
អ្នកគ្រូលើកផ្លាកសញ្ញាចរាចរណ៍ពន្យល់ប្រាប់សិស្សនៅក្នុងថ្នាក់រៀននៅខេត្តកំពត កាលពីថ្ងៃទី២៥ មីនា។ រូបថត AIP Foundation
កំពតៈស្ថាប័នរដ្ឋាភិបាល និងអង្គការដែលធ្វើការពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំកម្មវិធីផ្តល់អំណោយ មួកសុវត្ថិភាពដល់សិស្សានុសិស្សនៅវិទ្យាល័យមួយនៅក្នុងខេត្តកំពត ដើម្បីបញ្ជ្រាបការយល់ដឹងផ្នែកសុវត្ថិភាព ចរាចរណ៍ផ្លូវគោកនៅក្នុងសាលា សំដៅរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
ពិធីនេះបានផ្តល់អំណោយមួកសុវត្ថិភាពដល់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន ត្រសេកកោងចំនួន ៦១២នាក់ ស្ថិតក្នុងខេត្តកំពត កាលពីថ្ងៃទី២៥ ខែមីនា ដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ស្ថាប័នរដ្ឋាភិបាល អង្គការដៃគូ គណៈអភិបាលខេត្តកំពត មន្ទីរ អង្គភាពជុំវិញខេត្ត វិស័យឯកជន សិស្សានុសិស្ស និងអាណាព្យាបាលសិស្សសរុប ៨០០នាក់។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី មឹន មាណវី ដែល ជាអធិបតីក្នុងកម្មវិធីនោះបានប្រាប់ថា ការផ្តល់អំណោយមួកសុវត្ថិភាពដល់សិស្សានុសិស្សនេះ គឺជាផ្នែកដ៏សំខាន់មួយនៃកម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍ដើម្បីបញ្ជ្រាបការយល់ដឹងផ្នែកសុវត្ថិភាពចរាចណ៍ដល់សិស្សានុសិស្ស។
លោកស្រីថ្លែងថា៖«យើងចង់ឱ្យសិស្សានុសិស្សយល់ដឹងកាន់តែច្រើនពីសុវត្ថិភាពចរាចរណ៍ ត្រូវផ្តើមចេញពីពួកគាត់ បន្ទាប់មកគាត់អាចបញ្ជ្រាបការយល់ដឹងនេះទៅកាន់ក្រុមគ្រួសារ ឪពុកម្តាយ ព្រោះគាត់ជាទំពាំងស្នងឫស្សី ជាធនធានមនុស្សរបស់ប្រទេសជាតិយើង»។
នៅក្នុងពិធីនោះដែរលោក គឹម បញ្ញា នាយកអង្គការមូលនិធិ បង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា បានថ្លែងដោយអំពាវនាវ និងលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ និងអត្រាស្លាប់បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។
លោកបានស្នើលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងមាតាបិតាសិស្សបង្កើនការអប់រំផ្សព្វផ្សាយ និងពង្រឹងការអនុវត្តនូវឥរិយាបថប្រកបដោយសុវត្ថិភាពពេលធ្វើដំណើររបស់សិស្សានុសិស្ស ហើយឪពុកម្តាយ សូមធ្វើជាគំរូដ៏ល្អសម្រាប់សិស្សានុសិស្ស និងកូនៗរបស់ខ្លួន តាមរយៈការពាក់មួកសុវត្ថិភាពគ្រប់វេលាធ្វើដំណើរ មិនថាជិះជិត ឬជិះយឺត។
លោកបញ្ញា ក៏បានស្នើឱ្យក្រសួងអប់រំ បង្កើនចំនួនម៉ោងសម្រាប់ការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងសូមកំណត់ការពាក់មួកសុវត្ថិភាពទៅជាផ្នែកមួយនៃបទបញ្ជាផ្ទៃក្នុង សម្រាប់សិស្សពេលធ្វើដំណើរមកសាលារៀន ព្រោះច្បាប់បានកំណត់ហើយថា កុមារមានអាយុចាប់ពី៣ឆ្នាំ ហើយធ្វើដំណើរតាមម៉ូតូ (មកសាលារៀន) ត្រូវតែពាក់មួកសុវត្ថិភាព។
បន្ថែមពីនេះលោកស្នើឱ្យសប្បុរសជន និងវិស័យឯកជនទាំងក្នុងខេត្តកំពត និងក្នុង-ក្រៅប្រទេស បន្តចូលរួមគ្នាក្នុងយុទ្ធនាការបង្កើនសុវត្ថិភាពចរាចរណ៍ និងការពាក់មួកសុវត្ថិភាពដល់កុមារ ដែលជាអនាគតរបស់ប្រទេសជាតិ ជាពិសេសក្រុមហ៊ុនលក់ម៉ូតូ ក្រុមហ៊ុនផ្តល់កម្ចីឥណទាន គួរផ្តល់មួកសុវត្ថិភាពចំនួន២ ដោយឥតគិតថ្លៃ ឬបញ្ចូលក្នុងតម្លៃម៉ូតូ (ក្នុងនោះគួរមានមួកសុវត្ថិភាព១ សម្រាប់កុមារ) និងផ្តល់ការបណ្តុះបណ្តាលអំពីបច្ចេកទេសក្នុងការបើកបរម៉ូតូជាដើម។
ក្នុងរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) រកឃើញថា មូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់ គឺការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែង ការមិនប្រកាន់ស្ដាំ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ដែលសុទ្ធសឹងបង្កឡើងដោយកត្តាអ្នកបើកបរ យានយន្តមួយចំនួនមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខ្វះការប្រុងប្រយ័ត្ន ឬខ្វះការយោគយល់អធ្យាស្រ័យ។
ដោយសាររាជរដ្ឋាភិបាលពិនិត្យឃើញពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានយ៉ាងច្រើននៅក្នុងឱកាស បុណ្យប្រពៃណីជាតិធំៗ ជាពិសេសបុណ្យចូលឆ្នាំខ្មែរ ទើបរាជរដ្ឋាភិបាល បានកំណត់ និងជំរុញលើកទឹកចិត្តឱ្យ គ.ស.ច.គ. យកកាលបរិច្ឆេទពីថ្ងៃទី៧ ដល់ ថ្ងៃទី១៤ ខែ មេសា ជារៀងរាល់ឆ្នាំក្នុងការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីក្រើនរំឭក ពញាក់អារម្មណ៍ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់គោរពច្បាប់ និងមានសីលធម៌ យោគយល់អធ្យាស្រ័យគ្នា នៅគ្រប់ពេលធ្វើដំណើរលើដងផ្លូវ៕