
លោក សេង សុមុនី ថ្លែងក្នុងពិធីប្រារព្ធទិវាអន្តរជំនឿសាសនាពិភពលោកលើកទី១៣ នៅខេត្តកោះកុង កាលពីថ្ងៃទី ២៣ ខែមីនា។ រូបថត រដ្ឋបាលខេត្តកោះកុង
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងធម្មការ និងសាសនាបានលើកឡើងថា កិច្ចការពារបរិស្ថាន និងទេសចរណ៍សាសនាជាកិច្ចការសំខាន់ក្នុងការចូលរួម ការថែរក្សាសន្តិភាព ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម វប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានថ្លែងដូចនេះក្នុងពិធីប្រារព្ធទិវាអន្តរជំនឿសាសនាពិភពលោកលើកទី១៣ ក្រោមប្រធានបទ «កិច្ចការពារបរិស្ថាន និងទេសចរណ៍សាសនា» នៅខេត្តកោះកុង កាលពីថ្ងៃទី ២៣ ខែមីនា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃសាសនាទាំង ៣ ប្រចាំខេត្តកោះកុង។
ទិវានេះធ្វើឡើងដើម្បីផ្សព្វផ្សាយទិវាអង្គការសហប្រជាជាតិស្តីពីសប្តាហ៍សុខដុមនីយកម្មអន្តរជំនឿសាសនា ពិភពលោកលើកទី ១៣ នៅកម្ពុជា គាំទ្រផែនការយុទ្ធសាស្ត្រ និងកម្មវិធីសុខដុមនីយកម្មសាសនារបស់ក្រសួងធម្មការ និងសាសនា។
លោក សេង សុមុនី បានថ្លែងថា៖ «កិច្ចការពារបរិស្ថាន និងទេសចរណ៍សាសនាគឺជាកិច្ចការសំខាន់ក្នុងការចូលរួម ការថែរក្សាសន្តិភាព ហើយការបង្កើតឱ្យមានអារាមបរិស្ថានគឺដើម្បីជាផលប្រយោជន៍សម្រាប់អារាមគ្រប់ជំនឿសាសនា និងសហគមន៍ជុំវិញ»។
នាឱកាសនោះ លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុងបានឱ្យដឹងថា នៅទូទាំងខេត្តកោះកុងបច្ចុប្បន្នមានវត្តសរុបចំនួន ៥៤ វត្តដែលមានព្រះសង្ឃសរុប ៤៥៨ អង្គ មានព្រះវិហារ និងស៊ូរ៉ាវនៃសាសនាអ៊ិស្លាមចំនួន ១៧ ហើយចំពោះសាសនាគ្រិស្តមានវិហារចំនួន ៧ និងសា្នក់ការថ្វាយបង្គំចំនួន ១៤ ព្រមទាំងមានស្នាក់ការថ្វាយបង្គំសាសនាបាហៃ ១ កន្លែងនៅស្រុកស្រែអំបិល។
លោកស្រីបានថ្លែងថា ៖ «គ្រប់បណ្តាសាសនានៅទូទាំងខេត្ត រួមគ្នារក្សាបាននូវសុខដុមនីយកម្ម ដោយគោរពគោលជំនឿរៀងៗខ្លួន ជួយគ្នាទៅវិញទៅមកតាមវប្បធម៌ចែករំលែកក្នុងស្មារតីមនុស្សធម៌ និងសហការបានយ៉ាងល្អជាមួយអាជ្ញាធរក្នុងការរួមចំណែកកសាងសមិទ្ធផលសង្គមនានា ទៅតាមលទ្ធភាពដូចជា សាលារៀន ផ្លូវ អគារមណ្ឌលសុខភាពជាដើម»។
លោកស្រី ឈី វ៉ា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំទិវាស្តីពីសុខដុមនីយកម្មអន្តរជំនឿសាសនាពិភពលោកលើកទី ១៣ និងបានគ្រាំទ្រដោយស្មោះចំពោះប្រធានបទ «កិច្ចការពារបរិស្ថាន និងទេសចរណ៍សាសនា» ដ៏មានសារៈសំខាន់នេះផងដែរ៕