លត់​អគ្គិភ័យ​យក​ឡាន​ពន្លត់​អគ្គិភ័យ ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ជា​បណ្ដោះអាសន្ន​»​។​

​យ៉ាងណាក៏ដោយ ចាប់​ដើមខែ​ឧសភា ឆ្នាំ ​២០២៣ រោង​​ចក្រ​ផលិត​ទឹកស្អាត​ថ្មី​នឹង​ផលិត​ចែកចាយ​ទឹកស្អាត​បាន​ក្នុង​បរិមាណ ២០​ម៉ឺន​ម៉ែត្រគុប​ក្នុង ​១​ ថ្ងៃ បន្ថែម​លើ​សមត្ថភាព​ផលិត​បច្ចុប្បន្ន ៦៤ ​ម៉ឺន ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ហើយ​នៅ​ដើមឆ្នាំ​ ២០២៤ រដ្ឋាករទឹក​ស្វយ័ត​រាជធានី នឹង​អាច​ផលិត​ទឹកស្អាត​បាន ២០​ ម៉ឺន​ម៉ែត្រគុប​ក្នុង​ ១​ ថ្ងៃ​បន្ថែមទៀត ដែល​ធ្វើឱ្យ​សមត្ថភាព​ផលិត​សរុប​កើន​រហូតដល់​ជាង​ ១ ​លាន ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ ធៀប​នឹង​ការ​ព្យាករ​តម្រូវការ​ទឹក​ដែលមាន​ប្រមាណ ៩០​ ម៉ឺន​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​។ មានន័យថា «​ចាប់ពី​ដើមឆ្នាំ​ ២០២៤​ តទៅ អតិថិជន​រស់នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ទាំងអស់​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​»​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋាករ​ស្វយ័ត​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ​២៣ មីនា ឆ្នាំ​ ២០២៣៕